តារាកំប្លែងតែងនាំមហាជនសើច តែនៅពីក្រោយឆាកជីវិត Ng Man Tat ពិតជាជូរចត់ខ្លាំង

Ng Man Tat ជាតារាសម្ដែងជើងចាស់ម្នាក់ដែលប៉ិនប្រសប់ខាងកំប្លុកកំប្លែង វត្ដមានរបស់លោកតែងធ្វើឱ្យមហាជនមានភាពសប្បាយរីករាយអស់កង្វល់។ ប៉ុន្ដែនៅពីក្រោយស្នាមញញឹមរបស់លោកបានបង្កប់នូវភាពជូរចត់ជាច្រើនរាប់មិនអស់ ដោយសារជីវិតពិតរបស់លោកមិនរីករាយដូចក្នុងភាពយន្ដកុនឡើយ។

ជាក់ស្ដែង មហាជនភាគច្រើនស្គាល់រូបលោកតាមរយៈភាពយន្ដរបស់លោក ទិន ហ្វី ដោយអ្នកទាំងពីរជាដៃគូសម្ដែងយ៉ាងស៊ីចង្វាក់គ្នាក្នុងទសវត្សរ៍ឆ្នាំ ៩០។ លោក Ng Man Tat កើតនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ១៩៥១ ក្នុងខេត្ត FuJian ប្រទេសចិន។ លោកធំធាត់ឡើងក្នុងគ្រួសារមិនសូវធូរធារត្រូវពឹងផ្អែកលើប្រាក់ចំណូលពីឳពុកតែម្នាក់ ដូច្នេះទើបលោកត្រូវសិក្សាបណ្ដើររកការងារបណ្ដើរដើម្បីជួយសម្រាលបន្ទុកគ្រួសារទាំងវ័យក្មេង។

ក្រឡេកមកមើលអាជីពជាអ្នកសិល្បៈ ផ្ដើមដំបូងឳពុករបស់តារាប្រុសរូបនេះបានជំទាស់ និងផ្ដាច់ការមិនឱ្យលោកចូលធ្វើជាតារាសម្ដែងឡើយ។ ប៉ុន្ដែទេពកោសល្យ និងការស្រឡាញ់ចូលចិត្តសិល្បៈតាំងពីក្មេងលោកក៏ប្រឆាំងជាមួយឳពុកហើយព្យាយាមជ្រៀតចូលសិល្បៈធ្វើជាតារាសម្ដែងរបស់ទូរទស្សន៍ TVB នៅអាយុ ២២ ឆ្នាំ។ បន្ទាប់ពីតស៊ូសម្ដែងជាតួអង្គនាយរងអស់រយៈពេលប្រមាណ ៦ ឆ្នាំរូបលោកក៏មានឱកាសសម្ដែងជាតួសំខាន់ក្នុងរឿង “Chor Lau Heung” ក្នុងឆ្នាំ ១៩៧៩។ ពេលវេលាអំណោយផលបូកផ្សំនឹងទេពកោសល្យរឿង “Chor Lau Heung” ធ្វើឱ្យលោកមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង និងរកបានប្រាក់ចំណូលច្រើនក្រាស់ក្រែល។  

អ្វីដែលគួរឱ្យសោកស្ដាយនោះ មានភាពល្បីល្បាញមិនបាន ១ ឆ្នាំផង រូបលោកក៏ធ្លាក់ខ្លួនជំពាក់បំណុលគេរាប់សិបម៉ឺនដុល្លារអាមេរិក ប្រាក់ដែលធ្លាប់មានកាន់ពេញដៃក៏អស់ពីខ្លួនដោយសារតែវក់លេងល្បែង ស្រី ផឹកស្រា និងចាយប្រាក់ដូចជះទឹក។ ហេតុផលនេះដែរធ្វើឱ្យទូរទស្សន៍ TVB សម្រេចដកការងារចេញពីលោកស្ទើរអស់ រហូតលោកគ្មានលទ្ធភាពក្នុងការរកប្រាក់ថែមទាំងជំពាក់បំណុលគេជុំទិសទៀត។

លើសពីនេះអ្វីដែលធ្វើឱ្យលោកកាន់តែស្រេ្ដស និងមានសម្ពាធនោះគឺមិត្តភក្ដិជិតដិតទាំងឡាយដែលធ្លាប់រាប់អានរូបលោកបែរជាគ្មាននរណារវល់អើពើ និងគេចចេញបាត់ស្រមោលអស់ ដោយកាលនោះលោកបានទៅសុំជំនួយពីមិត្តជិតស្និទ្ធដូចជាតារាប្រុស Chow Yun Fat និងមួយចំនួនទៀតតែជាលទ្ធផលគ្មាននរណាព្រមជួយលោកឡើយ។

តារាប្រុស Ng Man Tat ធ្លាប់បានបង្ហើបថា នាពេលនោះឆាកជីវិតរបស់លោកគឺខ្មៅងងឹតសូន្យឈឹងរកផ្លូវដើរលែងឃើញព្រោះអស់រលីងពីខ្លួនទាំងប្រាក់ ទាំងការងារ និងមិត្តភក្ដិ។ មិនតែប៉ុណ្ណោះ ស្មុគស្មាញ អស់សង្ឃឹមពេកលោកប៊ិះនឹងសម្លាប់ខ្លួនទៅហើយដើម្បីបញ្ចប់រឿងទាំងអស់។  

កន្លងផុតទៅមួយរយៈទើបលោកដឹងពីបំណងល្អរបស់មិត្តភក្ដិរបស់លោក ពួកគេមិនឱ្យប្រាក់លោកខ្ចីព្រោះតែចង់ឱ្យរូបលោកភ្ញាក់រលឹក និងកែប្រែខ្លួនវិញឈប់ដើរផ្លូវខុសតទៅទៀត។ ក្រោយមកលោកព្យាយាមកែប្រែខ្លួន រៀនសូត្របន្ថែមពីការសម្ដែង និងចង់វិលត្រលប់ចូលសិល្បៈវិញ។ តែប្រវត្ដិមិនល្អទើបធ្វើឱ្យរូបលោកពិបាកក្នុងការរករឿងសម្ដែង និងមិនត្រូវបានគេស្វាគមន៍ឡើយ។

តែយ៉ាងណាមិញ ជីវិតរបស់តារាប្រុស Ng Man Tat ហាក់មានពន្លឺឡើងវិញបន្ដិចបន្ទាប់ពីរូបលោកបានជួបជាមួយតារាសម្ដែងប្រុសលោក ទិន ហ្វី នៅអំឡុងឆ្នាំ ១៩៩០។ លោក ទិន​ ហ្វី បានជួយជ្រោមជ្រែង និងឱ្យការងារលោកសម្ដែងជាច្រើនដូចជារឿង Triad Story, The Top Bet, Love On Delivery, God Of Cookery, Hail The Judge, Shaolin Soccer និងផ្សេងៗទៀត។

ថ្វីបើមានការជួយជ្រោមជ្រែងពីលោក​ ទិន ហ្វី ប៉ុន្ដែដោយសារលោក Ng Man Tat មានជាប់ជំពាក់ជំពិនស្នេហាជាមួយនឹងនារីដល់ទៅ ៣ នាក់ទើបធ្វើឱ្យជីវិតរបស់លោកមានភាពរញ៉េរញ៉ៃមិនចេះចប់។ លោកបានរៀបការលើកដំបូងជាមួយតារាស្រីហុងកុង Mak Lee Lee  ក្នុងឆ្នាំ ១៩៧៦ និងទទួលបានចំណងដៃកូនស្រីភ្លោះ ហើយលោកក៏បានលែងលះភរិយាទី ១ ក្នុងឆ្នាំ ១៩៩៤។ ក្រោយមកទៀត លោកក៏លង់ស្រឡាញ់តារាស្រី Lo Siu Chi និងសម្រេចចិត្តរៀបការហើយទទួលបានចំណងដៃកូនស្រីម្នាក់ទៀត។ លុះដល់ឆ្នាំ ១៩៩៦ លោកក៏បានរៀបការជាមួយតារាស្រី Hou ShanYan និងទទួលបានកូនប្រុស ស្រីចំនួន ២ នាក់បន្ថែមទៀត។  បន្ទុកគ្រួសារធ្វើឱ្យលោកត្រូវប្រឹងប្រែងធ្វើការ និងរកប្រាក់ដើម្បីចិញ្ចឹមកូនៗ បើទោះជា ឈឺ ឬហត់នឿយយ៉ាងណាក៏ត្រូវតែទ្រាំ។

និយាយពីស្ថានភាពសុខភាពរបស់លោកវិញ ទង្វើដែលលោកប្រព្រឹត្ដកាលពីនៅក្មេងដូចជាផឹកស្រា និងជក់បារី ធ្វើឱ្យសុខភាពរបស់លោកទ្រុឌទ្រោមហើយធ្លាក់ខ្លួនឈឺប៊ិះនឹងបាត់បង់ជីវិតក្នុងឆ្នាំ ២០១៤ ដោយសារមានជំងឺបេះដូង និងទឹកនោមផ្អែម។ ថ្វីបើត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា ប៉ុន្ដែសុខភាពរបស់លោកមិនបានជាសះស្បើយ ១០០ ភាគរយទេ ជារឿយៗ ត្រូវដាក់អុកស៊ីសែនដើម្បីសម្រួលដល់ការដកដង្ហើម ជាពិសេសនៅពេលដែលហត់នឿយខ្លាំង។

រហូតដល់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២១ សារព័ត៌មានតូចធំជាច្រើនរបស់ប្រទេសចិនបានចុះផ្សាយថា លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដោយសារជំងឺមហារីកថ្លើមធ្វើទុក្ខ។ ស្នាក់នៅមន្ទីរពេទ្យមិនទាន់បានមួយសប្ដាហ៍ត្រឹមត្រូវលោកក៏ទទួលមរណៈភាពនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅអាយុ ៧០ ឆ្នាំ។

រឿងស្ដាយក្រោយមួយដែលលោក Ng Man Tat ធ្លាប់បានសារភាពគឺទាក់ទិននឹងចំណងមិត្តភាពរបស់លោក និងតារាសម្ដែងប្រុស ទិន ហ្វី។ លោកបានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៩ ថា៖ អ្នកទាំងពីរមិនបានឈ្លោះប្រកែក និងឈប់រាប់អានគ្នាដូចពាក្យចចាមអារ៉ាមនោះទេ ទំនាក់ទំនងគឺនៅតែល្អប្រសើរ ប៉ុន្ដែដោយសារលោកមានជំងឺរ៉ាំរ៉ៃជាប់ខ្លួនទើបមិនមានឱកាសសម្ដែងរួមគ្នាទៀត។

លោកបន្ថែមថា ណាមួយអ្នកទាំងពីរជាប់រវល់រៀងៗ​​ខ្លួនទើបធ្វើឱ្យមិនសូវបានទាក់ទងគ្នា យូរៗ ទៅលោកក៏មានអារម្មណ៍ថាឃ្លាតឆ្ងាយ និងមិនដឹងគួរនិយាយអ្វី ឬគួរទាក់ទងទៅតារាប្រុស ទិន​ ហ្វី ឬក៏អត់? វាពិតជារឿងដ៏គួរឱ្យស្ដាយមួយ។ បើសិនមានឱកាសរូបលោកពិតជាចង់សម្ដែងរួមគ្នាជាមួយលោក ទិន ហ្វី ម្ដងទៀត។

អ្វីដែលធ្វើឱ្យមហាជនមិនអស់ចិត្តនោះអ្នកទាំងពីរមិនទាន់បានចាប់ដៃគូសម្ដែងរឿងរួមគ្នាសារជាថ្មីម្ដងទៀតផង តារាប្រុស Ng Man Tat ក៏បានទទួលមរណៈភាពដោយសារតែជំងឺមហារីកថ្លើមបន្សល់ត្រឹមតែវីដេអូឃ្លីប និងរឿងចាស់ៗ ឃើញហើយពិតជាស្រណោះខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក