អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការបញ្ជាក់ច្បាស់ៗ មកកាន់ AMS នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ជុំវិញករណីទំព័រហ្វេសប៊ុកផេកមួយចំនួន បានលើកឡើងថា អង្គការយូរណេស្កូ ត្រៀមដាក់បញ្ចូល ក្រុមប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំនៅទីក្រុង Riyadh រាជាណាចក្រ Saudi Arabia ។ តាមការឆ្លើយតបពីអ្នកនាំពាក្យនៃក្រសួងវប្បធម៌ រហូតមកដល់ពេលនេះ ប្រាសាទកោះកេរនៅមិនទាន់បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាផ្លូវការនៅឡើយទេ ពោល គឺរង់ចាំមើលលទ្ធផលក្រោយកិច្ចប្រជុំ គណៈកម្មការបេតិកភណ្ឌពិភពលោក ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តិទៅចន្លោះថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២០ ខែកញ្ញានេះ។
បើតាមឯកឧត្ដម ស៊ុំ ម៉ាប់ ដែលជារដ្ឋលេធិការ និងជាអ្នកនាំពាក្យនៃក្រសួងវប្បធម៌ បានបញ្ជាក់ច្បាស់ៗបែបនេះថា ជាការពិតដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឯកសារ ដើម្បីស្នើដាក់បញ្ចូលក្រុមប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២០ ទើបឯកសារបានបញ្ចប់រួចរាលជាស្ថាពរ។ ក្នុងនោះដែរ ក្រុមអ្នកជំនាញនៃអង្គការយូណេស្កូក៏បានចុះមកត្រួតពិនិត្យមើលដល់ទីតាំង នៃក្រុមប្រាសាទកោះកេររួចហើយដែរ។ អង្គការយូណេស្កូ ក៏បានទទួលស្គាល់នូវសំណៅឯកសារ និងគុណតម្លៃជាសកល នៃក្រុមប្រាសាទកោះកេររួចហើយដែរ ប៉ុន្តែយ៉ាងណាមិញ ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ នៅមិនទាន់ដឹងឡើយទេ។
អ្នកនាំពាក្យក្រសួងវប្បធម៌ក៏បានបញ្ជាក់ច្បាស់ៗបន្ថែមថា ប្រាសាទកោះកេរពិតជាមានឈ្មោះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កួពិតមែន សម្រាប់ឆ្នាំ ២០២៣ នេះ ដែលកិច្ចប្រជុំមួយនេះ តែងរៀបចំឡើងជារៀងរាល់ ១ឆ្នាំម្ដង។ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាថា តើប្រាសាទកោះកេរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនឹងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកដែរឬទេ?
តំបន់ប្រាសាទកោះកេរ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ក្នុងនោះមានព្រះមហាក្សត្រខ្មែរចំនួន២អង្គ ដែលបានសោយរាជ្យនៅទៅនោះ គឺព្រះបាទជយវម៌្មទី៤ ឬជ័យវរ្ម័នទី៤ (៩២១-៩៤១) និងព្រះបាទហស៌វម៌្មទី២ ឬហស៌វរ្ម័នទី២ (៩៤១-៩៤៤)។ លុះដល់រជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ ឬរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានីវិលមកក្រុងអង្គរវិញ។
តំបន់កោះកេរ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគឦសានរាជធានីអង្គរ ដោយបច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តំបន់កោះកេរធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណថា «ឆោកគគ៌្យរ» ឬ «ឆោកគគីរ» ដែលជាទីប្រជុំជនមួយ របស់អាណាចក្រខ្មែរនាសម័យអង្គរ៕