អាចនិយាយបានថាវាជារឿងធម្មតាដែលមនុស្សយើងនឹងមានបញ្ហាសុខភាពនៅអំឡុងពេលរដូវក្ដៅ។ ជាមួយគ្នានេះ អំឡុងខែក្ដៅនឹងមានសភាពស្ងួតខ្លាំង ហើយក៏សមស្របសម្រាប់ការលូតលាស់របស់បាក់តេរីមួយចំនួនដែលជាភ្នាក់បង្កជំងឺទាំងក្នុងទឹក និងចំណីអាហារ។ ឆ្លៀតពេលនេះយើងសូមណែនាំឱ្យប្រិយមិត្តទាំងអស់គ្នាត្រៀមខ្លួនប្រុងប្រយ័ត្នជាមួយជំងឺទាំង ៥ ខាងក្រោមដែលងាយនឹងកើតក្នុងរដូវក្ដៅ៖
១. រាករូសធម្មតា
បញ្ហាមួយនេះគឺបង្កឡើងដោយមេរោគជាច្រើនប្រភេទដូចជាបាក់តេរី វីរុស និងប្រូតូហ្សូ។ ចំពោះមេរោគទាំងនេះច្រើនតែទំពីលើអាហារ និងការញ៉ាំដោយគ្មានអនាម័យជាដើម។ សម្រាប់រោគសញ្ញានៃជំងឺរាគធម្មតាមានដូចជាខ្សោះជាតិទឹក និងបាត់បង់ជាតិអំបិលក្នុងខ្លួន។ ប្រសិនបើអាការៈមិនធ្ងន់ធ្ងរ យើងគ្រាន់តែញ៉ាំទឹកឱ្យបានច្រើន ជាំពិសេសគឺទឹកដូង។
២. ពុលអាហារ
ការពុលអាហារបណ្ដាលមកពីការទទួលទានអាហារណាមួយ ឬអាហារចម្រុះគ្នាដែលមានជាតិពុលដែលធ្វើឱ្យរាកមួល ស្ដេហ្វីឡូកូក salmonella E. coli (Escherichia coli) និង bacillus ដែលជាពិសេសសារធាតុទាំងនេះធន់នឹងកម្ដៅតែម្ដង។ ចំពោះរោគសញ្ញានៃការពុលអាហាររួមមានរាក ក្អួត ចង្អោរ ឈឺពោះ ក្ដៅខ្លួន ឬឈឺចុកចាប់ជាដើម។
៣. រាករូសធ្ងន់ធ្ងរ
ជំងឺរាកធ្ងន់ធ្ងរគឺមានភាពខុសគ្នាជាមួយនឹងការរាករូសធម្មតាត្រង់វាគឺជាការឆ្លងមេរោគពីអាហារចូលក្នុងពោះវៀនដែលអាចបណ្ដាលឱ្យរាគមានឈាម ឬស្លេស្មមកតែម្ដង។ អ្នកដែលកើតេជំងឺរាគធ្ងន់ធ្ងរបែបនេះច្រើនតែមានអាការៈឈឺចាប់រមួលពោះខ្លាំង និងគ្មានកម្លាំងកំហែងនោះទេ។
៤. ជំងឺគ្រុនពោះវៀន
ជំងឺគ្រុនពោះវៀនគឺបណ្ដាលមកពីការឆ្លងមេរោគពីការទទួលទានចំណីអាហារ និងទឹកដែលមានផ្ទុកនូវមេរោគ salmonella ចូលក្នុងពោះវៀន។ ចំណែកឯចំណីអាហារដែលងាយបង្កជំងឺនេះឡើងមានដូចជាទឹកដោះគោ ផលិតផលទឹកដោះគោ គ្រឿងសមុទ្រសំបករឹង (អយស្ទ័រ គ្រំ ងាវជាដើម) និងស៊ុតផងដែរ។ រោគសញ្ញាដំបូងនៃជំងឺគ្រុនពោះវៀនរួមមានក្ដៅខ្លួន ឈឺក្បាល បាត់បង់ចំណង់អាហារ អស់កម្លាំង និងឈឺខ្លួនប្រាណផងដែរ។
៥. ជំងឺអាសន្នរោគ
ថ្វីបើជំងឺមួយនេះមានវិធីការពារក៏ពិតមែន ប៉ុន្តែយើងនៅតែមិនអាចធ្វេសប្រហែសបានឡើយ។ ជំងឺមួយនេះបង្កឡើងដោយបាក់តេរីម្យ៉ាងហៅថា Vibrio Cholerae ដែលឆ្លងចូលតាមរយៈអាហារ និងទឹក។ មេរោគនេះនឹងផលិតផលជាតិពុលដែលមានប្រតិកម្មជាមួយស្រទាប់ពោះវៀនតូច និងបណ្ដាលឱ្យមានបញ្ហារាកធ្ងន់ធ្ងរ។ ភាគច្រើនលាមករបស់អ្នកមានជំងឺនេះមានពណ៌ដូចជាទឹកអង្ករ។ ប្រសិនបើព្យាបាលមិនទាន់ពេលវេលាអាចធ្វើឱ្យបាត់បង់ជីវិតបាន៕