កាលពីយប់ម្សិលមិញនេះ គ្មានអ្វីដែល Trending ខ្លាំងជាងការសម្ដែងដ៏អស្ចារ្យក្នុងការប្រកួតបាល់ឱបអាមេរិក Super Bowl នោះទេ ព្រោះលើកនេះ សិល្បករសំខាន់គឺតារាចម្រៀង Usher បានមកផ្ដល់នូវការសម្ដែងដែលពិសេសខ្លាំង ហើយប្រសិនបើប្រិយមិត្តណាខកខានមិនបានតាមដាន សូមកុំបារម្ភ ព្រោះ AMS នឹងបង្ហាញឡើងវិញពី Highlight សំខាន់ៗពីកម្មវិធីមួយនេះសម្រាប់ប្រិយមិត្តបានទស្សនាទាំងអស់គ្នា!

១. The Headliner
សម្រាប់កម្មវិធីដែលប្រជាជនអាមេរិក និងមនុស្សជុំវិញពិភពលោកទន្ទឹងរង់ចាំមើលបែបនេះ ការជ្រើសរើសសិល្បករដើម្បីឡើងឆាកតម្រូវឱ្យជ្រើសរើសតារាចម្រៀងជើងចាស់ដែលមានទាំងសមត្ថភាពនិងទេពកោសល្យ បានប្រឡូកសិល្បៈជាច្រើនឆ្នាំ ហើយត្រូវតែជាអាយដលប្រចាំជំនាន់។ ដូច្នេះហើយនៅឆ្នាំនេះ គេក៏បានជ្រើសរើស Usher ជាតារាចម្រៀង R&B ដែលត្រូវបានកោតសរសើរទូទាំងពិភពលោក ដើម្បីធ្វើជាសិល្បករសំខាន់។
បន្ទាប់ពីត្រូវបានជ្រើសរើសជាសិល្បករសំខាន់នៃព្រឹត្តិការណ៍នេះ Usher បាននិយាយថា៖ “វាជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់ដែលទីបំផុតខ្ញុំអាចឡើងសម្ដែងនៅ Super Bowl ជារឿងមួយដែលខ្ញុំប្រាថ្នាចង់ធ្វើបំផុតក្នុងជីវិត។ ខ្ញុំពិតជាអន្ទះសាក្នុងការបង្ហាញនូវការសម្ដែងដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមកឱ្យពិភពលោកបានឃើញ!” ហើយនៅពេលនេះ Show ដែលបានបង្ហាញចេញមកពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងមែន ដោយសារតែលោកបាននាំយកបទចម្រៀងល្បីៗជាច្រើនពីក្នុងរយៈពេលជាង ៣០ ឆ្នាំនៃអាជីពចម្រៀងរបស់លោក មកច្រៀងក្នុងកម្មវិធី ដូចជា Caught Up, You Don’t Have To Call, Superstar, Love in This Club, U Got It Bad, OMG និងបទ Yeah! ព្រមទាំងបានអញ្ជើញសិល្បករល្បីៗផ្សេងទៀតមកសម្ដែងរួមឆាកជាមួយគ្នាទៀតផង។
២. The Guest
ដូចបានលើកឡើងក្នុងចំណុចទី១ Usher បានអញ្ជើញតារាកិត្តិយសជាច្រើនមកសម្ដែងជាមួយគ្នា ដូច្នេះហើយ កម្មវិធី Super Bowl Half Time Show ឆ្នាំនេះក៏នឹងពោរពេញដោយសិល្បករលំដាប់ពិភពលោករួមមាន Alicia Keys, Ludacris, Lil Jon, Will I Am និង H.E.R. ហើយគ្រាន់តែពួកគេបង្ហាញខ្លួននៅលើឆាក មនុស្សជាច្រើនបាននិយាយថានេះគឺជាកម្មវិធីល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រោះពួកគេពិតជាធ្វើបានល្អពិតមែន។


ក្រៅពីនេះ ក៏មានឆាកមួយដែលធ្វើឱ្យអ្នកគាំទ្រពីទសវត្សរ៍ឆ្នាំ ២០០០ ស្រែកចង់បែកបំពង់ក នោះគឺពេលដែលកំពូលតារាចម្រៀងស្រី Alicia Keys ឡើងមកច្រៀងបទ My Boo ដែលជាបទល្បី ដែលអ្នកទាំងពីរបានសហការគ្នាកាលពី ១២ ឆ្នាំមុន ដូច្នេះហើយ នេះជាការជួបជុំគ្នានៅលើឆាកម្តងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យអ្នកគាំទ្រ រំភើប និងភ្ញាក់ផ្អើលខ្លាំងតែម្ដង។






៣. Custom Suit only For Usher and Alicia Keys
នៅពេលដែលនេះគឺជាឆាកសំខាន់ជាងគេ ដូច្នេះបើឲ្យសិល្បករស្លៀកសម្លៀកបំពាក់ធម្មតាៗមិនកើតដែរ ដោយលើកនេះ Usher បានផ្លាស់ប្ដូរសម្លៀកបំពាក់ដែលកុម្ម៉ង់កាត់ជាពិសេសចំនួន ២ឈុត រួមមានឈុតពណ៌សជាស្នាដៃរបស់ប្រេន Dolce & Gabbana ខណៈឈុតពណ៌ខៀវភ្លឺផ្លេកគឺជារបស់ប្រេន Off-White ដែលមានលក្ខណៈពិសេសដោយមានប៉ាក់គ្រីស្តាល់បន្ថែមទៀតចំនួន ៣៤ ម៉ឺនគ្រាប់ ដែលលោកបានពាក់ក្នុងពេលរាំជាមួយស្បែកជើងស្គី មុនពេលផ្លាស់ប្តូរទៅជាស្បែកជើង Air Jordan 4S ដែលត្រូវបានរចនាសម្រាប់លោកជាពិសេសពីសំណាក់ប្រេន Shoe Surgeon ផងដែរ។




ទន្ទឹមនឹងនោះ តារាចម្រៀង Alicia Keys ក៏បានមកក្នុងសម្លៀកបំពាក់ពណ៌ក្រហមភ្លឺចែងចាំងពីប្រេន Dolce & Gabbana ដូចគ្នាដែរ។ អាចនិយាយបានថាជាសម្លៀកបំពាក់ដែលរៀបចំឡើងជាពិសេសសម្រាប់តែព្រឹត្តិការណ៍នេះតែម្ដង។

៤. New Roller Skate Collab
រឿងមួយដែលធ្វើឱ្យ Show របស់ Usher កាន់តែទទួលបានការចាប់អារម្មណ៍ដែរ គឺនៅពេលដែលលោកបានច្រៀងបណ្ដើរ និងជិះស្គីបណ្ដើរ ដោយស្បែកជើងស្គីពណ៌ខៀវទាំងនេះគឺជាការសហការរបស់លោកជាមួយម៉ាកស្បែកជើងជិះស្គីដ៏ល្បីល្បាញ Flipper’s Riedell ។ ស្បែកជើងម៉ូដនេះត្រូវបានផលិតឡើងក្នុងចំនួនកំណត់ ហើយអ្នកគាំទ្រអាចកក់ទុកបាន ក្នុងតម្លៃ ១៤៥០ ដុល្លារអាមេរិកក្នុងមួយគូ នៅលើគេហទំព័រ Flipper’s World គ្រាន់តែម៉ូដដែល Usher ពាក់គឺពិសេសជាងម៉ូដសម្រាប់លក់បន្តិច ព្រោះមានលម្អភ្លើងពណ៌បៃតងបន្តិចៗ។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែល Usher បានសហការជាមួយម៉ាកស្បែកជើងស្គីនេះ ដោយសារតែកន្លងមក Usher ផ្ទាល់ក៏បានចាប់អារម្មណ៍លើការជិះស្គី និងធ្លាប់ធ្វើជាដៃគូជាមួយម៉ាកនេះអស់រយៈពេល ២ ឆ្នាំរួចមកហើយ។
៥. The Epic Show
ជឿថា អ្នកមានឱកាសបានទស្សនា Show របស់ Usher មួយនេះ មិនថាអ្នកនៅក្នុងព្រឹត្តិការណ៍ ឬមើលក្នុង Live នៅជុំវិញពិភពលោកនោះទេ ពួកគេទាំងអស់គ្នានឹងនិយាយដោយសំឡេងដូចគ្នាថា នេះជាកម្មវិធីមហាពិសេសមួយ ព្រោះ Usher បានលើកយកបទចម្រៀងល្បីៗពីទសវត្សរ៍ឆ្នាំ ២០០០ ដែលហ្វេនចម្រៀងជំនាន់នោះពេលបានឮហើយ ប្រាកដជាអាចច្រៀងតាមគ្រប់វគ្គនៅក្នុងកម្មវិធីទាំងមូល។ ប៉ុន្តែរឿងមួយទៀតដែលអ្នកគាំទ្រកោតសរសើរយ៉ាងច្រើនដែរនោះគឺ Show នេះបានបង្ហាញថា Usher គឺជាសិល្បករស្បែកខ្មៅដែលបានបង្កើតស្នាដៃគួរឱ្យចងចាំជាច្រើន ហើយលោកថែមទាំងបានអញ្ជើញសិល្បករស្រីស្បែកខ្មៅពីររូបផ្សេងទៀតគឺ Alicia Keys និង H.E.R ឱ្យចូលរួមក្នុងឆាកលើកនេះដែរ។ ដូច្នេះវាក៏ជាកំណត់ត្រាដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់ប្រជាជនស្បែកខ្មៅនៅក្នុងពិភពវប្បធម៌ប៉ុបអាមេរិកដូចគ្នា ៕






















































Account
Security
Favourite Content