យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsen នៅថ្ងៃទី ២៩ ខែមករានេះ តារាសម្ដែងស្រី Shin Eun Soo និងតារាចម្រៀងប្រែខ្លួនជាតារាសម្ដែងប្រុស Yoo Seon Ho កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយបានចាប់ផ្ដើមទាក់ទងគ្នាតាំងតែពីចុងឆ្នាំ ២០២៥។

ប្រភពដដែលបានឱ្យដឹងថា ដ្បិតមិនធ្លាប់បានរួមការងារជាមួយគ្នាក្ដី តែតារាកើតឆ្នាំ ២០០២ ទាំងគូបានជួបគ្នាតាមរយៈមិត្តភក្ដិជិតស្និទ្ធម្នាក់ ហើយបានទាក់ទងគ្នាជារឿយៗ រហូតក្លាយជាសង្សារនៅចុងឆ្នាំ ២០២៥ កន្លងទៅ។ ពោលគឺមានរយៈពេល ៣ខែហើយ។
ប្រភពជិតស្និទ្ធនឹងអ្នកទាំងពីរបាននិយាយថា៖ “ពួកគេទើបតែចាប់ផ្ដើមទាក់ទងគ្នាប៉ុណ្ណោះ ប៉ុន្តែទោះបីជាមានកាលវិភាគការងារមមាញឹកយ៉ាងណាក៏ដោយ ក៏ពួកគេតែងតែរីករាយនឹងការណាត់ជួបគ្នាបែបសាមញ្ញៗ ដូចជាគូស្នេហ៍ក្នុងវ័យ ២០ ឆ្នាំទូទៅដែរ។ ពួកគេគឺជាគូស្នេហ៍ដ៏គួរឱ្យស្រឡាញ់បែបមែន”។

គួរឱ្យដឹងផងដែរថា Shin Eun Soo បានបង្ហាញមុខលើវិថីសិល្បៈជាលើកដំបូងក្នុងឆ្នាំ ២០១៦ តាមរយៈភាពយន្ត Vanishing Time: A Boy Who Returned យកឈ្នះបេក្ខជនជាង ៣០០ នាក់ដែលបានដាក់ពាក្យសម្ដែងជាតួអង្គតែមួយ។ បន្ទាប់មក តារាស្រីខិតខំកសាងស្នាដៃល្បីៗជាច្រើនដូចជារឿង The Legend of the Blue Sea, Twinkling Watermelon, Light Shop និង Love Untangled ជាដើម។
សម្រាប់ Yoo Seon Ho វិញ លោកបានចាប់ផ្ដើមទទួលបានប្រជាប្រិយភាពក្នុងឆ្នាំ ២០១៧ តាមរយៈកម្មវិធី Produce 101 Season 2។ បន្ទាប់មក តារាចម្រៀងរូបនេះ បានប្ដូរមកប្រឡូកអាជីពសម្ដែងម្ដងក្នុងរឿង My Strange Hero, Undercover, Under the Queen’s Umbrella និង The Story of Park’s Marriage Contract ខណៈសព្វថ្ងៃនេះ លោកក៏ជាពិធីករម្នាក់ក្នុងកម្មវិធី 2 Days & 1 Night Season 4 ផងដែរ៕
























Account
Security
Favourite Content