ល្បែងរាវបង្កង ជាល្បែងកម្សាន្តមួយប្រភេទរបស់ខ្មែរសម្រាប់កុមារប្រុសស្រីតូចៗ ឬវ័យជំទង់ លេងកម្សាន្តសប្បាយ ដែលភាគច្រើនគេលេងនៅពេលរាត្រីខែភ្លឺ ឬក៏ពេលថ្ងៃ រីឯចំនួនអ្នកលេងមិនកំណត់នោះទេ។

មុនលេងគេបបួលគ្នីគ្នាមកជួបជុំឱ្យបានច្រើន។ សម្រាប់ការលេង គេជ្រើសយកមនុស្សចំនួន ២ នាក់ បន្ទាប់មកយកក្រមាឬកន្សែងចង់ខ្ទប់ភ្នែក រួចសឹមលែងអ្នកទាំង ២ ឱ្យដើររាវរកចាប់គ្នា។ ក្នុងចំណោមអ្នកទាំង ២ ម្នាក់កាន់បំពង់ឫស្សី ឬត្រឡោកដូងក៏បាន ដើរគោះត្រង់នេះ ១ ប៉ូក ត្រង់នោះ ១ ប៉ូក ពេលដែលគោះហើយ អ្នកគោះនោះ ត្រូវគេចខ្លួនឱ្យរហ័សកុំឱ្យឭស្នូរជើង។
ចំណែកម្នាក់ទៀត ជាអ្នករាវរកចាប់អ្នកគោះបំពង់ឫស្សី ឬត្រឡោកដូងនោះ កាលឭស្នូរគោះត្រង់ណា អ្នករាវក៏ស្ទុះទៅស្រវាឱប ដោយការប៉ាន់ស្មាន ស្រេចតែកលល្បិចរបស់ខ្លួនយ៉ាងណាឱ្យតែចាប់អ្នកគោះបាន។ បើអ្នកដែលរាវប៉ិនស្ដាប់ស្នូរជើងដើរ គេក៏ស្ទុះទៅអោបស្មានៗ ត្រង់កន្លែងស្នូរជើងនោះ ជួនក៏រាវចាប់បាន ជួនក៏មិនបាន។ បើកាលណាអ្នករាវរកចាប់មិនបាន គេចាត់ទុកអ្នកគោះត្រឡោកជាអ្នកឈ្នះ តែបើអ្នករាវចាប់បានគេឱ្យអ្នករាវធ្វើជាអ្នកគោះត្រឡោកវិញម្ដង គេលេងរបៀបនេះរហូតដល់ពេលឈប់លេង ឯអ្នកណាជាអ្នកគោះត្រឡោកមុន ឬជាអ្នករាវរកមុននោះ ពុំកំណត់ទេ ស្រេចលើការព្រមព្រៀងគ្នា។
គួរបញ្ជាក់ដែរថា ល្បែងនេះជាការហាត់ត្រចៀកឱ្យស្ទាត់ក្នុងការស្ដាប់សំឡេង និងបង្កើនឱ្យស្មារតីរឹងប៉ឹងរហ័សដៃនិងជើង។ ល្បែងនេះដែរត្រូវបានអ្នកស្រុកខ្លះហៅថា ល្បែងអាខ្វាក់អាខ្វិន ដោយសាររបៀបលេងប្រហាក់ប្រហែលគ្នា៕
រូបភាព ៖ សាលាបឋមសិក្សាគគី (ថ្នាក់ទី៥ឃ)




















































Account
Security
Favourite Content