តារាកំប្លែងតែងនាំមហាជនសើច តែនៅពីក្រោយឆាកជីវិត Ng Man Tat ពិតជាជូរចត់ខ្លាំង

Ng Man Tat ជាតារាសម្ដែងជើងចាស់ម្នាក់ដែលប៉ិនប្រសប់ខាងកំប្លុកកំប្លែង វត្ដមានរបស់លោកតែងធ្វើឱ្យមហាជនមានភាពសប្បាយរីករាយអស់កង្វល់។ ប៉ុន្ដែនៅពីក្រោយស្នាមញញឹមរបស់លោកបានបង្កប់នូវភាពជូរចត់ជាច្រើនរាប់មិនអស់ ដោយសារជីវិតពិតរបស់លោកមិនរីករាយដូចក្នុងភាពយន្ដកុនឡើយ។

ជាក់ស្ដែង មហាជនភាគច្រើនស្គាល់រូបលោកតាមរយៈភាពយន្ដរបស់លោក ទិន ហ្វី ដោយអ្នកទាំងពីរជាដៃគូសម្ដែងយ៉ាងស៊ីចង្វាក់គ្នាក្នុងទសវត្សរ៍ឆ្នាំ ៩០។ លោក Ng Man Tat កើតនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ១៩៥១ ក្នុងខេត្ត FuJian ប្រទេសចិន។ លោកធំធាត់ឡើងក្នុងគ្រួសារមិនសូវធូរធារត្រូវពឹងផ្អែកលើប្រាក់ចំណូលពីឳពុកតែម្នាក់ ដូច្នេះទើបលោកត្រូវសិក្សាបណ្ដើររកការងារបណ្ដើរដើម្បីជួយសម្រាលបន្ទុកគ្រួសារទាំងវ័យក្មេង។

ក្រឡេកមកមើលអាជីពជាអ្នកសិល្បៈ ផ្ដើមដំបូងឳពុករបស់តារាប្រុសរូបនេះបានជំទាស់ និងផ្ដាច់ការមិនឱ្យលោកចូលធ្វើជាតារាសម្ដែងឡើយ។ ប៉ុន្ដែទេពកោសល្យ និងការស្រឡាញ់ចូលចិត្តសិល្បៈតាំងពីក្មេងលោកក៏ប្រឆាំងជាមួយឳពុកហើយព្យាយាមជ្រៀតចូលសិល្បៈធ្វើជាតារាសម្ដែងរបស់ទូរទស្សន៍ TVB នៅអាយុ ២២ ឆ្នាំ។ បន្ទាប់ពីតស៊ូសម្ដែងជាតួអង្គនាយរងអស់រយៈពេលប្រមាណ ៦ ឆ្នាំរូបលោកក៏មានឱកាសសម្ដែងជាតួសំខាន់ក្នុងរឿង “Chor Lau Heung” ក្នុងឆ្នាំ ១៩៧៩។ ពេលវេលាអំណោយផលបូកផ្សំនឹងទេពកោសល្យរឿង “Chor Lau Heung” ធ្វើឱ្យលោកមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង និងរកបានប្រាក់ចំណូលច្រើនក្រាស់ក្រែល។  

អ្វីដែលគួរឱ្យសោកស្ដាយនោះ មានភាពល្បីល្បាញមិនបាន ១ ឆ្នាំផង រូបលោកក៏ធ្លាក់ខ្លួនជំពាក់បំណុលគេរាប់សិបម៉ឺនដុល្លារអាមេរិក ប្រាក់ដែលធ្លាប់មានកាន់ពេញដៃក៏អស់ពីខ្លួនដោយសារតែវក់លេងល្បែង ស្រី ផឹកស្រា និងចាយប្រាក់ដូចជះទឹក។ ហេតុផលនេះដែរធ្វើឱ្យទូរទស្សន៍ TVB សម្រេចដកការងារចេញពីលោកស្ទើរអស់ រហូតលោកគ្មានលទ្ធភាពក្នុងការរកប្រាក់ថែមទាំងជំពាក់បំណុលគេជុំទិសទៀត។

លើសពីនេះអ្វីដែលធ្វើឱ្យលោកកាន់តែស្រេ្ដស និងមានសម្ពាធនោះគឺមិត្តភក្ដិជិតដិតទាំងឡាយដែលធ្លាប់រាប់អានរូបលោកបែរជាគ្មាននរណារវល់អើពើ និងគេចចេញបាត់ស្រមោលអស់ ដោយកាលនោះលោកបានទៅសុំជំនួយពីមិត្តជិតស្និទ្ធដូចជាតារាប្រុស Chow Yun Fat និងមួយចំនួនទៀតតែជាលទ្ធផលគ្មាននរណាព្រមជួយលោកឡើយ។

តារាប្រុស Ng Man Tat ធ្លាប់បានបង្ហើបថា នាពេលនោះឆាកជីវិតរបស់លោកគឺខ្មៅងងឹតសូន្យឈឹងរកផ្លូវដើរលែងឃើញព្រោះអស់រលីងពីខ្លួនទាំងប្រាក់ ទាំងការងារ និងមិត្តភក្ដិ។ មិនតែប៉ុណ្ណោះ ស្មុគស្មាញ អស់សង្ឃឹមពេកលោកប៊ិះនឹងសម្លាប់ខ្លួនទៅហើយដើម្បីបញ្ចប់រឿងទាំងអស់។  

កន្លងផុតទៅមួយរយៈទើបលោកដឹងពីបំណងល្អរបស់មិត្តភក្ដិរបស់លោក ពួកគេមិនឱ្យប្រាក់លោកខ្ចីព្រោះតែចង់ឱ្យរូបលោកភ្ញាក់រលឹក និងកែប្រែខ្លួនវិញឈប់ដើរផ្លូវខុសតទៅទៀត។ ក្រោយមកលោកព្យាយាមកែប្រែខ្លួន រៀនសូត្របន្ថែមពីការសម្ដែង និងចង់វិលត្រលប់ចូលសិល្បៈវិញ។ តែប្រវត្ដិមិនល្អទើបធ្វើឱ្យរូបលោកពិបាកក្នុងការរករឿងសម្ដែង និងមិនត្រូវបានគេស្វាគមន៍ឡើយ។

តែយ៉ាងណាមិញ ជីវិតរបស់តារាប្រុស Ng Man Tat ហាក់មានពន្លឺឡើងវិញបន្ដិចបន្ទាប់ពីរូបលោកបានជួបជាមួយតារាសម្ដែងប្រុសលោក ទិន ហ្វី នៅអំឡុងឆ្នាំ ១៩៩០។ លោក ទិន​ ហ្វី បានជួយជ្រោមជ្រែង និងឱ្យការងារលោកសម្ដែងជាច្រើនដូចជារឿង Triad Story, The Top Bet, Love On Delivery, God Of Cookery, Hail The Judge, Shaolin Soccer និងផ្សេងៗទៀត។

ថ្វីបើមានការជួយជ្រោមជ្រែងពីលោក​ ទិន ហ្វី ប៉ុន្ដែដោយសារលោក Ng Man Tat មានជាប់ជំពាក់ជំពិនស្នេហាជាមួយនឹងនារីដល់ទៅ ៣ នាក់ទើបធ្វើឱ្យជីវិតរបស់លោកមានភាពរញ៉េរញ៉ៃមិនចេះចប់។ លោកបានរៀបការលើកដំបូងជាមួយតារាស្រីហុងកុង Mak Lee Lee  ក្នុងឆ្នាំ ១៩៧៦ និងទទួលបានចំណងដៃកូនស្រីភ្លោះ ហើយលោកក៏បានលែងលះភរិយាទី ១ ក្នុងឆ្នាំ ១៩៩៤។ ក្រោយមកទៀត លោកក៏លង់ស្រឡាញ់តារាស្រី Lo Siu Chi និងសម្រេចចិត្តរៀបការហើយទទួលបានចំណងដៃកូនស្រីម្នាក់ទៀត។ លុះដល់ឆ្នាំ ១៩៩៦ លោកក៏បានរៀបការជាមួយតារាស្រី Hou ShanYan និងទទួលបានកូនប្រុស ស្រីចំនួន ២ នាក់បន្ថែមទៀត។  បន្ទុកគ្រួសារធ្វើឱ្យលោកត្រូវប្រឹងប្រែងធ្វើការ និងរកប្រាក់ដើម្បីចិញ្ចឹមកូនៗ បើទោះជា ឈឺ ឬហត់នឿយយ៉ាងណាក៏ត្រូវតែទ្រាំ។

និយាយពីស្ថានភាពសុខភាពរបស់លោកវិញ ទង្វើដែលលោកប្រព្រឹត្ដកាលពីនៅក្មេងដូចជាផឹកស្រា និងជក់បារី ធ្វើឱ្យសុខភាពរបស់លោកទ្រុឌទ្រោមហើយធ្លាក់ខ្លួនឈឺប៊ិះនឹងបាត់បង់ជីវិតក្នុងឆ្នាំ ២០១៤ ដោយសារមានជំងឺបេះដូង និងទឹកនោមផ្អែម។ ថ្វីបើត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា ប៉ុន្ដែសុខភាពរបស់លោកមិនបានជាសះស្បើយ ១០០ ភាគរយទេ ជារឿយៗ ត្រូវដាក់អុកស៊ីសែនដើម្បីសម្រួលដល់ការដកដង្ហើម ជាពិសេសនៅពេលដែលហត់នឿយខ្លាំង។

រហូតដល់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២១ សារព័ត៌មានតូចធំជាច្រើនរបស់ប្រទេសចិនបានចុះផ្សាយថា លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដោយសារជំងឺមហារីកថ្លើមធ្វើទុក្ខ។ ស្នាក់នៅមន្ទីរពេទ្យមិនទាន់បានមួយសប្ដាហ៍ត្រឹមត្រូវលោកក៏ទទួលមរណៈភាពនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅអាយុ ៧០ ឆ្នាំ។

រឿងស្ដាយក្រោយមួយដែលលោក Ng Man Tat ធ្លាប់បានសារភាពគឺទាក់ទិននឹងចំណងមិត្តភាពរបស់លោក និងតារាសម្ដែងប្រុស ទិន ហ្វី។ លោកបានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៩ ថា៖ អ្នកទាំងពីរមិនបានឈ្លោះប្រកែក និងឈប់រាប់អានគ្នាដូចពាក្យចចាមអារ៉ាមនោះទេ ទំនាក់ទំនងគឺនៅតែល្អប្រសើរ ប៉ុន្ដែដោយសារលោកមានជំងឺរ៉ាំរ៉ៃជាប់ខ្លួនទើបមិនមានឱកាសសម្ដែងរួមគ្នាទៀត។

លោកបន្ថែមថា ណាមួយអ្នកទាំងពីរជាប់រវល់រៀងៗ​​ខ្លួនទើបធ្វើឱ្យមិនសូវបានទាក់ទងគ្នា យូរៗ ទៅលោកក៏មានអារម្មណ៍ថាឃ្លាតឆ្ងាយ និងមិនដឹងគួរនិយាយអ្វី ឬគួរទាក់ទងទៅតារាប្រុស ទិន​ ហ្វី ឬក៏អត់? វាពិតជារឿងដ៏គួរឱ្យស្ដាយមួយ។ បើសិនមានឱកាសរូបលោកពិតជាចង់សម្ដែងរួមគ្នាជាមួយលោក ទិន ហ្វី ម្ដងទៀត។

អ្វីដែលធ្វើឱ្យមហាជនមិនអស់ចិត្តនោះអ្នកទាំងពីរមិនទាន់បានចាប់ដៃគូសម្ដែងរឿងរួមគ្នាសារជាថ្មីម្ដងទៀតផង តារាប្រុស Ng Man Tat ក៏បានទទួលមរណៈភាពដោយសារតែជំងឺមហារីកថ្លើមបន្សល់ត្រឹមតែវីដេអូឃ្លីប និងរឿងចាស់ៗ ឃើញហើយពិតជាស្រណោះខ្លាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង