នៅក្នុងប្រទេសចិន Zhao Liying គឺជាតារាសម្ដែងស្រីកំពូលសម្រស់ម្នាក់តែងតែបង្ហាញភាពស្រស់ស្អាតក្មេងជាងវ័យនៅគ្រប់ព្រឹត្តិការណ៍ដែលនាងបានចូលរួម។ ប្រសិនបើមើលតែសម្រស់ពីខាងក្រៅ នាងហាក់ដូចជាមានអាយុត្រឹមជាង ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងនាងមានអាយុរហូតដល់ ៣៦ ឆ្នាំទៅហើយ។ យោងតាមការចុះផ្សាយលើបណ្ដាញសារព័ត៌មាននានានៅប្រទេសចិនបានឱ្យដឹងថាក្រៅពីការប្រើផលិតផលគ្រឿងសម្អាងហើយ ការពិតតារាស្រីវ័យជិត ៤០ ឆ្នាំរូបនេះក៏រក្សាទម្លាប់ផឹកនូវភេសជ្ជៈ ៣ មុខជាប្រចាំទើបមានស្បែកចាំយ៉ាងនេះ៖
១. ទឹកសុទ្ធ
ទឹកដើរតួយ៉ាងសំខាន់ដែលមិនអាចខ្វះបានក្នុងការរក្សាភាពស្រស់ស្អាត ជួយរក្សាភាពយឺតរបស់ស្បែក ធ្វើឱ្យមានសំណើមទន់ និងក្មេងជាងវ័យផងដែរ។ លើសពីនេះការផឹកទឹកច្រើននឹងជួយឱ្យស្បែកមានភាពភ្លឺថ្លា កាត់បន្ថយហានិភ័យនៃការកើតមុន និងបណ្ដេញនូវភ្នាក់ងារដែលបង្កគ្រោះថ្នាក់មួយចំនួនចេញពីរាងកាយដោយសារសមត្ថភាពកម្ចាត់ជាតិពុលរបស់ទឹកសុទ្ធ។
២. តែរុក្ខជាតិ
ប្រភេទតែឱសថរុក្ខជាតិមួយចំនួនដូចជាផ្កាកូលាប ស្លឹកជីរអង្កាម ផ្កា chamomile និងដើម rosemary ព្រមទាំងជាប្រភេទឫសដូចជា licorice និង angelica ត្រូវបានគេប្រើញឹកញាប់ជាតែបណ្ដេញជាតិពុលដែលមានសមត្ថភាពជួយជំរុញចរន្ដឈាម និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយបានយ៉ាងល្អ។ ជាក់ស្ដែងតារាសម្ដែងស្រី Zhao Liying តែងតែមានទម្លាប់ផឹកតែរុក្ខជាតិបែបនេះរាល់ថ្ងៃដែលធ្វើឱ្យយើងបានឃើញពីប្រសិទ្ធភាពពិតប្រាកដលើស្បែករបស់នាង។
៣. កាហ្វេខ្មៅ
ក្រៅពីភេសជ្ជៈ ២ មុខខាងលើហើយ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះក៏មានទម្លាប់ផេកកាហ្វេខ្មៅបន្ទាប់ពីហាត់ប្រាណ ដើម្បីបំបាត់សារជាតិមិនល្អដែលលើសក្នុងខ្លួនផងដែរ។ ជាងនេះទៅទៀត កាហ្វេគឺជាភេសជ្ជៈមួយដ៏ល្អក្នុងការសម្រកទម្ងន់ និងជួយគ្រប់គ្រងចំណង់អាហារដែលអាចរក្សាកាឡូរីក្នុងខ្លួនមិនឱ្យលើសខ្លាំងឡើយ ៕