ប្រឡូកសិល្បៈតាំងពីក្មេង មកដល់បច្ចុប្បន្នប្រាកដជាគ្មានអ្នកណាមិនស្គាល់ Selena Gomez នោះឡើយខណៈដែលនាងមានស្នាដៃក្នុងវិស័យសិល្បៈជាច្រើន រាប់ចាប់ពីភាពយន្តតុក្កតា “Barney & Friends” នៅឆ្នាំ២០០២ រហូតចេញអាល់ប៊ុមទោល “Stars Dance” នៅឆ្នាំ២០២៣ ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកជាហូរហែរយៈពេល ១០ឆ្នាំកន្លងមក បង្កើតប្រេនគ្រឿងសម្អាង Rare Beauty និងចុងក្រោយក្នុងរឿងភាគ “Only Murders in the Building”។ ដូច្នេះហើយអ្នកគាំទ្រជាច្រើនប្រហែលជាចង់ដឹងថា ក្នុងពេលអនាគត តារាស្រីរូបនេះនឹងធ្វើអ្វីបន្ទាប់ទៀត ប៉ុន្តែថ្មីៗនេះ Selena បានចេញមកបង្ហើបចម្លើយក្នុងចិត្តអំពីរឿងនេះហើយ។


ពាក់ព័ន្ធបញ្ហានេះ Selena Gomez បាននិយាយពីអារម្មណ៍ដែលនាងមានចំពោះអាជីពរបស់ខ្លួនកន្លងមកក្នុងកម្មវិធីផតខាស Smartless ថា៖ “ខ្ញុំមានក្ដីសុខខ្លាំងណាស់ ចំពោះការផលិតបទចម្រៀងរួមទាំងចេញប្រគំតន្ត្រី។ ខណៈដែលខ្ញុំឡើងសម្ដែងនោះ ខ្ញុំយល់ថាវាសប្បាយដូចគ្នា ប៉ុន្តែពេលខ្ញុំអាយុកាន់តែច្រើនទៅ ខ្ញុំមានអារម្មណ៍ថាត្រូវសម្រេចចិត្តមែនទែនហើយ”។ នាងបានបន្តថា៖ “ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចចេញបទចម្រៀងបានតែមួយអាល់ប៊ុមទៀតទេ រួចហើយនឹងជ្រើសការងារសម្ដែងច្រើនជាង”។ នេះគឺជាចម្លើយច្បាស់ហើយថា Selena នឹងចេញអាល់ប៊ុមបន្ទាប់ជាអាល់ប៊ុមចុងក្រោយរបស់នាង។

ក្រៅពីនេះ Selena Gomez ក៏បានបន្ថែមទៀតថា ការធ្វើការច្រើនតាំងពីអាយុតិចបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពផ្លូវចិត្តរបស់នាង និងធ្វើឱ្យនាងត្រូវទៅជួបអ្នកជំនាញរហូតត្រូវលុបចោលការប្រគំតន្ត្រីក៏មាន។ បើទោះបីពិធីករកម្មវិធីបានសរសើរថា Selena មិនចាំបាច់ជ្រើសរើសនោះទេរវាងការសម្ដែងនិងការច្រៀង ព្រោះនាងធ្វើបានល្អទាំងពីរយ៉ាង ប៉ុន្តែតារាស្រីរូបនេះក៏ឆ្លើយតបវិញថានាងនៅតែចង់សម្រាកដដែលដោយសារភាពហត់នឿយ។ ដូច្នេះហើយ បើទោះបីអ្នកគាំទ្រអាចនឹងត្រូវសោកសៅចំពោះការដែលមិនបានស្ដាប់ចម្រៀងថ្មីៗរបស់នាងតទៀត ប៉ុន្តែមនុស្សជាច្រើនក៏ជឿថា ការសម្រេចចិត្តបែបនេះប្រាកដជាអាចឱ្យនាងដើរលើវិថីជាអ្នកសម្ដែងកាន់តែល្អប្រសើរជាងមុន ៕

























































Account
Security
Favourite Content