ក្រោយពីមានពាក្យចចាមអារ៉ាមចោទប្រកាន់ថា Mai Davika បានបោះបង់ចោលឪពុកបង្កើតទាំងដែលកំពុងតែដេកឈឺ តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃរូបនេះបានចេញមកច្រានចោលការលើកឡើងខាងលើ ព្រមទាំងបកស្រាយយ៉ាងលម្អិតពីទំនាក់ទំនងរវាងខ្លួន និងឪពុក ដែលបានបែកបាក់គ្នាជាមួយម្ដាយតាំងតែពីជាង ២០ឆ្នាំមុន។

តាមរយៈសំណេរដែលបានបង្ហោះនៅលើគណនី X កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈកន្លងទៅ តារាស្រីវ័យ ៣២ឆ្នាំ បានចាប់ផ្ដើមដោយបង្ហាញការសុំទោស ក្រោយមានព័ត៌មានមិនល្អទាក់ទងនឹងគ្រួសារខ្លួនបានផ្សព្វផ្សាយជាសាធារណៈ ដោយនាងបានបញ្ចាក់ថា កន្លងមកខ្លួនតែងតែគិតថាថ្ងៃណាមួយរឿងនេះនឹងបែកធ្លាយជាក់ជាមិនខាន។
Mai Davika បានរៀបរាប់ពីសម្ព័ន្ធភាពជាមួយនឹងឪពុកថា៖ “ប៉ា និងម៉ាក់របស់ Mai បានចែកផ្លូវគ្នាតាំងតែពី Mai មានអាយុ ១០ឆ្នាំមកម៉្លេះ។ បន្ទាប់ពីនេះ លោកប៉ាក៏បានរៀបការជាថ្មីជាមួយនឹងអ្នកស្គាល់គ្នាជាមួយនឹងអ្នកម៉ាក់”។
តួសម្ដែងស្រីថៃកូនកាត់បែលហ្សិករូបនេះ បានបន្តបង្ហើបពីគ្រាដំបូងៗដែលគ្រួសារបែកបាក់គ្នាថា ក្រោយពីបាត់បង់ឪពុកទៅខ្លួន និងម្ដាយបានជួបប្រទះនឹងផលពិបាកច្រើន និងមានលុយជាប់ខ្លួនតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកជាម្ដាយនៅតែតស៊ូចញ្ចឹមខ្លួនតែម្នាក់ឯង រហូតដល់ធំដឹងក្ដី។

ដ្បិតមានរឿងបែបនេះក្ដី Mai Davika បានប្រាប់បន្ថែមថា ខ្លួនមិនដែលគិតផ្ដាច់ទំនាក់ទំនងជាមួយនឹងឪពុកម្ដងណាឡើយ ព្រោះក្រោយពីអាចរកចំណូលបានដោយខ្លួនឯងហើយ ខ្លួនក៏ចាប់ផ្ដើមទាក់ទងទៅឪពុកម្ដងទៀត និងតែងផ្ញើប្រាក់ចន្លោះពី ២ ទៅ ៣ម៉ឺនបាត ឬប្រមាណ ៥៩០ ទៅ ៨៩០ដុល្លារអាមេរិកជូនឪពុកជារៀងរាល់ខែ អស់ពេលជាង ១០ឆ្នាំរួចមកហើយ។ បន្ថែមពីទឹកប្រាក់ តារាស្រីរូបនេះក៏បានប្រាប់ដែលថា ខ្លួនក៏បានទិញផ្ទះ និងឡានជូនអ្នកជាឪពុកផងដែរ។
ទាក់ទងនឹងព័ត៌មាននៃការទារត្រឡប់មកវិញនូវទ្រព្យសម្បត្តិទាំងអស់នេះ Mai Davika បានឆ្លើយតបវិញថា៖ “ Mai បានទិញឡានឱ្យលោកប៉ាចំនួន ២គ្រឿង និងផ្ទះមួយខ្នង (ដែលទាក់ទងសុំឡានមកវិញ ព្រោះប៉ាចូលចិត្តញ៉ាំស្រា Mai មិនចង់ឱ្យគាត់ស្រវឹងហើយបើកឡាន ព្រោះវាគ្រោះថ្នាក់។ សម្រាប់ផ្ទះក៏បានលក់ទៅវិញហើយដែរ ព្រោះលោកប៉ាមិនបានមកនៅទេ ដោយគាត់បានត្រឡប់ទៅរស់នៅជាមួយគ្រួសារថ្មី។ ដូច្នេះ ផ្ទះក៏ទុកចោលមិនមានមនុស្សនៅ ហើយខ្លាចមកចោរចូលលួច)”។
“ស្ទើរតែគ្រប់ពេលដែលលោកប៉ាត្រូវទៅព្យាបាលនៅក្រៅប្រទេស Mai ជាអ្នកដែលចេញថ្លៃសំបុត្រយន្តហោះទៅអ៊ឺរ៉ុប ប្រភេទកៅអី business Class ឱ្យរហូត (ព្រោះលោកប៉ាគាត់ធាត់ ទើបចង់ឱ្យគាត់អង្គុយស្រណុកខ្លួន)” នាងបានបកស្រាយបន្តបែបនេះ។

ទន្ទឹមគ្នានឹងការចោទប្រកាន់ថា ម្ដាយជាអ្នកព្យាយាមហាមឃាត់មិនឱ្យខ្លួនជួបនឹងឪពុក Mai Davika បានសរសេរសម្រាយថា គ្មាននរណាបានមកហាមឃាត់មិនឱ្យខ្លួនទាក់ទងទៅឪពុកទេ តែដោយសារតែរាល់ពេលដែលឪពុកទាក់ទងមក គាត់តែងនិយាយតែពីបញ្ហាលុយ ទើបនាងសម្រេចចិត្តផ្ញើលុយតែម្ដង ជំនួសដោយការនិយាយគ្នាច្រើន ព្រោះមិនចង់មានអារម្មណ៍មិនល្អជាមួយនឹងឪពុកខ្លួនឯង។
បន្តពីនេះ តួស្រីក្នុងរឿង My Ambulance បានបង្ហាញពីទឹកចិត្តកតញ្ញូក្នុងនាមជាកូនស្រីម្នាក់ថា ខ្លួននៅតែពេញចិត្តមើលថែឪពុក បើសិនជាមានថ្ងៃដែលអាចត្រឡប់មករស់នៅជួបជុំគ្នាម្ដងទៀត តែនាងក៏ទទួលស្គាល់ផងដែរថា វាជារឿងពិបាក ព្រោះឪពុកបានរៀបការមានគ្រួសារថ្មីទៅហើយ ទើបនាងអាចត្រឹមជួយជាទឹកប្រាក់នៅពេលដែលមានតម្រូវការប៉ុណ្ណោះ។
មុននឹងបញ្ចប់សំណេររបស់ខ្លួន Mai Davika បានសំណូមពរឱ្យអ្នកសារព័ត៌មានទាំងអស់ សូមទាក់ទងមកសួរនាំពីខ្លួនដោយផ្ទាល់មុននឹងចុះផ្សាយ ក៏ដូចជាសំណូមពរឱ្យសាធារណជនឈប់ចែករំលែករឿងនេះតទៅទៀតព្រោះនៅពេលនេះសមាជិកគ្រួសារម្នាក់ៗកំពុងទទួលរងនូវការឈឺចាប់ពីហេតុការណ៍ខាងលើនេះ៕


























































Account
Security
Favourite Content