កាលពីថ្ងៃទី ២៧ ខែកញ្ញា គូស្នេហ៍តារាអាមេរិក Selena Gomez និង Benny Blanco បានរៀបចំពិធីមង្គលការយ៉ាងកក់ក្ដៅ និងស្រស់ស្អាត ហើយប្រាកដណាស់ Taylor Swift ដែលជាមិត្តជិតស្និទ្ធម្នាក់របស់កូនក្រមុំបានចូលរួមក្នុងកម្មវិធីនេះ ថែមទាំងបានថ្លែងសុន្ទរកថាដែលនាំឱ្យភ្ញៀវកិត្តយសចូលរួមជាច្រើនរំជួលចិត្តតាម។

ខណៈដែលសុន្ទរកថារបស់ Taylor Swift ទាំងស្រុងមិនត្រូវបានចេញផ្សាយនៅឡើយ ប្រភពមួយបានបង្ហើបប្រាប់សារព័ត៌មាន People ថា នាងបានផ្ញើសារជូនពរយ៉ាងវែងអន្លាយសម្រាប់ថ្ងៃពិសេសរបស់ Selena Gomez ព្រមជាមួយរឿងកំប្លែងលេងសើច ដែលមានតែអ្នកទាំងពីរប៉ុណ្ណោះបានយល់ច្បាស់ តាមរយៈមិត្តភាពស្និទ្ធស្នាលជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ក្រៅពីមិត្តភ័ក្តិរបស់កូនក្រមុំ មិត្តជិតស្និទ្ធ និងជាមិត្តរួមការងាររបស់កូនកំលោះ គឺ Ed Sheeran ក៏បានថ្លែងសុន្ទរកថាសម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែរ ខណៈដែលកន្លងមក Benny Blanco ធ្លាប់បានសហការនិពន្ធបទចម្រៀងល្បីៗជាច្រើនជាមួយ Ed Sheeran។
ប្រភពព័ត៌មានបានរៀបរាប់ពីពិធីអាពាហ៍ពិពាហ៍របស់ Selena Gomez និង Benny Blanco ដែលអូសបន្លាយរហូតដល់ម៉ោង ៤ ទៀបភ្លឺថា “ក្នុងពិធីទទួលភ្ញៀវក្រោយពិធីមង្គលការ គ្រប់គ្នាបានបញ្ចេញគ្រប់ក្បាច់ និងអបអរគូស្នេហ៍មួយគូនេះពេញមួយយប់ ដែលពិតជារីករាយខ្លាំងណាស់។ ពួកគេទាំងពីរមើលទៅស្រស់ថ្លាជាមួយស្នាមញញឹម ហើយបរិយាកាសពោរពេញដោយក្តីស្រលាញ់”។
សូមបញ្ជាក់ថា ពិធីមង្គលការរបស់ Selena Gomez និង Benny Blanco បានធ្វើឡើងនៅ Sea Crest Nursery ដែលជាឧទ្យានធម្មជាតិទំហំ ៧០ ហិចតា ជាមួយនឹងទេសភាពសមុទ្រដ៏គួរឱ្យភ្ញាក់ផ្អើលស្ថិតក្នុងទីក្រុង Santa Barbara រដ្ឋ California ដោយមានវត្តមានភ្ញៀវកិត្តិយសប្រហែល ១៧០ នាក់រួមមានគ្រួសារជិតស្និទ្ធ និងតារាល្បីលំដាប់ A រួមទាំងតួរឿង “Only Murders in the Building” Steve Martin, Martin Short, Cara Delevingne និង Paul Rudd ក៏ដូចជា Paris Hilton, SZA, Finneas និង Eric Andre ជាដើម ៕























































Account
Security
Favourite Content