ភាគច្រើន យើងអាចគិតថាស្បែកនឹងឡើងស្ងួតនៅក្នុងរដូវត្រជាក់។ ប៉ុន្តែនៅក្នុងរដូវក្ដៅក៏អាចធ្វើស្បែកយើងងាយនឹងប្រែជាស្ងួតបានដែរ បើទោះបីជាយើងបានទឹកច្រើនយ៉ាងណាក៏ដោយ។ ដូច្នេះហើយយើងនឹងចែករំលែក ៣ មូលហេតុ ដែលបណ្ដាលឱ្យស្បែកស្ងួតនាខែក្ដៅ៖
១. ប៉ះជាមួយពន្លឺព្រះអាទិត្យ
ពន្លឺព្រះអាទិត្យក្នុងរដូវក្ដៅបែបនេះគឺមានផលប៉ះពាល់ខ្លាំងណាស់ចំពោះស្បែករបស់យើង។ ដូច្នេះវានឹងចូលទៅបំផ្លាញរបាំងការពារស្បែក ស្រូបយកសំណើមពីស្បែកដែលបណ្ដាលឱ្យស្បែកបាត់បងជាតិទឹក។ ជាលទ្ធផលស្បែកនឹងស្ងួត និងឡើងក្រហាយ។ បូករួមជាមួយកាំរស្មីយូវី កាន់តែងាយធ្វើឱ្យរបកស្បែក និងហានិភ័យនៃមហារីកស្បែកខ្ពស់ផងដែរ។
២. បែកញើសច្រើន
អាកាសធាតុនៅរដូវក្តៅក៏ធ្វើឱ្យយើងងាយបែកញើសខ្លាំង ដែលបណ្ដាលឱ្យបាត់បង់ជាតិទឹកយ៉ាងច្រើន។ ជាតិទឹកដែលបាត់បង់ទៅតាមញើសកាន់តែច្រើន ស្បែកនឹងកាន់តែស្ងួតផងដែរ។
៣. ត្រូវខ្យល់ម៉ាស៊ីនត្រជាក់
មនុស្សជាច្រើនតែងតែបើកម៉ាស៊ីនត្រជាក់ឱ្យមានខ្យល់ខ្លាំង និងត្រជាក់ខ្លាំង។ ប៉ុន្តែវាក៏ជាកត្តាមួយដែលធ្វើឱ្យស្បែកស្ងួតដោយទាញយកជាតិសំណើមចេញពីស្បែកយ៉ាងខ្លាំងផងដែរ។ លើសពីនេះ ខ្យល់ត្រជាក់បួករួមជាមួយអាកាសក្ដៅនៅខាងក្រៅ វានឹងធ្វើឱ្យកម្រិតសំណើមមានទំនោរកាន់តែទាបរហូតប៉ះពាល់ជាតិទឹកក្នុងស្រទាប់ស្បែក។
ដូច្នេះក្នុងរដូវក្ដៅបែបនេះ យើងគួរញ៉ាំទឹកឱ្យបានច្រើន ប្រើផលិតផលការពារ និងចិញ្ចឹមស្បែក បូករួមជាមួយការទទួលអាហារដែលមានប្រយោជន៍សម្រាប់រាងកាយទាំងមូលផងដែរ៕