ពីការងារជាតារាបង្ហាញម៉ូដ រហូតអភិវឌ្ឍខ្លួនជាអ្នកសម្ដែង Song Jae Rim បាត់បង់ជីវិតក្នុងវ័យ ៣៩ឆ្នាំកាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ ដោយមានបន្សល់ទុកនៅស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ។

ដំណឹងដ៏សោកសៅមួយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងចំណោមអ្នកស្គាល់ផ្ទាល់ខ្លួន ក៏ដូចជាអ្នកគាំទ្រ ព្រោះវាជាការបាត់បង់ជីវិតភ្លាមៗដោយគ្មានអ្នកអាចស្មានទុកជាមុនបាន។ ជាក់ស្ដែង មិត្តភក្តិរបស់តារាប្រុសរូបនេះបានរៀបគម្រោងទៅទទួលលោកដើម្បីទទួលទានអាហារថ្ងៃត្រង់ តែបែរជាប្រទះនឹងសាកសពរបស់ Song Jae Rim បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនឯទីក្រុងសេអ៊ូល នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ទៅវិញ។
ដោយឡែកសម្រាប់មូលហេតុនៃការស្លាប់នេះវិញ ប៉ូលីសនៅមិនទាន់អាចបញ្ជាក់ពីដើមចមឱ្យច្បាស់លាស់បានឡើយទេ។ ក៏ប៉ុន្តែបើយោងតាមសំបុត្រ ២ច្បាប់ដែលប្រទះឃើញនៅជិតខ្លួនរបស់ Song Jae Rim នោះ ប៉ូលីសកំពុងសង្ស័យថា នេះជាការធ្វើអត្តឃាត។ យ៉ាងណាមិញ សំបុត្រនោះមានអត្ថន័យបែបណានោះ សមត្ថកិច្ចនៅមិនទាន់បើកចំហរជាសាធារណៈនៅឡើយទេ។

Song Jae Rim បានចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការងារជាតារាបង្ហាញម៉ូដក្រោមការគ្រប់គ្រងរបស់ Samram Entertainment ដោយបានរួមការងារជាមួយនឹងអ្នកច្នៃម៉ូដល្បីឈ្មោះជាច្រើនរូប និងបានលេខមុខនៅតាមទស្សវដ្តីនានាដងផងដែរ។
នៅក្នុងឆ្នាំ ២០០៩ លោកបានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងនៅក្នុងរឿង Actresses តែទស្សនិកជនចាប់ផ្ដើមចងចាំលោកតាមរយៈតួអង្គជាព្រះអង្គម្ចាស់ Heo Yoem នៅក្នុងរឿងភាគបុរាណ Moon Embracing the Sun កាលពីឆ្នាំ ២០១២។
អាជីពរបស់ Song Jae Rim កាន់តែរុងរឿង ដោយលោកបានទទួលបានប្រជាប្រិយភាពកាន់ខ្លាំង នៅក្នុងរឿង Inspiring Generation រហូតទទួលបានតំណែងជាតួឯកប្រុសជាលើកដំបូងនៅក្នុងរឿង Surplus Princess នៅក្នុងឆ្នាំ ២០១៤។

នៅឆ្នាំបន្ទាប់ លោកកាន់តែល្បីខ្លាំងជាងមុនមួយកម្រិតទៀត តាមរយៈស្នាដៃនៅក្នុងកម្មវិធីចាប់គូរបស់កូរ៉េខាងត្បូង We Got Married រដូវកាលទី ៤ ដោយ Song Jae Rim ចាប់ដៃគូគ្នាជាមួយនឹង Kim So-eun ជាគូដែលទស្សនិកជនចង់ឱ្យអ្នកទាំងពីរស្រឡាញ់គ្នាមែនទែនច្រើនបំផុតមួយ។ ក្នុងកម្មវិធី reality មួយនេះ អនុញ្ញាត្តឱ្យទស្សនិកជនឃើញជីវិតលោកមួយជ្រុងទៀត ក្រៅពីតួអង្គសម្ដែងដែលលោកធ្លាប់លេងកន្លងមក។
បន្ថែមពីភាពយន្តភាគដែលបានរៀបរាប់ខាងលើ Song Jae Rim ក៏មានស្នាដៃក្នុងរឿងភាគ និងរឿងកុនជាច្រើនទៀតផងដែរ ដូចជា All That We Loved, Café Minamdang, I Wanna Hear Your Song, Good-bye Mr. Black, Unkind Women, Fantasy Tower, Yaksha: Ruthless Operation និង Good Morning ជាដើម។
ដោយឡែក នៅក្នុងឆ្នាំ ២០២៤ នេះ លោកក៏មានស្នាដៃថ្មីចំនួន ២រឿងមុនការចាកចេញ គឺរឿង My Military Valentine និង Queen Woo តែគួរឱ្យសោកស្ដាយដែលម្ចាស់ស្នាដៃបានបាត់បង់វត្តមានពីពិភពលោកនេះទៅហើយ ៕
























Account
Security
Favourite Content