ល្បែងលាក់ធ្យូងជាល្បែងមួយសម្រាប់លេងកម្សាន្តផង និងសម្រាប់ហាត់មើលអាការៈទឹកមុខរបស់មនុស្សផង។ ល្បែងនេះត្រូវបានចាត់ជាល្បែងដែលសក្ដិសមសម្រាប់ការងារជាអ្នកស៊ើបអង្កេត ឬតុលាការ។

ល្បែងមួយនេះជាល្បែងកម្សាន្តសម្រាប់ក្មេងប្រុស ក្មេងស្រីជំទង់លេងកម្សាន្តនៅពេលទំនេរ។ ភាគច្រើនគេលេងនៅពេលថ្ងៃ ក្រោមម្លប់ឈើ ឬទីវាលដែលមានមេឃត្រជាក់ក៏បាន។ ជាធម្មតាល្បែងប្រភេទនេះគេលេងចាប់ពីគ្នា ៥ នាក់ឡើងទៅ។
សម្រាប់ការលេង គេឱ្យមនុស្ស ២ នាក់អង្គុយសណ្ដូកជើងទាំង ២ ទន្ទឹមគ្នា ដោយក្ដាប់ឬក្ដោបបាតដៃទាំង២ដាក់លើជង្គង់ទាំង២។ បន្ទាប់មក ឱ្យក្មេងម្នាក់ក្នុងចំណោមក្មេងៗដែលជាសមាជិកលេងដ៏ទៃទៀតកាន់ធ្យូងរឹង ១ ដុំតូចល្មម ឬក្រួសក៏បានដាក់ក្នុងដៃអ្នកដែលអង្គុយក្ដោបដៃដាក់លើជង្គង់ផ្អឹបលៗ ដូចជាបម្រុងដាក់ក្នុងបាតដៃអ្នកទាំងនោះ រួចសឹមយកធ្យូងនោះដាក់ក្នុងបាតដៃអ្នកណាមួយយ៉ាងរហ័ស ហើយឱ្យម្នាក់ទៀតចាំទាយ។
កាលណាដាក់ធ្យូងរួចរាល់ហើយ សមាជិកផ្សេងទៀតចាប់ផ្ដើមទាយ បើទាយត្រូវនឹងក្លាយជាអ្នកឈ្នះហើយមានសិទ្ធិលាក់ធ្យូងម្ដង។ ឯក្មេងត្រូវគេលាក់ធ្យូងក្នុងដៃរួចហើយក្រោកទៅចាំទាយធ្យូងវិញ។ ក្មេងដែលកាន់ធ្យូងពីគ្រាមុនមកអង្គុយសណ្ដូកជើងហើយឱ្យគេលាក់វិញម្ដង។ តែបើទាយមិនត្រូវអ្នកដែលលាក់ធ្យូងត្រូវកាន់ធ្យូងលាក់តទៅទៀត។ គេលេងរបៀបនេះរហូតដល់ពេលឈប់លេង៕
ប្រភព ៖ ក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ






















































Account
Security
Favourite Content