ផលិតកម្ម SM Entertainment ដែលជាទ្រនំសិល្បករខេប៉ុបល្បីៗដូចជា TVXQ, Super Junior, Girls’ Generation, Shinee, Exo, Red Velvet និង NCT ជាដើម បានបង្ហាញក្រុមចម្រៀងបុរស K-pop សញ្ជាតិអង់គ្លេសដំបូងបំផុតរបស់ខ្លួន មានឈ្មោះថា Dear Alice ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនកម្សាន្តល្បីរបស់អង់គ្លេស Moon&Back Media។

តាមរយៈសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡុងដ៍ កាលពីពេលថ្មីៗ SM Entertainment បានបង្ហាញនូវសមាសភាពសមាជិកក្រុមចម្រៀងបុរស K-pop សញ្ជាតិអង់គ្លេសដំបូងនេះដែលសុទ្ធសឹងជាជនជាតិអង់គ្លេសទាំងប្រាំនាក់រួមមាន Blaise អាយុ ១៩ ឆ្នាំ Dexter អាយុ ២២ ឆ្នាំ James Sharp អាយុ ២៣ ឆ្នាំ Oliver អាយុ ២០ ឆ្នាំ និង Reese អាយុ ២០ឆ្នាំ។





គួរបញ្ជាក់ថា សមាជិកក្រុមទាំង ៥ រូបបានហ្វឹកហាត់នៅប្រទេសកូរ៉េ ដោយបានរៀនសូត្រពីវិធីសាស្ត្រក្នុងការក្លាយជាតារា K-pop ក្រោមផលិតកម្ម SM Entertainment។ ដំណើរជីវិតរយៈពេល ១០០ ថ្ងៃរបស់ពួកគេនៅទីក្រុងសេអ៊ូល នឹងត្រូវចាក់ផ្សាយនៅក្នុងកម្មវិធីទូរទស្សន៍មួយមានឈ្មោះថា “Made in Korea: The K-pop Experience” ដែលនឹងចាក់ផ្សាយនៅលើ BBC One និង BBC iPlayer ក្នុងខែសីហានេះ ដោយមានសរុបចំនួន ៦ ភាគ។ ក្រោយការចាក់ផ្សាយកម្មវិធីនេះ ក្រុម Dear Alice នឹងចាប់ផ្តើមសកម្មភាពជាក្រុមចម្រៀង ដោយមានគោលដៅវាយលុកទីផ្សារមិនត្រឹមតែក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះទេ តែទូទាំងពិភពលោកតែម្ដង។
ពាក់ព័ន្ធការបង្កើតក្រុមចម្រៀងនេះ ក្រុមហ៊ុនកម្សាន្តទាំងពីរបានដើរតួនាទីដាច់ដោយឡែកពីគ្នា ដោយក្រុមហ៊ុនអង់គ្លេស Moon&Back Media គឺជាអ្នកជ្រើសរើសសមាជិកក្រុម ហើយក្រុមហ៊ុនកូរ៉េ SM Entertainment បានផ្តល់ការណែនាំទាក់ទងនឹង K-pop ដូចជាការផលិតតន្ត្រី វីដេអូចម្រៀង និងក្បាច់រាំជាដើម។ គួរបញ្ជាក់ដែរថា Moon&Back Media គឺជាក្រុមហ៊ុនរបស់ផលិតករ Nigel Hall ដែលជាអ្នកផលិតកម្មវិធីល្បីអង់គ្លេសដូចជា X Factor និង Britain Got Talent ជាដើម ៕























Account
Security
Favourite Content