តារាសម្ដែង នី មុនីនាថ អំពាវនាវសុំឱ្យមហាជនចូលរួមបរិច្ចាគឈាមឱ្យបានច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ «ឈាមខ្មែរតែមួយ» ដែលរៀបចំឡើងនា ២ ថ្ងៃខាងមុខទៀតនេះ ខណៈអ្នកចុះឈ្មោះចូលរួមទើបតែទទួលបានចំនួន ៦០ នាក់ប៉ុណ្ណោះ។

ចាប់តាំងពីថ្ងៃប្រកាសបើកកម្មវិធីមកទល់ពេលនេះចំនួនអ្នកដែលបានចុះឈ្មោះចូលរួមបរិច្ចាគឈាមនៅក្នុងព្រឹត្តិការណ៍ «ឈាមខ្មែរតែមួយ» ទើបទទួលបាន ៦០ នាក់ប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីតារាសម្ដែង នី មុនីនាថ អ្នកគ្រប់គ្រងមូលនិធិឈាម នី មុនីនាថ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះផ្ទាល់។
តាមរយៈចំនួនជាក់ស្ដែងនៃអ្នកដែលបានចុះឈ្មោះចូលរួមបរិច្ចាគឈាមនាលើកនេះ តារាសម្ដែងស្រីសម្បុរស្រអែមស្រស់រូបនេះបានបង្ហាញក្ដីបារម្ភក៏ដូចជាបានអំពាវនាវសុំឱ្យមហាជនចូលរួមឱ្យបានច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងស្វែងរកឈាមទុកសម្រាប់តម្រូវការចាំបាច់របស់អ្នកជំងឺនៅតាមមន្ទីពេទ្យ។
កញ្ញា នី មុនីនាថ បានបញ្ជាក់នៅក្នុងការសម្ភាសអនឡាញជាមួយ AMS យ៉ាងដូច្នេះថា ៖ «រាល់កញ្ចប់ឈាមដែលទទួលបាននាលើកនេះមូលនិធិនឹងផ្ដល់ជូនទៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមទាំងអស់ដោយពុំមានបែងចែកទុក ២០% នៅក្នុងមូលនិធិដូចពេលកន្លងនោះទេ»។

សម្រាប់ការចូលរួមបរិច្ចាគឈាមគឺពុំមានអស់ប្រាក់ ឬថ្លៃសេវាអ្វីនោះទេ។ ក្នុងថ្ងៃនោះក៏មានការប្រទានឱវាទពីសំណាក់ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា ទៅកាន់បណ្ដាអ្នកចូលរួមផងដែរ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាមខ្មែរតែ១ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៤ រសៀល នៅទីតាំងសាលាចុងអ៊ីង សាខាអ៊ីអន២៕
រូបភាព ៖ Ny Monyneath























Account
Security
Favourite Content