យោងតាមសារព័ត៌មានថៃ Sanook បានឱ្យដឹងថា តារាសម្ដែង Min Pechaya អាចទទួលបានតម្លៃខ្លួន ៨ លានបាត ឬជាង ២៣ ម៉ឺនដុល្លារពីការធ្វើ Presenter ឬអ្នកតំណាងផលិតផលរបស់ក្រុម The iCon Group ដែលកំពុងមានរឿងប្ដឹងផ្ដល់ថាជាក្រុមហ៊ុនបោកប្រាស់បែបពីរ៉ាមីត។

យ៉ាងណាមិញ នេះមិនមែនជាប្រភពចំណូលតែមួយនោះទេដែលតារាស្រីរូបនេះអាចទទួលបានពីក្រុមហ៊ុន The iCon ដោយសារក្រៅពីតំណែងជាអ្នកផ្សព្វផ្សាយ នាងក៏មានតួនាទីជានាយកផ្នែកទំនាក់ទំនង ឬ CCO របស់ក្រុមហ៊ុន ហើយក្នុងមុខតំណែងនេះ ក្រៅពីទទួលបានប្រាក់ខែ នាងក៏អាចទទួលបានភាគលាភពីការលក់ផងដែរ។

ចំណែកតារាសម្ដែងប្រុស Sam Yuranant ត្រូវបានគេបង្ហើបថាអាចទទួលបានតម្លៃខ្លួន ៦ លានបាត ស្មើនឹងប្រមាណ ១៨ ម៉ឺនដុល្លារពីការធ្វើជា Presenter ផលិតផល ព្រមទាំងមានតំណែងជានាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល។

ផ្អែកតាម ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃបានឱ្យដឹងថារាប់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែតុលា មានមនុស្សសរុបចំនួន ៥៦៤៨ នាក់បានដាក់ពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុន The iCon Group ជាមួយការខាតបង់សរុប ១៦១០ លានបាត ឬប្រមាណ ៤៨ លានដុល្លារអាមេរិក។ មនុស្សជាច្រើនបានត្អូញត្អែរថាពួកគេមិនអាចលក់ផលិតផលចេញដូចដែលតំណាងក្រុមបានធានានៅក្នុងវគ្គបណ្តុះបណ្តាល ខណៈជនរងគ្រោះមួយចំនួននិយាយថាពួកគេមិនទទួលបានផលិតផលឡើយ ទោះបីបានបង់ប្រាក់គ្រប់ចំនួនក៏ដោយ។
សមត្ថកិច្ចបន្តថា មនុស្សជាច្រើននាក់ទៀតក្នុងប្រទេសថៃ និងប្រទេសផ្សេងៗទៀតកំពុងប្រមូលភស្តុតាងដើម្បីត្រៀមខ្លួនដាក់ពាក្យបណ្តឹងនៅពេលខាងមុខក្នុងករណីនេះ។ ទន្ទឹមនោះ ការិយាល័យស៊ើបអង្កេតកណ្តាលក៏គ្រោងនឹងចោទប្រកាន់បន្ថែមទៀតលើជនសង្ស័យទាំង ១៨នាក់ពីបទលាងលុយកខ្វក់ ការខ្ចីប្រាក់ក្លែងបន្លំ និងការប្រមូលផ្ដុំមនុស្សខុសច្បាប់ បន្ថែមពីលើចោទប្រកាន់ពីបទក្លែងបន្លំសាធារណៈ និងឧក្រិដ្ឋកម្មតាមកុំព្យូទ័រ។
បច្ចុប្បន្នជនសង្ស័យចំនួន ១៨នាក់ដែលរួមមានទាំងពិធីករ Kan Kantathavorn, តារាសម្ដែង Sam Yuranant និងតារាសម្ដែង Min Pechaya ជាដើមនោះកំពុងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរង់ចាំសេចក្ដីសម្រេចរបស់តុលាការ ៕
































Account
Security
Favourite Content