តារាសម្តែងស្រីឆ្នើមជួរមុខលំដាប់ប្រទេស ស៊ីន យូប៊ីន បានមកដល់កម្ពុជាវិញហើយកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីចប់កម្មវិធីនៅទីក្រុងកាន ប្រទេសបារាំង និងបានឆែកសុខភាពនៅប្រទេសថៃរួចរាល់។

គ្រាន់តែចុះពីយន្តហោះភ្លាម តារាសម្តែងឆ្នើមរូបនេះបានឆ្ពោះទៅធ្វើបទសម្ភាសន៌ក្នុងកម្មវិធីសិល្បៈកម្សាន្តរបស់ភីអិនអិន ព្រមទាំងជួយថត poster គាំទ្រ និងលើកទឹកចិត្តអត្តពលិកទាំងអស់ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Touch Bopha-Thyda PNN។




រូបភាពជិះរទេះរុញ ដៃកាន់ឈើច្រត់ ព្រមជាមួយសម្ភារៈកីឡា បង្ហាញឱ្យឃើញស្នាមញញឹម ទឹកចិត្ត និងកម្លាំងចិត្តជូនអត្តពលិកកម្ពុជាទាំងអស់ដែលត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តជាខ្លាំង និងលើកសរសើរ យូប៊ីន ជាពន់ពេក ដែលនាងមិនខ្លាចភាពហត់នឿយពីការធ្វើដំណើររាប់ម៉ោងលើយន្តហោះ ហើយនៅមកឆ្លៀតថត Poster គាំទ្រអត្តពលិកទៀត។

សូមជម្រាបថា ស៊ីន យូប៊ីន បានខកខានការសម្តែងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ (32nd SEA Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ដោយសារនាងមានបញ្ហាសុខភាព និងត្រូវចេញទៅចូលរួមដើរលើកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2023 លើកទី៧៦ នៅទីក្រុងកាន ប្រទេសបារាំង ដែលកម្មវិធីមហោស្រពភាពយន្ត Cannes ឆ្នាំ 2023។ ប៉ុន្តែពេលនេះនាងត្រឡប់មកវិញហើយ ដូច្នេះទើបនាងស្រូតថត poster គាំទ្រ និងលើកទឹកចិត្តអត្តពលិកទាំងអស់ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នាពេលឆាប់ៗនេះ៕
























Account
Security
Favourite Content