ធ្លាប់ល្បីដល់ចំណុចកំពូល ប៉ុន្តែហេតុអ្វីជីវិត Britney Spears បែរធ្លាក់ដល់សូន្យនិងរស់នៅដូចជាប់គុកជាង១៣ឆ្នាំ?

មានតារាចម្រៀងស្រីម្នាក់ ដែលប្រជាជនទូទាំងពិភពលោកសុទ្ធតែស្គាល់នាង។ នាងបានឡើងដល់ចំណុចកំពូលភ្លាមៗតាំងពីចូលសិល្បៈដំបូង។ ក្នុងសម័យ​ដែលអ៊ិនធឺណិតមិនទាន់រីកសុសសាយ ពាណិជ្ជកម្មស្ទើរតែគ្រប់ផលិតផល​សុទ្ធតែជួលនាង​ឱ្យ​ផ្សព្វផ្សាយ ហើយក្មេងៗជំនាន់ឆ្នាំ២០០០ស្ដើង សុទ្ធតែធ្លាប់ស្ដាប់បទចម្រៀងរបស់នាង។ នាងគឺ Britney Spears។ អាល់ប៊ុម​ចម្រៀងរបស់នាងអាចលក់បាន ១០០លាន​បន្ទះជុំវិញពិភពលោក។ ប៉ុន្តែក្នុងរយៈពេលជាច្រើន​ឆ្នាំកន្លងម​ក ព័ត៌មាន​អវិជ្ជមាន​ពាក់ព័ន្ធ Britney បែរជាមានច្រើនទៅៗ មិនថាព័ត៌មានថា​នាង​ខូច​សតិ ឬខូចរាង បាត់សម្រស់ ឬរឿងផ្សេងៗ។

នៅឆ្នាំ ២០២១ សារព័ត៌មាន New York Times បាន​ផលិតភាពយន្តឯកសារមានចំណងជើងថា “Framing Britney Spears” ដែលបាន​លាតត្រដាង​ជោគជតា​គួរ​ឱ្យសង្វេគរបស់ Britney Spears ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក។ ហើយ​ក្នុងថ្ងៃនេះ A.M.S នឹង​បង្ហាញថាតើមានរឿងអ្វីកើតឡើងឱ្យ​ប្រាកដចំពោះ Super Star លំដាប់ពិភពលោក​រូប​នេះ?

ប្រវត្តិសង្ខេប

Britney Spears បាន​កើត​កាល​ពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ១៩៨១ នៅទីក្រុង McComb រដ្ឋ Mississippi សហរដ្ឋអាមេរិក ឪពុកឈ្មោះ Jamie Spears ជាអ្នក​ម៉ៅការ​សំណង់ ម្ដាយ​ឈ្មោះ Lynne ជាគ្រូបង្រៀន។ Britney គឺជាកូន​ទីពីរ​ក្នុង​គ្រួសារ។ នាង​មាន​បងប្រុស​អាយុ​ច្រើន​ជាង​នាង ៤ឆ្នាំម្នាក់ និងមានប្អូនស្រីអាយុ​តិចជាង​នាងរហូតដល់ ១០ឆ្នាំម្នាក់ទៀត។

Britney ក្នុងវ័យ​កុមារ​តែងតែ​តាម​ឪពុកម្ដាយ​ទៅ​សូត្រ​ធម៌នៅព្រះវិហារ​រៀងរាល់សប្ដាហ៍ រហូត​ដល់​នៅ​ពេល​អាយុ ៥ឆ្នាំ នាង​ក៏​បាន​ច្រៀង​ចម្រៀង​ក្នុងព្រះវិហារ​ជាលើក​ដំបូង។ ក្នុង​ទីក្រុង​តូច​មួយ​នោះ ស្ទើរ​តែ​គ្មាន​អ្នក​ណា​មិន​ធ្លាប់​ស្គាល់ក្មេង​ស្រី​តូច​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​នេះ​ឡើយ គ្រាន់​តែ​កាល​នោះ ប្រហែល​ជា​គ្មាន​អ្នក​ណា​គិត​នោះទេថា ក្មេង​ស្រីម្នាក់​នេះ​នឹង​មាន​ឈ្មោះល្បីទូទាំងពិភពលោក​នាពេលអនាគត។

នៅឆ្នាំ១៩៨៩ ម្ដាយ​របស់ Britney បាន​នាំ​កូនស្រី​ទៅតាមចាប់ក្ដីស្រមៃ​ដ៏ស្រស់ស្អាតរបស់ខ្លួន​នៅទីក្រុង Atlanta ដោយ​បាន​ចូល​ប្រកួត​ Audition កម្មវិធី “The Mickey Mouse Club” ដែលជា​កម្មវិធី​របស់ប៉ុស្តិ៍ Disney។ បន្ទាប់​ពី​បញ្ចប់​ការហ្វឹកហាត់​រយៈពេល ៣ឆ្នាំ​នោះ Britney នៅអាយុ ១១ឆ្នាំ​ក៏បាន​ក្លាយ​ជាសមាជិក​ផ្លូវការ​របស់​កម្មវិធី The Mickey Mouse Club នៅឆ្នាំ១៩៩២ ព្រម​ទាំង​ចាប់​ផ្ដើម​ចេញ​ច្រៀង សម្ដែង និង​ចេញ​មុខ​តាម​កម្មវិធីទូរទស្សន៍ទូទាំងប្រទេស។

នៅឆ្នាំ១៩៩៣ កម្មវិធី The Mickey Mouse Club ក៏បានបិទ ដូច្នេះហើយ Britney ក៏បាន​ត្រលប់​ទៅផ្ទះវិញនិងចូលរៀន​នៅ​សាលាមធ្យមសិក្សា​ទូទៅ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា មិន​បាន​ប៉ុន្មាន ដោយសារ​មិនអាច​បំភ្លេច​ភាព​សប្បាយរីករាយ​នៅ​លើ​ឆាក​បាន Britney ក៏បាន​ត្រលប់​មក​ឆាក​តន្ត្រីម្ដង​ទៀត ដោយ​នៅ​ឆ្នាំ១៩៩៦ នាង​បាន​ចុះកិច្ចសន្យា​ជា​សិល្បកររបស់ផលិតកម្ម Jive Record ហើយនៅឆ្នាំ១៩៩៩ Britney ក៏បានចេញអាល់ប៊ុម​ដំបូង​មាន​ចំណងជើងថា “Baby One More Time” ដែលអាច​លក់​ដាច់បាន​រហូត​ដល់ ២៥លានបន្ទះ។ រូបភាពក្មេងស្រីសិចស៊ីក្នុង​ឈុត​សិស្សសាលា និងក្បាច់រាំយ៉ាងរស់រវើករបស់ Britney ក្នុង MV នេះ​ក៏​បាន​ក្លាយ​ជាស្ទីលពេញនិយម​សម្រាប់​អ្នក​ដែលមាន​វ័យ​ស្រករ​នាង។ ចំណែក​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​នេះ​បន្តិច ក៏សុទ្ធតែ​នឹក​ឃើញ​អនុស្សាវរីយ៍​កាល​វ័យ​ជំទង់នៅពេល​ដែល​បាន​ស្ដាប់​បទ​ចម្រៀង​របស់ Britney។ ការ​បង្ហាញ​ខ្លួន​របស់ Britney ក្នុង​យុគសម័យ​ដែល​ក្រុម​ចម្រៀង​បុរស​កំពុង​មាន​ការ​ពេញនិយមគឺ​ជា​អ្វី​ដែល​លើស​ការ​រំពឹង​ទុក និង​ដក់​ជាប់​ក្នុង​អារម្មណ៍​​របស់មនុស្ស​គ្រប់​គ្នា។

នៅឆ្នាំ២០០០ Britney Spears បាន​ចេញអាល់ប៊ុម​ទី ២ មានចំណងជើងថា “Oops!… I Did It Again” ដែលអាច​លក់​ដាច់​បាន​រហូត​ដល់ ១,៣ លាន​បន្ទះ​នៅ​សប្ដាហ៍​ដំបូង។ មិនតែប៉ុណ្ណោះ ការប្រគំតន្ត្រីទេសចរណ៍ទូទាំងអឺរ៉ុប​របស់ Britney ក្នុងខែតុលា ឆ្នាំ​តែមួយ​នោះ លោក Tony Blair ជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស​ក៏បាន​មក​ចូល​ទស្សនា​ការប្រគំតន្ត្រីរបស់នាង​ដែរ។

ជីវិតស្នេហាដែលមិនសមប្រកប

នៅឆ្នាំ២០០០ Britney ដែលកំពុងមានជីវិតរុងរឿងលើវិថីសិល្បៈក៏ចាប់​ផ្ដើម​មាន​ស្នេហា ហើយសង្សារ​របស់​នាង​គឺតារា​ចម្រៀង​រូបសង្ហា Justin Timberlake។ យ៉ាងណាមិញ ស្នេហា​របស់នាងលើកនេះ រួមទាំងស្នេហា​ក្រោយៗ​បន្តមក​ទៀតបែរជាមិនមែនរង្វាន់សម្រាប់ជីវិត Britney Spears សូម្បីតែបន្តិច។ ផ្ទុយទៅវិញ ទំនាក់ទំនងទាំងនោះ​បែរជា​ជះឥទ្ធិពល​យ៉ាងអាក្រក់ដល់ អាជីព រួមទាំងផ្លូវចិត្តរបស់នាង។

Britney Spears និង Justin Timberlake ធ្លាប់​​ស្គាល់​គ្នា​តាំងពី​ធ្វើ​កម្មវិធី The Mickey Mouse Club ហើយដោយសារតែអ្នក​ទាំងពីរ​អាយុ​ស្របាល​គ្នា និង​សុទ្ធតែមានសម្រស់ស្រស់ស្អាត ស្រស់​សង្ហាដូចគ្នា ធ្វើឱ្យមានមតិជាច្រើនលើកឡើងថាសមគ្នា។ ក្នុងខណៈពេលនោះដែរ មហាជននៅតែចូលចិត្តយកភាពសិចស៊ី និងចរិត​កូនក្មេងរបស់ Britney Spears មកនិយាយជារឿយៗ រហូត​ដល់ថ្នាក់​ពេល​មួយ​នាង​ត្រូវ​បាន​គេ​សួរ​ក្នុងកម្មវិធីផ្សាយផ្ទាល់ថា​ “តើនាងនៅបរិសុទ្ធឬអត់?” ពេលនោះ Britney ឆ្លើយថា “ខ្ញុំនៅបរិសុទ្ធទេ ហើយខ្ញុំនឹង​មិនរួមភេទជាមួយអ្នកណាឡើយរហូត​ដល់រៀបការ”។

ទោះយ៉ាងណា ទំនាក់ទំនងស្នេហារបស់ Justin និង Britney ក៏បានបញ្ចប់​ទាំង​​មិន​ទាន់​ដល់ ៣ឆ្នាំ ហើយ​បន្ទាប់​ពី​នោះ Britney ក៏ត្រូវបាន​សង្គម​ចោទប្រកាន់ថាជា​មនុស្ស​ស្រីសាវ៉ា ទាំងដែលគ្មាន​នរណាម្នាក់​បាន​ដឹង​អំពីមូលហេតុពិតប្រាកដ​ដែលធ្វើ​ឱ្យ​ពួក​គេ​បែក​គ្នា​នោះ​ឡើយ។ ប៉ុន្តែ​អ្វី​ដែលធ្វើ​ឱ្យ​ស្ថានការណ៍កាន់តែធ្ងន់ធ្ងរ​នោះ គឺបន្ទាប់ពីបែក​គ្នា Justin Timberlake បែរជាចេញ​បទ​ចម្រៀង​ដែលមានអត្ថន័យ​បង្ហាញពីមនុស្ស​ស្រីក្បត់ ហើយ​តួស្រី​នៅ​ក្នុង MV ក៏មាន​មុខ​មាត់​ស្រដៀង Britney Spears ទៀត ធ្វើ​ឱ្យ​មហាជន និង​អ្នក​សារព័ត៌មាន​នាំ​គ្នា​វាយប្រហារ​ Britney Spears គ្រប់ៗគ្នា ដោយ​គិតថា​ភាពមិនស្មោះត្រង់​របស់​នាងជាមូលហេតុធ្វើ​ឱ្យ​ទំនាក់ទំនង​ពួក​គេ​ត្រូវ​បញ្ចប់។ ក្រោយ​មក​ទៀត Justin Timberlake ថែមទាំង​និយាយ​នៅ​ក្នុងកម្មវិធីវិទ្យុ​ថា គេ​ធ្លាប់​បាន​គេង​ជាមួយ Britney Spears រួចហើយ ដែល​ចម្លើយ​នេះគឺ​ផ្ទុយ​ស្រលះ​ពី​អ្វី​ដែល Britney Spears ធ្លាប់អះអាង​កន្លងមក ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ត្រូវ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត។ បើទោះជារងព្យុះភ្លៀងបែបនេះ​ក្ដី ប៉ុន្តែ Britney Spears មិនដែលនិយាយ​អ្វី​អាក្រក់​ពាក់ព័ន្ធនឹង Justin Timberlake ឡើយសូម្បីមួយម៉ាត់។

នៅខែមករា ​ឆ្នាំ២០០៤ Britney Spears បានរៀបការជាមួយ Jason Alexander ដែលធ្លាប់ជាមិត្តភ័ក្ដិគ្នាតាំងពីនៅក្មេង ប៉ុន្តែ​ក៏បានលែងលះគ្នាវិញយ៉ាងលឿនដូចផ្លេកបន្ទោរ ពោលគឺក្រោយរៀបការបាន ៥៥ម៉ោងប៉ុណ្ណោះ ហើយ​នៅ​ពេលលែងលះ Jason ថែមទាំងទទួលបាន​សំណង ៤លាន​ដុល្លារពី Britney Spears ទៀតផង។ ច្រើន​ឆ្នាំ​កន្លងផុត Jason ក៏បានរំឭកអំពី​អាពាហ៍ពិពាហ៍​ជាមួយ Britney ក្នុងបទសម្ភាស​មួយ​ថា មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ពួក​គេ​ត្រូវ​បញ្ចប់​គឺ​ដោយសារ​តែ​ម្ដាយ​របស់ Britney Spears បង្ខំ​ឱ្យ​ពួក​គេ​លែងលះ។ បើ​សិន​រឿង​នេះគឺជាការ​ពិត នោះក៏អាចបង្ហាញថាឪពុកម្ដាយ​របស់ Britney Spears បាន​លូកកកាយ​ និងរំខានជីវិត​កូន​ស្រី​តាំងពី​ពេល​នោះម្ល៉េះ។

នៅខែតុលា ឆ្នាំ២០០៤ Britney Spears បានរៀបការ​ជាលើក​ទីពីរជាមួយ Kevin Federline ដែលជា​អ្នក​រាំ​របស់​ខ្លួន។ ខណៈ​ពេល​ដែល​ពួក​គេ​នៅ​ជាគូដណ្ដឹង សង្សារ​ចាស់​របស់ Kevin គឺកំពុងពពោះកូនទីពីររបស់ Kevin នៅឡើយ ប៉ុន្តែ Britney និយាយថានាង​កំពុងត្រូវការ​សេចក្ដីស្នេហា​មែនទែនហើយ។ នាងចង់​កសាង​គ្រួសារ​របស់ខ្លួន​ឱ្យ​បាន​ឆាប់​បំផុត។

រយៈពេល​មួយ​ឆ្នាំ​ក្រោយ​រៀបការ Britney Spears ក៏​បាន​ផ្ដល់កំណើត​ឱ្យ​កូន​ប្រុសដំបូងរបស់ពួក​គេ។ ការ​ជ្រើសរើស​រៀបការ​មាន​កូនក្នុងខណៈ​ពេល​ដែល​អាជីព​កំពុង​ឡើង​ដល់​ចំណុច​កំពូល ចាត់ទុកថាជាការសម្រេចចិត្តដ៏​ក្លាហានដែលគ្មានអ្នកប្រៀបបានរបស់ Britney Spears។ ក៏ប៉ុន្តែគួរឱ្យស្ដាយ Kevin បុរសដែល​នាង​ចង់​ផ្ញើជីវិត​ជាមួយនោះបែរជា​មនុស្ស​ប្រុស​ដែលមិនអាច​ពឹងពាក់បានសោះឡើយ។ បន្ទាប់​ពី​រៀបការ Kevin ក្លាយ​ជា​មនុស្ស​ញៀន​ស្រាផង ញៀនបារីផង ដើរលេងដល់ យប់​ជ្រៅ​ៗក៏​មិន​ចូលផ្ទះ មិនព្រម​ធ្វើការធ្វើងារ ចាំតែ​បង្ហិនលុយ​របស់ Britney ថែមទាំង​លួច​មាន​ស្រី​នៅ​ខណៈ​ដែល​ Britney កំពុង​មានផ្ទៃពោះទៀត។

តាំងពីពេលនោះ បណ្ដាសារព័ត៌មាន​ក៏ចាប់ផ្ដើម​ជីកកកាយ​រឿង​មិនល្អរបស់ Britney Spears យកមកសរសេរយ៉ាងសប្បាយដៃ។ មានពេលមួយ Britney Spears ដែលកំពុង​មាន​ផ្ទៃពោះ​កូនទី២ បានចេញទៅទិញកាហ្វេ តែបែរជាត្រូវ​អ្នកសារព័ត៌មានលើកទ័ពដេញតាមរហូត​នាងត្រូវប្រញាប់ប្រញាល់ឡើងឡានបើកចេញទៅភ្លាមៗដោយដាក់កូនប្រុសដំបូងនៅលើភ្លៅ។ បន្ទាប់ពីរូបភាពនេះបែកធ្លាយ ក៏មានព័ត៌មានរិះគន់ពីការចិញ្ចឹមកូនបែបធ្វេសប្រហែស​របស់ Britney Spears សព្វសារពើ។ កាសែតមួយចំនួន​ថែមទាំងចុះផ្សាយ​ថា Britney មិនស្រលាញ់​កូន​ទាំងពីរ​ឡើយ និងគិតថា​កូនទាំងពីរគឺជាកំហុសធំបំផុត​ក្នុងជីវិត​នាង។ ព័ត៌មានកាន់តែ​រសើប គឺរកចំណូលឱ្យ​ប្រព័ន្ធផ្សព្វផ្សាយទាំងនោះកាន់តែច្រើន ខណៈរូបភាពបែបអវិជ្ជមានរបស់ Britney នៅពេលនោះ​គឺអាចលក់បាន​រហូត​ដល់ ១លាន​ដុល្លារ។

នៅឆ្នាំ២០០៦ រយៈពេល​ប៉ុន្មានសប្ដាហ៍បន្ទាប់ពីឆ្លងទន្លេកូនទីពីរ Britney Spears ក៏បានដាក់ពាក្យប្ដឹងលែងលះជាមួយ Kevin។ បន្ទាប់ពីលែងលះគ្នាដាច់ស្រេច នៅឆ្នាំ២០០៧ អ្នកទាំងពីរក៏ចាប់ផ្ដើម​សង្គ្រាម​ដណ្ដើម​សិទ្ធិចិញ្ចឹមកូនទាំងពីរ។ អ្នកស្រី Lynne ដែលជាម្ដាយ​របស់ Britney Spears បាននិយាយថាបន្ទាប់ពីសម្រាលកូនទីពីរ Britney Spears ក៏មានជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនកម្រិតធ្ងន់ ប៉ុន្តែបណ្ដាសារព័ត៌មាននៅតែខាំនាងមិនលែង។ ឱ្យតែ Britney ហ៊ានឈានជើងចេញពីផ្ទះកាលណា នាងនឹងត្រូវគេថតរូបបានគ្រប់ជំហាន។ នាងលែងនៅសល់ជីវិតឯកជន​អ្វីឡើយ។ នៅ​ក្នុងបទសម្ភាសន៍មួយ Britney បាន​និយាយថា ក្ដីប្រាថ្នាធំបំផុតរបស់នាងគឺសុំឱ្យសារព័ត៌មាន​ទុកពេលវេលាឱ្យនាងរស់នៅយ៉ាងស្ងប់សុខខ្លះផង។

នៅខែមករា ឆ្នាំ២០០៧ Sandra Covington ជាអ៊ំស្រីនិងជាសមាជិកគ្រួសារដែលស្និទ្ធស្នាលជាមួយ Britney Spears បានស្លាប់ដោយសារជំងឺមហារីក។ បញ្ហា​ក្នុងគ្រួសារ រួមទាំងភាពអស់សង្ឃឹមជាច្រើន​ក្នុងជីវិតធ្វើឱ្យផ្លូវចិត្តរបស់ Britney Spears ត្រូវញាំញីខ្លាំងបំផុត។ រយៈពេល​មួយ​ខែ​ក្រោយ​មក Britney Spears បាន​កោរសក់របស់ខ្លួនចេញដល់អស់រលីង។ ខណៈ​ពេលនោះ នាងអាចនឹងគ្រាន់តែត្រូវការចាប់ផ្ដើមជីវិតថ្មី ប៉ុន្តែមតិវាយប្រហារ​ចំពោះការកោរសក់លើកនេះគឺពិតជាច្រើនលើសការរំពឹងទុក ព្រោះក្រោយមកកាសែត និងទស្សនាវដ្ដី Gossip ផ្សេងៗក៏បានចេញផ្សាយរូបភាពរបស់នាងជាមួយចំណងជើងបែបអវិជ្ជមានៗដូចជា “Britney ឆ្កួតហើយ” “Britney ឡប់សតិ”… ដែលក្លាយជាប្រធានបទក្ដៅគគុក និង​ធ្វើឱ្យប៉ះពាល់​ដល់​ការទាមទារ​សិទ្ធិចិញ្ចឹម​កូន​របស់​នាង​ថែមទៀត។

កំឡុងពេលនោះ Kevin ជាអតីតស្វាមី មិនព្រម​អនុញ្ញាត​ឱ្យ Britney ជួបកូន​ឡើយ។ Britney បាន​មកសុំអង្វរដល់​មុខផ្ទះរបស់អតីតស្វាមី ដោយសង្ឃឹមថាអាចជួបមុខកូន​បន្តិច ប៉ុន្តែ Kevin នៅតែមិនព្រម​បើក​ទ្វាររបង។ នៅតាមផ្លូវត្រលប់មក​ផ្ទះវិញ Britney ដែលកំពុង​មានអារម្មណ៍បាក់ទឹកចិត្តក៏ត្រូវ​ក្រុមអ្នកប្រមាញ់រូបថត​​ហែរហមដេញតាម។ ដោយសារទ្រាំលែងបានមែនទែន នៅលើកនេះនាងក៏យកឆត្រទៅវាយឡានរបស់ក្រុមអ្នកថតរូប ហើយច្បាស់ណាស់រូបភាពទាំងនោះក៏បានក្លាយជា​ព័ត៌មានដែលល្បីសុសសាយ​ម្ដង​ទៀត​នៅ​ព្រឹកស្អែក។

Britney Spears ក្នុងចិត្តរបស់មហាជន​ពេលនេះគឺបាន​ក្លាយជា “The Madwoman in the Attic” ច្រើនជាង​ជាអាយដល​របស់​មនុស្សទូទាំងប្រទេស។ មានការសន្និដ្ឋានផង​ដែរថា ព័ត៌មានអវិជ្ជមានទាំងនេះ​បានរួមចំណែកធ្វើឱ្យ​ Britney Spears ត្រូវបាត់បង់សិទ្ធិចិញ្ចឹមកូនទាំងពីរនៅខែតុលា ឆ្នាំ២០០៧ ហើយនៅខែមករា ឆ្នាំ២០០៨ ក៏ត្រូវ​ដកសិទ្ធិមិនឱ្យ​ទៅលេងកូនថែមទៀត។

បាក់ទឹកចិត្តធ្ងន់ធ្ងរ និងការចូលមកគ្រប់គ្រងរបស់ឪពុក

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៨ Britney Spears ត្រូវបាន​គេចាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែដោយសារការប្រើប្រាស់ថ្នាំលើសកម្រិត។ ក្នុងខណៈ​ដែលនាងស្ថិតក្នុងមណ្ឌលកែប្រែ Jamie Spears ជាឪពុករបស់នាងក៏បាន​ដាក់ពាក្យស្នើទៅតុលាការរហូត​ទទួល​បាន​សិទ្ធិជាអាណាព្យាបាលបណ្ដោះអាសន្ន (Conservator) ហើយនៅខែតុលា ឆ្នាំ២០០៨ “អំណាចជាអាណាព្យាបាលបណ្ដោះអាសន្ន” ក៏បានប្ដូរមកជា “អំណាចអាណាព្យាបាលអចិន្ត្រៃយ៍”។ មែនទែនទៅ អំណាចជាអាណាព្យាបាលបែបនេះត្រូវបានគេប្រទះឃើញតិចតួចខ្លាំងណាស់នៅសហរដ្ឋអាមេរិក ដោយអំណាចជាអាណាព្យាបាលតាមផ្លូវច្បាប់សម្រាប់អ្នក​ដែល​ហួស​អាយុ ១៨ឆ្នាំហើយនោះ ជាទូទៅត្រូវបានប្រើតែសម្រាប់មនុស្សចាស់ដែលមិនអាចមើលថែខ្លួនឯងបានប៉ុណ្ណោះ ដូចជាមិនអាចហូបអាហារបានខ្លួនឯង មិនអាចស្លៀកសម្លៀកបំពាក់ខ្លួន​ឯង ឬមានសតិមិនប្រក្រតី។

ក៏ប៉ុន្តែ Britney នៅពេលនោះមានអាយុត្រឹមតែ ២៦ឆ្នាំប៉ុណ្ណោះ បើទោះបីជាមាន​បញ្ហាផ្លូវចិត្ត ក៏មិនមែនធ្ងន់ធ្ងរដល់ថ្នាក់មើលថែខ្លួនឯងមិនកើតដែរ ប៉ុន្តែតុលាការនៅតែផ្ដល់អំណាចឱ្យ លោក Jamie ធ្វើជាអ្នកឃុំគ្រងជីវិតរបស់ Britney រហូតមក។ ដំបូងឡើយ អាចនិយាយបានថាការ​ចូលមកគ្រប់គ្រងរបស់​ឪពុកបានជួយជីវិត Britney ឱ្យប្រសើរឡើងបានមួយកម្រិត។ បើទោះជាកំពុងស្ថិតក្នុងស្ថានភាពផ្លូវចិត្ត​យ៉ាប់យ៉ឺនបំផុត ប៉ុន្តែសមត្ថភាពការងារ​របស់ Britney Spears បែរជាមិនមានផលប៉ះពាល់ឡើយសូម្បីតែបន្តិច។

តាមរយៈការជួយ និងច្បាប់ទម្លាប់របស់ឪពុកនាង ធ្វើឱ្យ Britney អាចចេញអាល់ប៊ុម Piece of Me បាននៅឆ្នាំ២០០៨ និងបានទទួលពាន រង្វាន់ Best Female Video, Best Pop video និង Video of the Year ពីកម្មវិធីពានរង្វាន់ MTV នៅឆ្នាំនោះ។ ក្រោមការគ្រប់គ្រងមើលថែពីឪពុក គួបផ្សំជាមួយការព្យាបាលផ្លូវចិត្តធ្វើឱ្យគ្រប់គ្នាអាចមើលឃើញ Britney ត្រលប់មកសភាពធម្មតាដូចដើមជាថ្មី។ Britney ផ្ទាល់ក៏សង្ឃឹមដូចគ្នាថានាងនឹងទទួលបានការទទួលស្គាល់ពីតុលាការ និងបានទទួលសិទ្ធិអំណាចមើលថែទាំកូនមួយចំណែកសម្រាប់រូបនាង។ ប៉ុន្តែអ្វីដែលនាងនឹកស្មានមិនដល់នោះគឺនៅមានព្យុះភ្លៀងធំមួយមេទៀតកំពុងរង់ចាំនាងនាពេលខាងមុខ ដោយសារសេរីភាពក្នុងជីវិតរបស់នាងរួមទាំងទ្រព្យសម្បត្តិទាំងអស់គឺត្រូវប្រគល់ឱ្យឪពុក និងមេធាវីមានឈ្មោះថា Andrew M. Wallet មើលថែជំនួសតាមសេចក្ដីបង្គាប់របស់តុលាការ។

Britney Spears មិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះតែម្នាក់ឯង មិនអាចសម្រេចចិត្តដោយខ្លួនឯងថានឹងត្រូវជួបអ្នកណា ឬធ្វើអ្វីឯកឯងបានឡើយ ពោលគឺត្រូវមានអង្គរក្សការពារ២៤ម៉ោង។ ឪពុកនាងមានអំណាចក្នុងការត្រួតពិនិត្យរឿងឯកជនរបស់នាងគ្រប់យ៉ាងរួមទាំងប្រវត្តិព្យាបាលរបស់នាង អាចនិយាយប្រឹក្សាជាមួយពេទ្យជំនួសនាង និងអាចចាត់ចែងការងារសម្ដែង និងការងារ ទាំងអស់របស់នាងបាន។

ក្នុងពេលវេលាជាច្រើនឆ្នាំដែលនាងស្ថិតក្រោមអំណាចគ្រប់គ្រងនេះ Britney មិនដែលបានសម្រាកពេញលេញនោះឡើយ ប៉ុន្តែនាងបែរជាត្រូវធ្វើការឥតឈប់ឈរដូចជាគ្រឿងយន្ត។ មានអ្នកគាំទ្រម្នាក់ធ្លាប់បូកសរុបការសម្ដែង និងស្នាដៃការងារនាងក្នុងអំឡុងពេលនោះ រកឃើញថានាងបានចេញអាល់ប៊ុមចម្រៀង ៤អាល់ប៊ុម រៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ៣លើក ការប្រគំតន្ត្រី Residency នៅ Las Vegas ៤លើក ធ្វើជាគណៈកម្មការកម្មវិធី X-Factor ចេញលក់ទឹកអប់ជាច្រើនប្រេន រួមទាំងប្រេនខោអាវទ្រនាប់ ដែលប្រាក់ចំណូលជាមធ្យមរបស់នាងគឺអាចបានរហូតដល់ ១៣៨លានដុល្លារ ប៉ុន្តែទ្រព្យសម្បត្តិដែលត្រូវបានលាតត្រដាងជាសាធារណៈមានត្រឹមតែ ៦០លានដុល្លារប៉ុណ្ណោះ។ សារព័ត៌មានមួយចំនួនបានអះអាងថា ទ្រព្យសម្បត្តិភាគច្រើនរបស់ Britney ត្រូវបាន Jamie ដែលជាឪពុកកិបកេងទុក។ លើសពីនេះ Britney Spears ត្រូវបែងចែកប្រាក់ ១,៥% នៃប្រាក់ចំណូលទាំងអស់របស់ខ្លួនជាសគុណតបស្នងដល់ឪពុកថែមទៀតផង។

ក្រោយបណ្ដាញសង្គមចាប់ផ្ដើមពេញនិយម Britney Spears ក៏បាន​បើកគណនីផ្ទាល់ខ្លួនផ្សេងៗដើម្បីចែករំលែកអំពីជីវិតរបស់ខ្លួន​ខ្លះ ប៉ុន្តែមិនដឹងថាដោយសារតែភាពខ្មាសអៀនមិនចង់បញ្ចេញ ឬដោយសារបណ្ដាញសង្គមរបស់នាងត្រូវបានឪពុកជាអ្នកគ្រប់គ្រងនោះទេ បានជាគេមិនដែលឃើញនាងបង្ហោះត្អូញត្អែពីបញ្ហាដែលនាងត្រូវឪពុកគ្រប់គ្រងនោះឡើយ។ តែក្រោយមកក៏មានអ្នកគាំទ្រមួយចំនួន​ចាប់ផ្ដើមសង្ស័យថា ក្នុងផុសរបស់ Britney Spears ប្រហែលជាមានសារសម្ងាត់បង្កប់ណាមួយហើយ រហូតមានអ្នកគាំទ្រម្នាក់បាន Comment ខាងក្រោមវីដេអូមួយរបស់ Britney Spears ថា៖ “សូមស្លៀកឈុតពណ៌លឿងក្នុងវីដេអូបន្ទាប់ ប្រសិនបើសិនអ្នកត្រូវការជំនួយ”។

ជាលទ្ធផល ក្នុងវីដេអូបន្ទាប់ Britney Spears ក៏បានស្លៀកឈុតពណ៌លឿងមែន។ មិនតែប៉ុណ្ណោះ ក្នុងវីដេអូនោះ Britney Spears មិនបាននិយាយអ្វីឡើយ គឺគ្រាន់តែដើរចុះដើរឡើងហើយសម្លឹងមើលកាមេរ៉ា ធ្វើឱ្យអ្នកគាំទ្របានយល់ភ្លាមថានោះគឺជាសញ្ញាស្នើសុំជំនួយរបស់នាងហើយ។ ក្រុមអ្នកគាំទ្រមួយចំនួនរបស់នាងក៏បានចាប់ផ្ដើមយុទ្ធនាការ “Free Britney” ជាលក្ខណៈទ្រង់ទ្រាយធំ។ ដោយសារតែសម្ពាធមហាជនកើនឡើងខ្លាំងពេក មេធាវី Andrew M. Wallet ក៏បានលាលែងពីតំណែងអាណាព្យាបាល ហើយ Jamie ឪពុករបស់ Britney ក៏ក្លាយជាអាណាព្យាបាលតែម្នាក់ឯង។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ Britney បានថ្លែងប្រាប់តុលាការក្នុងកំឡុងសវនាការកាត់ក្ដីលើអំណាចអាណាព្យាបាលថាខ្លួននាងបានទទួលទង្វើអយុត្តិធម៌ពីសំណាក់ឪពុកនិងក្រុមការងារបែបណាខ្លះ។ បន្ទាប់ពីឃ្លីបសំឡេងក្នុងសវនាការនោះត្រូវបានបង្ហោះឡើងលើអ៊ិនធើណិត ក៏ធ្វើឱ្យមានការរិះគន់លើឪពុកនាងកាន់តែខ្លាំង ដោយក្នុងនោះ Britney បាននិយាយថា ស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុក នាងបានបាត់បង់សិទ្ធិលើទ្រព្យសម្បត្តិរបស់ខ្លួនឯងទាំងស្រុង នាងត្រូវគេរឹបអូសលិខិតឆ្លងដែន កាតក្រេឌីត លុយសុទ្ធ ទូរស័ព្ទដៃ ត្រូវគេបង្ខំឱ្យធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ហើយត្រូវធ្វើការមួយថ្ងៃ១០ម៉ោង។ ការប្រគំតន្ត្រីទេសចរណ៍នៅឆ្នាំ២០១៨ និង Concert Residency រយៈពេល ៤ឆ្នាំពេញនៅ Las Vegas គឺសុទ្ធតែគេបង្ខំឱ្យនាងចុះកិច្ចសន្យាដើម្បីសម្ដែង។ សូម្បីតែពេលខ្លះនាងគ្រុនក្ដៅរហូតដល់ ៤០អង្សា ប៉ុន្តែនាងនៅតែត្រូវបានគេបង្ខំឱ្យឡើងឆាក។ Britney Spears និយាយថា អ្នកទោសរំលោភផ្លូវភេទដែលត្រូវគេឃុំឃាំងនៅ California ក៏មិនលំបាកវេទនាស្មើនាងដែរ។ ហើយអ្វីដែលធ្វើឱ្យមហាជនតក់ស្លុត និងងឿងឆ្ងល់បំផុតនោះគឺ នាងត្រូវគេបង្ខំឱ្យពាក់កងពន្យារកំណើតដើម្បីការពារកុំឱ្យមានកូន។

បណ្ដាអ្នកគាំទ្រ Britney Spears បាននាំគ្នាបញ្ចេញមតិថាការដែលយកអំណាចជាអាណាព្យាបាល​មក​បង្ខំឱ្យមនុស្សស្រីម្នាក់ពន្យារកំណើតគឺជារឿងហួសហេតុពេកហើយ។ Britney Spears ផ្ទាល់ក៏បាននិយាយដែរថាបើសិនជាមនុស្សម្នាក់មានសមត្ថភាពធ្វើការរកលុយបានតាមធម្មតា ថែមទាំងអាច​បើកប្រាក់ខែឱ្យអ្នកដទៃបានទៀតនោះ តើមានហេតុផលអ្វីទៀតដែលត្រូវ​ឃុំគ្រងមនុស្សម្នាក់នោះទៀត?

អាចដោយសារតែសម្ពាធពីមហាជន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក Jamie Spears ក៏បានបង្ហោះសារថា ដល់ពេលវេលាដែលសក្ដិសម លោកនឹងចាត់ការតាមការស្នើសុំរបស់កូនស្រី លាលែងពីតំណែងជាអាណាព្យាបាលកូនស្រី និងតំណែងអ្នកចាត់ការទ្រព្យសម្បត្តិ។ លោកបាននិយាយថែមទៀតថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះលោកតែងតែធ្វើតាមការស្នើសុំរបស់កូនស្រីជានិច្ច តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ប៉ុន្តែក្នុងខណៈពេលតែមួយ លោកក៏ត្រូវការពារផលប្រយោជន៍របស់កូនស្រីដែរ។ លោកបន្ថែមថា បើទោះបីជាលោកត្រូវពាក់ស្រោមមុខជាអ្វីនាពេលអនាគត លោកក៏នៅតែជាឪពុករបស់ Britney Spears ដូចដើម។

រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១ រឿងក្ដីរបស់ Britney Spears និងឪពុកបានបញ្ចប់ជាស្ថាពរ ដោយតុលាការប្រកាសថាឪពុក Britney Spears លែងជាអាណាព្យាបាល និងអ្នកចាត់ការទ្រព្យសម្បត្តិនាងតទៀតហើយ ហើយនៅទីបំផុត Britney Spears ក៏អាចចាត់ចែងជីវិតរបស់ខ្លួនយ៉ាងមានសេរីភាពជាថ្មី។

រឿងរ៉ាវសោកសៅក្នុងជីវិត Britney Spears អាចជាឧទាហរណ៍មួយសម្រាប់ប្រយោគដែលគេតែងនិយាយថា “មនុស្សទូទាំងពិភពលោកនឹងលើកអ្នកឱ្យដល់ចំណុចខ្ពស់បំផុតដើម្បីទាញទម្លាក់អ្នកឱ្យខ្ទេចខ្ទីមកវិញនៅចុងបញ្ចប់”។ ល្បីល្បាញតាំងពីនៅវ័យក្មេងខ្ចី ប៉ុន្តែជុំវិញខ្លួនមានតែអ្នកអង្កៀមយកផលប្រយោជន៍ ហើយអ្វីដែលមកព្រមជាមួយក្ដីស្រលាញ់ពីមនុស្សទូទាំងពិភពលោក គឺការដែលគ្រប់គ្នាចង់ដឹងចង់ឮជីវិតឯកជន​របស់នាងយ៉ាងគ្មានដែនកំណត់។ បន្ទាប់ពីបានទស្សនាភាពយន្តឯកសារពីជីវិត Britney Spears តារាចម្រៀងអាមេរិក Hayley Williams បានបញ្ចេញមតិថា សិល្បករសម័យនេះគ្មានអ្នកណាត្រូវអត់ទ្រាំជាមួយវប្បធម៌ជាន់ឈ្លីស្ត្រីភេទដូច Britney Spears ទៀតហើយ ប៉ុន្តែប្រសិនបើគ្មានករណីរបស់គាត់ ការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តក្នុងសង្គមក៏នឹងមិនមានការកែលម្អឱ្យបានដល់កម្រិតដូចបច្ចុប្បន្ននោះដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​