ថ្មីៗនេះមានការផ្សព្វផ្សាយជាច្រើនលើកឡើងថាឪពុករបស់ Jennie សមាជិក BLACKPINK បានបោះពុម្ពសៀវភៅមួយក្បាលដែលធ្វើឱ្យអ្នកគាំទ្រមានការភ័ន្ដច្រឡំយ៉ាងខ្លាំង ហើយក៏ក្លាយជារឿងក្ដៅគគុកត្រូវបានគេយកមកជជែកលើបណ្ដាញសង្គមអ៊ីនធឺណេតផងដែរ។
ជាការឆ្លើយតប OA Entertainment ដែលជាក្រុមហ៊ុនផ្ទាល់របស់ Jennie និងគ្រប់គ្រងសកម្មភាពទោលរបស់នាងបានចេញសេចក្ដីថ្លែងការណ៍ផ្លូវការអំពីការព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើជនខិលខូចម្នាក់នោះដែលអះអាងជាឪពុកបង្កើតរបស់នាងនៅថ្ងៃទី៦ ខែកញ្ញា។
នៅក្នុងសេចក្ដីថ្លែងការណ៍ក្រុមហ៊ុនបានបញ្ជាក់ថារាល់ការផ្សព្វផ្សាយទាំងនោះគឺជាសកម្មភាពខុសច្បាប់ មានការភូតកុហកដែលធ្វើឡើងដោយជនខិលខូច។ ដូច្នេះ OA Entertainment បានសូមអំពាវនាវដល់អ្នកគាំទ្រទាំងអស់កុំទិញនូវស្នាដៃបោះពុម្ពខុសច្បាប់មួយនេះ ដើម្បីជៀសវាងការខូចខាតផ្សេងៗកើតឡើង។ ជាងនេះទៅទៀត ក្រុមហ៊ុន ODD ATELIER ក៏បានចាប់ផ្ដើមដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកចែកចាយព័ត៌មានមួយនេះពីបទបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ និងការរារាំងអាជីវកម្ម។
លើសពីនេះក្រុមហ៊ុនក៏បញ្ជាក់សាជាថ្មីថានឹងចាត់ចែងវិធានការផ្លូវច្បាប់ដ៏រឹងមាំប្រឆាំងនឹងបុគ្គលណាដែលព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសិល្បករដោយមានចេតនារួមមានការបរិហារកេរ្តិ៍ ការបៀតបៀនផ្លូវភេទ និងការបង្កាច់បង្ខូចព្យាបាទ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងតែប្រមូលរាល់ភស្ដុតាងទាំងអស់ដើម្បីរៀបចំសំណុំរឿងផងដែរ ៕