១៤កុម្ភៈ ឬថ្ងៃបុណ្យនៃក្ដីស្រលាញ់ ត្រូវបានគូស្នេហ៍ជាច្រើនក្នុងប្រទេសមួយចំនួនលើពិភពលោកចាត់ទុកជាថ្ងៃពិសេសក្នុងការបង្ហាញក្ដីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ ខណៈដែលប្រទេសប៉ាគីស្ថាន ម៉ាឡេស៊ី អារ៉ាបីសាអូឌីត និងប្រទេសមួយចំនួនទៀត បានចាត់ទុកការប្រារព្ធធ្វើពិធីបុណ្យមួយនេះជាទង្វើខុសច្បាប់ និងត្រូវបានដាក់ទោសប្រសិនបើមានការប្រារព្ធធ្វើនៅក្នុងប្រទេសរបស់ខ្លួន។
ខាងក្រោមនេះជាហេតុផលដែលប្រទេសមួយចំនួននេះហាមមិនឱ្យមានការប្រារព្ធបុណ្យនៃក្ដីស្រលាញ់ ៖
ទី១. ប្រទេសឥណ្ឌូណេស៊ី




ខណៈដែលបុណ្យនៃក្ដីស្រលាញ់ត្រូវបានប្រារព្ធធ្វើដោយពលរដ្ឋឥណ្ឌូណេស៊ីប៉ុន្តែសម្រាប់បព្វជិតនិងអ្នកកាន់សាសនាមូស្លីមមិនបានពេញចិត្តចំពោះពិធីបុណ្យមួយនេះនោះទេ។
កន្លងទៅប៉ុន្មានឆ្នាំថ្មីៗនេះមានការតវ៉ានៅក្នុងប្រទេសឥណ្ឌូណេស៊ីថាបុណ្យនៃក្ដីស្រលាញ់មិនជាប់ពាក់ព័ន្ធនិងសាសនាមូស្លីមនោះទេ។ ពួកគេថែមទាំងបានលើកតថភាពជាក់ស្ដែងថា ពិធីបុណ្យនេះបង្កើតឱ្យមានការកើនឡើងនៃទង្វើអសីលធម៌ដែលបណ្តាលឱ្យមាននារីវ័យក្មេងមានផ្ទៃពោះមុនរៀបការ ជាពិសេសគឺការពិសាគ្រឿងស្រវឹងតែម្ដង។
ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែលមានចំនួនពលរដ្ឋកាន់សាសនាមុស្លីមច្រើនជាងគេ តែប្រទេសមួយនេះជាប្រទេសអព្យាក្រឹតកណ្តាល ដែលមិនមានការគាំទ្រ ឬប្រឆាំងការគោរពសាសនានោះឡើយ។ យ៉ាងណាមិញនៅក្នុងខេត្តអាសេដែលគោរពច្បាប់របស់សាសនាមុស្លីមមិនត្រូវបានអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យនៃក្ដីស្រលាញ់សូម្បីតែការលក់វត្ថុអនុស្សាវរីយក៏ត្រូវបានចាត់ទុកជាទង្វើប្រឆាំងនិងច្បាប់ដែរ។
ទី២. ប្រទេសម៉ាឡេស៊ី

កាលពីឆ្នាំមុនពលរដ្ឋមុស្លីមប្រមាណ ៨០នាក់ត្រូវប៉ូលិសចាប់ខ្លួនដោយសារតែប្រារព្ធពិធីបុណ្យនៃក្ដីស្រលាញ់នៅក្នុងប្រទេស ព្រោះពួកគេគិតថាថ្ងៃបុណ្យនៃក្ដីស្រលាញ់ជំរុញឱ្យមានសកម្មភាពអសីលធម៌នៅក្នុងប្រទេស។ ក្នុងថ្ងៃនៃក្ដីស្រលាញ់មន្ត្រីប៉ូលិសម៉ាឡេស៊ីបានឆ្មក់ចូលសណ្ឋាគារក្នុងរដ្ឋ selangor និងទីក្រុងកូឡាឡាំពួរ ដើម្បីត្រួតពិនិត្យគូរស្នេហ៍ដែលទៅស្នាក់នៅក្នុងសណ្ឋាគារទាំងដែលអ្នកទាំងពីរមិនទាន់បានរៀបការ។ ច្បាប់ប្រឆាំងនិងការប្រារព្ធពិធីបុណ្យនៃក្ដីស្រលាញ់ត្រូវបានដាក់ចេញនិងអនុវត្តកាលឆ្នាំ២០០៥ បើទោះបីជាមានការចេញច្បាប់បែបនេះដ៏ដោយ ប៉ុន្តែនៅតែមានការធ្វើពិធីបុណ្យមួយនេះនៅក្នុងប្រទេសដោយមិនមានការញញើតនោះឡើយ ព្រោះពួកគេមិនបានយល់ស្របជាមួយច្បាប់នៃការហាមឃាត់ពិធីបុណ្យមួយនេះនោះទេ។
ទី៣. ប្រទេសប៉ាគីស្ថាន

នៅក្នុងប្រទេសប៉ាគីស្ថានកាលពីឆ្នាំមុនមានហេតុការណ៍បាញ់បោះរវាងមន្ត្រីប៉ូលីស និងនិស្សិតសាកលវិទ្យាល័យ Peshawar ជាច្រើនរយនាក់ដែលបណ្ដាលឱ្យសិស្សសាលាបីនាក់រងរបួស ខណៈដែលពួកគេបានគប់ដុំថ្មទៅកាន់មន្ត្រីប៉ូលីស ពាក់ព័ន្ធករណីនៃការប្រារព្ធបុណ្យនៃក្ដីស្រលាញ់។
ទី៤. ប្រទេសអ៊ីរ៉ង់

បើទោះបីជាបច្ចុប្បន្នការជូនផ្កា និងសូកូឡានៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ១៤ កុម្ភៈ មានប្រជាប្រិយភាព និងមានការកើនឡើងច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែអាជ្ញាធរប្រទេសមួយនេះបានចាត់ទុកពិធីបុណ្យមួយនេះជាទំនៀមទម្លាប់របស់លោកខាងលិចប៉ុណ្ណោះ។ អាជ្ញាធរបានចុះបង្ក្រាបនិងហាមឃាត់មិនឱ្យមានសកម្មភាពនិងការជួញដូររបស់ទាំងនោះនៅក្នុងថ្ងៃនៃក្ដីស្រលាញ់នោះទេ បើទោះបីជាភោជនីយដ្ឋានធំៗត្រូវបានកក់ពេញៗស្ទើរតែគ្មានកន្លែងអង្គុយ ហាងជាច្រើនដែលដាក់លក់តុក្កតាខ្លាឃ្មុំ ប្រអប់បេះដូង ត្រូវបានលក់អស់គ្មានសល់ក៏ដោយ។
ទី៥. ប្រទេស អារ៉ាបីសាអូឌីត

នៅអារ៉ាបីសាអូឌីត ពិធីបុណ្យនៃក្ដីស្រលាញ់ ត្រូវបានហាមឃាត់ដោយមន្ត្រីប៉ូលិសសាសនារបស់រដ្ឋ។ បុរស និងនារីមិនត្រូវបានអនុញ្ញាតឱ្យអង្គុយរួមតុជាមួយគ្នានៅក្នុងថ្ងៃនៃក្ដីស្រលាញ់នោះទេ តែបើទោះបីជាយ៉ាងនេះហាងមួយចំនួននៅតែបើកការលក់ផ្កានិងកាដូសម្រាប់ថ្ងៃនៃក្ដីស្រលាញ់ដដែល។
កាលពីពេលកន្លងទៅ ពលរដ្ឋសាអូឌីត ៥ នាក់ត្រូវបានចាប់ខ្លួន និងដាក់ព័ន្ធធនាគារក្នុងករណីជាប់ពាក់ព័ន្ធនៃការរាំច្រៀងជាមួយនារីៗ៦នាក់នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ រីឯវត្ថុដែលមាននៅកន្លែងកើតហេតុដែលមានដូចជាផ្កាកុលាប និងស្រាត្រូវបានរឹបអូសទាំងអស់។
ទី៦.ប្រទេសឥណ្ឌា

គណបក្សនយោបាយក្នុងប្រទេសឥណ្ឌាបានរិះគន់ចំពោះពិធីបុណ្យនៃក្ដីស្រលាញ់ថាជាពិធីបុណ្យដែលផ្សព្វផ្សាយវប្បធម៌លោកខាងលិច ហើយពិធីបុណ្យនេះមិនគួរទទួលបានការស្វាគមន៍ឱ្យមានវត្តមាននៅក្នុងប្រទេសឥណ្ឌានោះទេ។ ប្រធានគណបក្សនយោបាយលោក Chandra Prakash Kaushik បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «លោកមិនបានជំទាស់និងធម្មជាតិនៃក្ដីស្រលាញ់នោះទេ ប៉ុន្តែសម្រាប់គូរស្នេហ៍ដែលស្រលាញ់គ្នាពួកគេត្រូវតែបានរៀបការជាមួយគ្នា»។
ស្របជាមួយគ្នានេះដែរក៏មានការលើកឡើងពីក្រុមផ្សេងទៀតថា ៖«ការប្រារព្ធធ្វើពិធីបុណ្យនៃក្ដីស្រលាញ់ជាការជំរុញឱ្យយុវវ័យធ្វើនូវរឿងផ្ដេសផ្ដាសខុសក្រមសីលធម៌ដែលអាចបណ្ដាលឱ្យពួកគេមានផ្ទៃពោះមុនការរៀបការ ។ ពួកគេចង់ឱ្យយុវវ័យយកបុណ្យនៃក្ដីស្រលាញ់មួយនេះធ្វើឡើងរវាងឪពុកម្ដាយនិងកូនៗជំនួសវិញ៕
ប្រភពអត្ថបទ ៖ BBC


























Account
Security
Favourite Content