ជប៉ុន ជាប្រទេសដំបូងគេដែលអនុញ្ញាតច្បាប់ឈប់សម្រាកដល់ស្ត្រីដែលមានក្នុងពេលមករដូវប្រចាំខែ។ ក្រោយមកទៀតក៏មានប្រទេសមួយចំនួនទៀតសុទ្ធតែបានអនុវត្តបែបនេះចំពោះស្ត្រីដែលបម្រើការងារ។

នៅក្នុងប្រទេសជប៉ុនបុគ្គលិកបម្រើការងារជាស្ត្រីត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកពី ១ ទៅ ៣ ថ្ងៃក្នុងអំឡុងពេលមករដូវប្រចាំខែរបស់ពួកគេ។ ច្បាប់មួយនេះត្រូវបានអនុវត្តតាំងពីឆ្នាំ ១៩៤៧ មកម្ល៉េះ។ ក្រៅអំពីប្រទេសជប៉ុនក៏នៅមានប្រទេសមួយចំនួនទៀតដូចជា កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងតៃវ៉ាន់ ដែលបានអនុវត្តច្បាប់ឈប់សម្រាក សម្រាប់បុគ្គលិកជាស្ត្រីក្នុងពេលមករដូវ តួយ៉ាងប្រទេសកូរ៉េខាងត្បូងអនុញ្ញាតច្បាប់ ១ថ្ងៃក្នុង១ខែ រីឯប្រទេសឥណ្ឌូណេស៊ីស្ត្រីដែលមានក្នុងពេលមករដូវទទួលបានច្បាប់ឈប់សម្រាក ២ ថ្ងៃក្នុង១ខែ ខណៈតៃវ៉ាន់ផ្ដល់ច្បាប់ឈប់សម្រាករហូតដល់៣ថ្ងៃ។ ដោយឡែកនៅមានប្រទេសមួយចំនួនទៀតដូចជា សំប៊ី អ៊ីតាលី និងហ្វីលីពីនសុទ្ធតែបានអនុវត្តច្បាប់ឈប់សម្រាកដល់បុគ្គលិកបម្រើការងារជាស្ត្រី ១ ទៅ ២ ថ្ងៃជារឿងរាល់ខែក្នុងអំឡុងពេលមករដូវ។


ដោយឡែក អេស្ប៉ាញបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលអនុម័តច្បាប់ឈប់សម្រាកដល់ស្ត្រីក្នុងអំឡុងពេលមករដូវចំនួន ៣ ថ្ងៃនិងអាចបន្តរហូតដល់ទៅ ៥ ថ្ងៃ ប្រសិនបើគេអារម្មណ៍មិនស្រួលខ្លួន និងមានសំបុត្របញ្ជាក់ពីគ្រូពេទ្យ។ រីឯប្រទេសកាណាដានាពេលបច្ចុប្បន្ននៅមិនទាន់មានច្បាប់សហព័ន្ធណាមួយកំណត់ច្បាប់ឈប់សម្រាកដល់ស្ត្រី អំឡុងពេលមករដូវនៅឡើយទេ ប៉ុន្តែជំនួសមកវិញបុគ្គលិកជាស្ត្រីនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ ព្រមជាមួយការស្នាក់នៅក្នុងករណីមិនអាចបំពេញការងារក្នុងពេលមករដូវ។



មិនតែប៉ុណ្ណោះ បណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសឥណ្ឌាក៏បានអនុវត្តនៃការផ្ដល់ច្បាប់ឈប់សម្រាកអំឡុងពេលមករដូវដល់បុគ្គលិកជាស្ត្រីផងដែរ។ នៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា បានអនុវត្តច្បាប់នេះមុនគេក្នុងទាំងក្នុងវិស័យរដ្ឋ និងឯកជន។ តួយ៉ាងក្រុមហ៊ុន Modibodi អូស្ត្រាលី បានអនុញ្ញាតច្បាប់ឈប់សម្រាកដល់ស្ត្រីមុន និងក្នុងអំឡុងពេលមករដូវក្នុងឆ្នាំ ២០២១ រីឯក្រុមហ៊ុន Zomato ដែលមានមូលដ្ឋានក្នុងប្រទេសឥណ្ឌាបានអនុញ្ញាតច្បាប់សម្រាកចំនួន ១០ ថ្ងៃក្នុង១ឆ្នាំ សម្រាប់ស្ត្រីមានបញ្ហាសុខភាពពេលមករដូវនាឆ្នាំ ២០២០។ ចុងក្រោយគឺប្រទេសបង់ក្លាដេស រដ្ឋាភិបាលនៃប្រទេសមួយនេះបានចេញសេចក្ដីណែនាំឱ្យបុគ្គលិកជាស្ត្រីឈប់សម្រាករយៈពេល ២ថ្ងៃក្នុង១ខែ នៃវដ្ដរដូវ៕
គួរឱ្យដឹងដែរថា ករណីស្ត្រីក្នុងពេលមកប្រចាំខែភាគច្រើនត្រូវបានកត់សម្គាល់ថាមានការចុកពោះខ្លាំង ក្អួតចង្អោរ អស់កម្លាំង ល្វើយ ឈឺក្បាល។ រោគសញ្ញាទាំងនេះអាចកើតមានខុសៗគ្នាទៅតាមស្ថានភាពសុខភាពរបស់ស្ត្រី។ ជារួមការរំខានផ្សេងៗរបស់ស្ដ្រីពេលមករដូវគួរត្រូវបានយកចិត្តទុកដាក់ និងមើលថែ គិតគូរឱ្យបានដិតដល់៕
ប្រភព ៖ freeperiods


























Account
Security
Favourite Content