ឪពុកម្តាយចិនជាច្រើនកំពុងបញ្ជូនកូនៗរបស់ពួកគេទៅកាន់ «ជំរំលត់ដំខ្លួនរដូវក្តៅ» ដើម្បីធ្វើការងារកសិកម្ម ដើម្បីបង្រៀនពួកគេឱ្យស្គាល់ពីការពិតនៃជីវិត និងបណ្ដុះស្មារតីឱ្យចេះដឹងគុណគ្រួសារ។

នៅរដូវក្តៅនេះ កម្មវិធីមួយដែលគេស្គាល់ថាជា «ជំរំលំបាក» (Hardship camp) កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទូទាំងប្រទេសចិន។ ឪពុកម្តាយជាច្រើនបានចំណាយប្រាក់រាប់ពាន់យ័ន (រាប់រយដុល្លារអាមេរិក) ដើម្បីបញ្ជូនកូនៗរបស់ពួកគេទៅកាន់ជនបទ ដើម្បីផ្ដល់បទពិសោធន៍ផ្ទាល់ដៃពីជីវិតនៅតាមតំបន់ស្រែចម្ការ។
កម្មវិធីទាំងនេះភាគច្រើនមានទីតាំងនៅក្នុងខេត្តភាគនិរតីនៃប្រទេសចិន ដូចជា ស៊ីឈួន គួយចូវ និងយូណាន ដែលជាកន្លែងមានធាតុអាកាសត្រជាក់ស្រួលគួរឱ្យគាប់ចិត្តក្នុងអំឡុងខែរដូវក្តៅ។
សកម្មភាពដែលបានប្រគល់ឱ្យកុមារនៅក្នុងជំរំ គឺដូចគ្នាបេះបិទទៅនឹងការងារប្រចាំថ្ងៃរបស់កសិករ រួមមាន ការជីក និងលក់ដំឡូងបារាំង ការបកសំបកឈើ និងការឱ្យចំណីជ្រូកជាដើម។
ទោះជាយ៉ាងណាក៏ដោយ ខុសពីអ្នកជួយការងារធម្មតាដែលទទួលបានប្រាក់ខែសម្រាប់ការងាររបស់ពួកគេ កុមារទាំងនេះ — រួមទាំងឪពុកម្តាយរបស់ពួកគេ — ត្រូវតែបង់ប្រាក់សម្រាប់បទពិសោធន៍មួយនេះ។
ជំរំមួយបានគិតថ្លៃជាង ៤០០០ យ័ន (ប្រហែល ៦០០ ដុល្លារអាមេរិក) សម្រាប់បទពិសោធន៍រយៈពេល ១០ ថ្ងៃ ខណៈពេលដែលការស្នាក់នៅយូរជាងនេះរហូតដល់មួយខែ អាចមានតម្លៃលើសពី ១ ម៉ឺនយ័ន។
ជំរំទាំងនេះត្រូវបានគ្រប់គ្រងដោយវិធានការយ៉ាងម៉ឺងម៉ាត់។ ឧទាហរណ៍ ប្រសិនបើកុមារមិនបានបំពេញការងារដែលបានប្រគល់ឱ្យបានជោគជ័យទេ ពួកគេអាចនឹងប្រឈមមុខនឹងការពិន័យដោយហូបតែដំឡូងបារាំងប៉ុណ្ណោះសម្រាប់អាហារ។
បន្ថែមពីនេះ ទូរស័ព្ទរបស់ពួកគេត្រូវបានរឹបអូស ហើយស្បៀងអាហារត្រូវបានចែករំលែកដោយផ្អែកលើបរិមាណការងារដែលបានបំពេញរួច។
អ្នករៀបចំជំរំបានអះអាងថា គោលបំណងចម្បងរបស់ពួកគេគឺដើម្បីបង្កើនការយល់ដឹងអំពីការលំបាកដែលពាក់ព័ន្ធនឹងពលកម្ម និងការរកប្រាក់។ ក្នុងពេលជាមួយគ្នានេះ ពួកគេធានាថាការងារទាំងនោះមិនត្រូវ «លំបាកពេក» នោះទេ ដើម្បីឱ្យឪពុកម្តាយមានទំនុកចិត្ត។
វីដេអូដែលល្បីសុសសាយចេញពីជំរំទាំងនោះ បានបង្ហាញពីកុមារខ្លះកំពុងយំ និងអង្វរសុំត្រឡប់ទៅផ្ទះវិញ ដោយអ្នកខ្លះថែមទាំងសម្តែងការស្ម័គ្រចិត្តធ្វើកិច្ចការផ្ទះជំនួសវិញ ដោយនិយាយថា៖ «ខ្ញុំអាចធ្វើអ្វីក៏បាន ឱ្យតែមិនមែនជាការងារកសិកម្ម»។
ជំរំមួយចំនួនក៏តម្រូវឱ្យកុមារសរសេរសំបុត្រផ្ញើទៅកាន់ឪពុកម្តាយរបស់ពួកគេផងដែរ។


បុគ្គលិកម្នាក់មកពីជំរំមួយបានកត់សម្គាល់ថា ឪពុកម្តាយជាច្រើនជារឿយៗរំជួលចិត្តដោយសារវីដេអូ និងសំបុត្រពីកូនៗរបស់ពួកគេ ហើយបន្ទាប់មកបានណែនាំជំរំនេះទៅកាន់អ្នកដទៃទៀត។
បុរសម្នាក់ដែលមានត្រកូល Gao មកពីខេត្តស៊ីឈួន បានបញ្ជូនកូនស្រីថ្នាក់អនុវិទ្យាល័យឆ្នាំទី ១ របស់គាត់ទៅកាន់ «ជំរំលត់ដំរដូវក្តៅ» មួយក្នុងចំណោមជំរំទាំងនេះ។ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរកឃើញថា ទោះបីជាមានការរអ៊ូរទាំជាប្រចាំក៏ដោយ ក៏កូនស្រីរបស់គាត់រីករាយនឹងការងារកសិកម្មនោះ។
អាណាព្យាបាលម្នាក់ទៀតមកពីក្រុងសៀងហៃ ដែលបានបញ្ជូនកូនស្រីអាយុ ៧ ឆ្នាំរបស់នាងទៅកាន់ជំរំរយៈពេល ១០ ថ្ងៃ បានកត់សម្គាល់ថា កូនស្រីរបស់នាងនៅតែរក្សាទម្លាប់ខ្ជិល និងរើសអើងដដែល។ ទោះជាយ៉ាងណាក៏ដោយ នាងបានសម្តែងការពេញចិត្ត ព្រោះកូនស្រីរបស់នាង «បានឈានជើងចេញពីទម្លាប់សុខស្រួលរបស់នាង ហើយបានជួបប្រទះនូវរបៀបរស់នៅផ្សេង»។
នៅក្នុងផ្នែកបញ្ចេញមតិនៅខាងក្រោមវីដេអូរបស់ជំរំ មនុស្សជាច្រើនបានសាកសួរអំពីរបៀបចុះឈ្មោះកូនៗរបស់ពួកគេចូលរួមក្នុងកម្មវិធីទាំងនេះ។
«អ្វីដែលកូនៗរបស់យើងបានជួបប្រទះនៅក្នុងជំរំរដូវក្តៅទាំងនេះ រំលេចឱ្យឃើញពីការលំបាកពិតប្រាកដដែលជំនាន់របស់យើងបានប្រឈមមុខ។ យើងមានគោលបំណងផ្តល់ឱ្យពួកគេនូវជីវិតកាន់តែល្អប្រសើរ ប៉ុន្តែអាចនឹងធ្វើឱ្យពួកគេខូចដោយមិនដឹងខ្លួន។ ប្រហែលជាការប្រឈមមុខនឹងការលំបាក គឺជារឿងចាំបាច់សម្រាប់កុមារ ដើម្បីឱ្យចេះដឹងគុណចំពោះជីវិតដ៏សុខស្រួលរបស់ពួកគេ» នេះជាការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់។
ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នកខំមិនផ្សេងទៀតបានព្រមានប្រឆាំងនឹងការដាក់បន្ទុកហួសហេតុទៅលើកុមារផងដែរ។
«កុមារជាច្រើនទទួលបានតែការអប់រំនៅក្នុងថ្នាក់រៀននៅទីក្រុងប៉ុណ្ណោះ។ ពលកម្មហួសប្រមាណអាចជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍរាងកាយ និងផ្លូវចិត្តរបស់ពួកគេ»។ នេះជាការកត់សម្គាល់របស់អ្នកលេងបណ្ដាញសង្គមម្នាក់ទៀត ៕






















































Account
Security
Favourite Content