បន្ទាប់ពីប្រជាកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ ប្រជាពលរដ្ឋតែងតែធ្វើប្រារព្ធពិធីចាប់ត្រីនៅរមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដើម្បីរំលឹក រក្សា អភិរក្សកេរ្តិ៍ដំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ។ បើតាមការចុះផ្សាយពីក្រសួងទេសចរណ៍មានអ្នកចូលរួមជាង ៦ ម៉ឺននាក់។

ប្រជាពលរដ្ឋប្រមាណជាង ៦ ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយ ក៏មានប្រជាពលរដ្ឋមកពីខេត្តក្រចេះ កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀងផងដែរ។ លោក រិន សំអឿន អាយុ ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឲ្យដឹងថា គាត់មានឧបករណ៍អង្រុតយកមកចុះចាប់ត្រីរាល់ឆ្នាំ ហើយឆ្នាំនេះត្រីសម្បូរជាងឆ្នាំ ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយចាប់បានត្រីច្រើន យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារយ៉ាងសប្បាយ។
ក្នុងបទសម្ភាសន៍លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឲ្យដឹងដែរថា ពីដើម មុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹកម្ចាស់ដី សុំឲ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង ត្រីអណ្ដែង ត្រីកញ្ចុះ ជាដើម សូមឲ្យស្លូតដូចត្រីកំភ្លាញ ធ្វើដូចនេះ ពេលបងប្អូនប្រជាពលរដ្ឋចុះចាប់ត្រីមិនមានបញ្ហាមុតត្រីអ្វីនោះទេ នេះជាទំនៀមបុរាណយើង ។
លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឲ្យដឹងថា ថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ ដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជាឯកច្ឆន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមជារៀងរាល់ឆ្នាំនៅក្នុង ខែកុម្ភៈនេះ រយៈពេល ៤ ថ្ងៃ និង ៣ យប់ គឺចាប់ពីថ្ងៃទី ១៥.១៦.១៧ និងថ្ងៃទី១៨ ខែកុម្ភៈតែម្តង។ នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៥.១៦ និងថ្ងៃទី១៧ គឺអ្នកចូលរួមបានមកជួបជុំគ្នា ដើរលេងកម្សាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម។ ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍ដំណែល យ៉ាងជក់ចិត្ត សប្បាយអឺងកង នាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ។ ថ្ងៃបន្ទាប់គឺ នៅថ្ងៃទី១៨ ខែកុម្ភៈ នេះគឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៦ ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី នេះដែរ ។
បឹងត្រពាំងក្រំមានទំហំ ១០០ បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មានឧបករណ៍របៀបបុរាណរួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះដែរ គឺបងប្អូន និងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្ដង ។ ឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ហើយត្រីមិនសម្បូរជាងឆ្នាំ ២០២០ ឆ្ងាយណាស់ ។ ក្នុង១ឆ្នាំអនុញ្ញាតឲ្យបងប្អូនចាប់បានតែម្ដងទេ។ ផុតពីថ្ងៃប្រារព្ធពិធីចាប់ត្រី គឺមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឲ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកនោះទេ ធ្វើបែបនេះ គឺដើម្បីការពារត្រីបឹងធម្មជាតិរបស់យើង ៕


























































Account
Security
Favourite Content