ត្បិតមានអ្នកខ្លះបានកើត និងធំធាត់នៅឯប្រទេសផ្សេងក៏ពិតមែន តែតារាខេប៉ុបមិនតិចនាក់ទេដែលបានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីអាចចាប់យកឱកាសជាតារាចម្រៀងនៅក្នុងប្រទេសមួយនេះ។ ជាក់ស្ដែង តារាចម្រៀង ៧រូបនេះ ធ្លាប់រស់នៅក្នុងប្រទេសអូស្ត្រាលីមុននឹងឈានជើងចូលក្នុងវិស័យ K-pop។
១. Rosé ពី BLACKPINK

ត្បិតមានឪពុកម្ដាយជាជនជាតិកូរ៉េ និងកើតនៅក្នុងប្រទេសនូវែលសេឡង់ក៏ពិតមែន តែនៅក្នុងអាយុ ៧ឆ្នាំ Rosé និងក្រុមគ្រួសារបានផ្លាស់ប្ដូរទីលំនៅទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ នៅទីនោះហើយដែលម្ចាស់បទ APT. រូបនេះ ចាប់ផ្ដើមរៀនលេងហ្គីតា និងព្យាណូមុននឹងចុះកុងត្រាជាមួយនឹង YG Entertainment ហើយផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងវិញនៅក្នុងឆ្នាំ ២០១២។
ក្រោយហ្វឹកហាត់អស់រយៈពេល ៤ឆ្នាំ Rosé បានក្លាយជាសមាជិកក្រុម BLACKPINK និងទទួលបានភាពជោគជ័យដូចសព្វថ្ងែនេះ។
២. Bang Chan ពី Stray Kids

កើតនៅក្នុងប្រទេសកូរ៉េខាងត្បូង តែ Bang Chan បានទៅរស់នៅក្នុងទីក្រុងស៊ីដនី តាំងតែពីកុមារភាព។ ក្នុងឆ្នាំ ២០១០ Bang Chan បានត្រឡប់មករស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញក្នុងនាមជាអ្នកហ្វឹកហាត់ ក្រោយពីបានជាប់ក្នុងកម្មវិធី JYP Entertainment Global Audition។
មុននឹងក្លាយជាមេក្រុម Stray Kids តារាប្រុសវ័យ ២៧ឆ្នាំរូបនេះក៏ជាអតីតសមាជិកក្រុម 3Racha ផងដែរ។ ក្រៅពីសមត្ថភាពច្រៀង រ៉េប និងរាំ Bang Chan ក៏ជាអ្នកនិពន្ធ និងផលិតករចម្រៀងមួយរូបដែរ។
៣. Felix ពី Stray Kids

ខុសពីមេក្រុមដែលកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង Felix បានកើត និងធំធាត់នៅក្នុងទីក្រុងស៊ីដនីតែម្ដង។ នៅក្នុងឆ្នាំ ២០១៧ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះបានត្រឡប់មករស់នៅក្នុងប្រទេសកូរ៉េវិញ និងបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរបស់ Mnet ដែលជាការចាប់ផ្ដើមដំបូងរបស់ក្រុមចម្រៀង Stray Kids។
លើសពីអ្នកចម្រៀង និងតារារ៉េប Felix បានហ្វឹកហាត់ តេក្វាន់ដូអស់រយៈពេល ១២ឆ្នាំ និងទទួលបានមេដាយសរុប ៦៣ពីកីឡាមួយនេះ។
៤. Danielle ពី NewJeans

មានឪពុកជាជនជាតិអូស្ត្រាលី និងម្ដាយជាជនជាតិកូរ៉េ Danielle បានកើតនៅក្នុងប្រទេសអូស្ត្រាលី មុននឹងត្រឡប់មករស់នៅក្នុងប្រទេសកូរ៉េវិញកាលពីនាងមានអាយុ ៤ឆ្នាំ និងចាប់ផ្ដើមបង្ហាញវត្តមាននៅលើវិស័យសិល្បៈតាំងតែពីឆ្នាំ ២០១១។
នៅឆ្នាំបន្ទាប់ តារាស្រីវ័យ ១៩ឆ្នាំរូបនេះបានត្រឡប់ទៅសិក្សានៅប្រទេសកំណើតរបស់ឳពុក និងផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកូរ៉េជាលើកទី ២នៅក្នុងឆ្នាំ ២០២០ រហូតក្លាយខ្លួនជាសមាជិកក្រុម NewJeans។
៥. Hanni ពី NewJeans

Hanni ក៏ជាសមាជិក NewJeans ម្នាក់ទៀតដែលបានកើត និងធំធាត់នៅក្នុងប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ ២០០៤ តារាស្រីដែលមានឈ្មោះកំណើតថា Phạm Ngọc Hân បានកើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាជនជាតិវៀតណាម ឯទីក្រុង Melbourne។
ថ្វីបើមិនចេះភាសាកូរ៉េក្ដី ក្នុងឆ្នាំ ២០១៩ Hanni បានសម្រេចចិត្តមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីចាប់ផ្ដើមហ្វឹកហាត់សម្រាប់អាជីពជាតារាខេប៉ុប រហូតបានក្លាយជាសមាជិករបស់ NewJeans។ ក្រៅពីតួនាទីជាអ្នកចម្រៀង តារាស្រីវ័យ ២០ឆ្នាំរូបនេះក៏បានចូលរួមនិពន្ធទំនុកច្រៀងនៅក្នុងបទ OMG និង HYBE BOY ផងដែរ។
៦. DPR IAN

DPR IAN ឬមានឈ្មោះពិតថា Christian Yu បានកើត និងសិក្សានៅក្នុងទីក្រុងស៊ីដនី។ ក្រោយសិក្សានៅថ្នាក់ឧត្តមសិក្សាបានត្រឹមមួយឆ្នាំ DPR IAN បានសម្រេចចិត្តមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីសម្រេចក្ដីស្រមៃជាអ្នករាំ ដោយមិនធ្លាប់គិតគូរដល់អាជីពជាតារាខេប៉ុបឡើយ។
វិថីអាជីពរបស់តារាប្រុសវ័យ ៣៤ឆ្នាំរូបនេះបានផ្លាស់ប្ដូរ ក្រោយពីអ្នករើសតួម្នាក់បានហៅលោកឱ្យទៅបង្ហាញសមត្ថភាព ហើយពេលនោះលោកបានត្រឹមតែរាំ និងមិនអានច្រៀងបាននៅឡើយទេ។ ឆ្លងកាត់ការហ្វឹកហាត់ DPR IAN បានក្លាយជាមេក្រុម C-Clown នៅក្នុងឆ្នាំ ២០១២ មុននឹងបន្តជាសិល្បករទោលក្រោយពីក្រុមរំសាយនៅ ៣ឆ្នាំបន្ទាប់។
៧. Jake ពី ENHYPEN

ដោយបានរស់នៅក្នុងប្រទេសអូស្រ្តាលីតាំងតែអាយុ ៩ឆ្នាំ Jake មានឱកាសលេងវីយូឡុងនៅក្រុមតន្ត្រីរបស់សាលា។ Jake បានចូលរួមធ្វើតេស្តនៅក្នុងកម្មវិធី Belift global audition ដោយជ្រើសយកបទ Love Yourself របស់ Justin Bieber ទៅបង្ហាញគណៈកម្មការ។ ជាលទ្ធផល តារាប្រុសវ័យ ២២ឆ្នាំរូបបានក្លាយជាបេក្ខជនតែម្នាក់គត់ដែលបានជាប់ក្នុងចំណោមបេក្ខជន ៥០០នាក់ផ្សេងទៀត។
នៅក្នុងឆ្នាំ ២០១៩ Jake បានត្រឡប់មករស់នៅ និងហ្វឹកហាត់ក្នុងប្រទេសកូរ៉េខាងត្បូងវិញ។ ៩ខែក្រោយ តារាចម្រៀង តារារ៉េប និងអ្នកនិពន្ធទំនុកច្រៀងរូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី I-LAND និងជាប់ចំណាត់ថ្នាក់លេខ ៣ ដែលជាការចាប់ផ្ដើមនៃក្រុម ENHYPEN ៕























Account
Security
Favourite Content