ឱ្យតែពេលឈឺពោះ យើងច្រើនប្រើប្រាស់ថ្នាំពេទ្យដើម្បីបន្សាបជាតិអាស៊ីត។ ក្រៅពីការពឹងផ្អែកលើថ្នាំពេទ្យហើយ ការជ្រើសរើសអាហារក៏មិនអាចរំលងបានដែរ។ វាអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងសម្រាលអាការរាកផងដែរ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកនូវអាហារទាំង ៥ ដែលគួរញ៉ាំនៅពេលឈឺពោះ៖
១. ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកសារជាតិ pectin អាចបំពេញសារធាតុចិញ្ចឹមសំខាន់ៗដែលបាត់បង់ក្នុងអំឡុងពេលឆ្លងមេរោគចូលក្នុងពោះដល់រាងកាយឡើងវិញ។ លើសពីនេះ វាក៏អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ផងដែរ។
២. ដំឡូងបារាំងស្ងោរ
ដំឡូងត្រូវបានចាត់ទុកជាអាហារសម្រន់មួយប្រភេទដែលមិនបណ្ដាលឱ្យរលាក និងជាប្រភពដ៏ល្អនៃជាតិសរសៃផងដែរ។ មិនតែប៉ុណ្ណោះ សារធាតុកាបូអ៊ីដ្រាតក្នុងដំឡូងអាចនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារប្រសើរឡើង កាត់បន្ថយអាការក្អួតចង្អោរ និងជួយឱ្យបត់ជើងស្រួលជាដើម។
៣. ស៊ុតស្ងោរ
ស៊ុតគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ហើយងាយស្រួលក្នុងការរំលាយផងដែរ។ ដោយសារស៊ុតជាអាហារដែលមានគុណតម្លៃអាហារូបត្ថម្ភពេញលេញ ដូច្នេះនៅពេលដែលយើងមានអាការឈឺពោះ ឬរាករូស វាអាចនឹងចូលទៅជួយបំពេញនូវសារធាតុចិញ្ចឹមដែលបានបាត់បង់។
៤. យ៉ាអួរគ្មានជាតិខ្លាញ់
ទឹកដោះគោជូរមានផ្ទុកសារធាតុប្រូបាយអូទិកដែលអាចបង្កើនសមត្ថភាពរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបង្កគ្រោះថ្នាក់។ មិនត្រឹមតែប៉ុណ្ណោះ ទឹកដោះគោជូរក៏ជាប្រភពដ៏ល្អនៃបាក់តេរីល្អក៏អាចជួយសម្រួលដល់ក្រពះពោះវៀន និងការរំលាយអាហារផងដែរ។
៥. បាយស
បាយសជាអាហារដែលមានជាតិសរសៃទាប និងកាបូអ៊ីដ្រាតខ្ពស់ ហេតុនេះហើយទើបវាងាយស្រួលក្នុងការរំលាយ។ ដូច្នេះហើយវាអាចជួយកាត់បន្ថយហានិភ័យនៃការរលាកក្រពះ និងកាត់បន្ថយអាការក្អួតចង្អោរថែមទៀតផង៕