ស្ត្រីខ្មែរដែលមានស្វាមីជនជាតិអាល្លឺម៉ង់ សុភា បុត្រឈរ បានខ្នះខ្នែងជួយដល់ប្រទេស និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់ថៃ ទាំងផ្ទាល់និងប្រយោល គិតជាទឹកប្រាក់ប្រមាណជា ៤ លានដុល្លារអាមេរិក។

លោកស្រី សុភា បុត្រឈរ ដែលមហាជនក្នុងស្រុកឱ្យរហស្សនាមថាជា សេដ្ឋីនីចិត្តធម៌ បានបន្តការជួយជាហូរហែមកដល់កម្ពុជា គិតចាប់តាំងពីពេលដែលលោកស្រីបានចាកចេញទៅនៅប្រទេសអាល្លឺម៉ង់ជាមួយស្វាមីក្នុងឆ្នាំ ២០០៤។ ដោយឡែក ក្នុងអំឡុងពេលនៃការផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃមកលើកម្ពុជា ភរិយាសេដ្ឋីអាល្លឺម៉ង់រូបនេះមិនព្រងើយ ដ្បិតខ្លួនមានឈាមជ័រជាខ្មែរ ដោយលោកស្រីជាមនុស្សដែលមានចិត្តសន្ដោសប្រណីតាំងពីក្មេងផងនោះ លោកស្រី សុភា បុត្រឈរ និងគ្រួសារ បានជួយដល់កម្ពុជា គិតជាថវិកាចំនួន ៤ លានដុល្លារ សម្រាប់ជនភៀសសឹក ទាហានជួរមុខ និងអ្នកជួបការខ្វះខាតជាច្រើន ដោយទឹកប្រាក់នេះត្រូវបានបែងចែកទៅតាមម្ចាស់ជំនួយជាច្រើននៅក្នុងស្រុក។




មិនតែប៉ុណ្ណោះ លោកស្រី សុភា បុត្រឈរ និងស្វាមីលោក UDO BöTTCHER បាននាំទឹកថវិកា ១០ ម៉ឺនដុល្លារមកឧបត្ថម្ភដោយផ្ទាល់ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីបន្តបំពេញបេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។
គួរឱ្យដឹងថា លោកស្រី សុភា បុត្រឈរ ជាអ្នកខេត្តកំពង់ធំ។ លោកស្រីកើតក្នុងឆ្នាំ ១៩៧៩ ហើយបច្ចុប្បន្ន លោកស្រីជាសប្បុរសជនមួយរូបដែលតែងខ្នះខ្នែង ងាកក្រោយមើលការលំបាករបស់ប្រជាជនខ្មែរ និងតែងតែជួយជាហូរហែមិនថាជាសម្ភារៈប្រើប្រាស់ឬថវិកានោះឡើយ៕
រូបភាព ៖ Sophea Böttcher

























Account
Security
Favourite Content