កម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំ Miss Universe Cambodia 2023 (MUC 2023) បានកំពុងឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយនៅរាត្រីយប់ថ្ងៃទី ៧ ខែកញ្ញានេះ។ ហ្វេន ៗ និងអ្នកស្នេហាវិស័យបវរកញ្ញា រួមទាំងម្ចាស់ផេកធំៗ កំពុងរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រយ៉ាងអន្ទះសា ព្រោះចង់ដឹងថាតើបវរកញ្ញារូបណាមួយដែលនឹងអាចគ្រងមកុដ MUC 2023 ហើយតំណាងកម្ពុជាចេញទៅប្រកួតនៅប្រទេស អែលសាល់វ៉ាឌ័រ (El Salvador) ចុងឆ្នាំ ២០២៣ នេះ។
ក្រឡេកទៅមើល កញ្ញា ចាន់ណា ពិសី បេក្ខភាពលេចធ្លោម្នាក់ក្នុងចំណោមបេក្ខភាពផ្លូវការទាំ ៣៥ រូប ក៏បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការដណ្តើមមកុដ MUC 2023 យប់នេះ។ នាងបានប្រាប់ឱ្យដឹងថា ការចូលរួមប្រកួត MUC 2023 នេះ គឺជាការវិលត្រឡប់មកវិស័យ beauty pageant វិញតាមការសន្យាជាមួយហ្វេនៗ ហើយនាងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ តាំងពីថ្ងៃសន្និសីទបើកកម្មវិធីរហូតដល់វគ្គផ្តាច់ព្រ័ត្រនារាត្រីនេះ។


ពិសី ថា នាងបានរៀនសូត្រចំណុចជាច្រើនពីការបរាជ័យលើកមុន និងបានប្រឹងពង្រឹងចំណុចទាំងនោះ ក៏ដូចជាបានរៀបចំយ៉ាងល្អនូវឈុតសម្លៀកបំពាក់ ការដើរ និងបានសិក្សាស្វែងយល់បន្ថែមពីការ Q&A ផងដែរ។ តាមរយៈការត្រៀមខ្លួនយ៉ាងល្អ ពិសី រំពឹងខ្ពស់ថា នាងនឹងអាចដណ្តើមបានមកុដ Miss Universe Cambodia 2023 នៅយប់នេះ ព្រោះនាងជឿជាក់លើសមត្ថភាពរបស់ខ្លួន គួបផ្សំការត្រៀមខ្លួនល្អ និងជំនួយពីក្រុមការងារជាច្រើនរូប ធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការដណ្តើមមកុដយប់នេះ។
Miss Universe តំណាងខេត្តបាត់ដំបង លើកឡើងថា ខ្លួននាងផ្ទាល់រំពឹង ៧៥% ចំណែកនៅសល់ទុកឱ្យក្រុមការងារ ហ្វេនៗ និងពុកម៉ែបងប្អូនជាអ្នកជួយបំពេញបន្ថែម។


ទោះយប់នេះលទ្ធផលចេញមកបែបណា ក៏ ពិសី ទទួលយកបានទាំងអស់ ព្រោះធម្មតាការប្រកួតរមែងមានឈ្នះនិងចាញ់ មានតែបើកចិត្តទទួលយកលទ្ធផលទាំងនោះ។ មួយវិញទៀត បេក្ខភាពប្រកួតឆ្នាំនេះសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ដូច្នេះនាងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពមិនឱ្យពុកម៉ែបងប្អូនអ្នកគាំទ្រនាងខកបំណងឡើយ៕






















































Account
Security
Favourite Content