នៅថ្ងៃទី ២២ ខែកុម្ភៈ សារព័ត៌មាន Osen បានរាយការណ៍ថា HYBE បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SM Entertainment ជាផ្លូវការ។ Park Ji Won នាយកប្រតិបត្តិ HYBE បានថ្លែងថា៖ “HYBE បានបញ្ចប់ការទិញភាគហ៊ុន 14.8% ដែលកាន់កាប់ដោយស្ថាបនិក SM Entertainment និងជាអតីត CEO លោក Lee Soo Man ចាប់ពីថ្ងៃនេះ ដូច្នេះ HYBE ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SM Entertainment”។ ការសម្រេចនេះកំពុងផ្លាស់ប្តូរទិដ្ឋភាពនៃផលិតកម្ម SM Entertainment និងឧស្សាហកម្ម K-pop ទាំងស្រុង។

ដំណើរពង្រីកខ្លួនរបស់ HYBE ពីក្មេងតូច ក្លាយជាបងធំក្នុងវិស័យចម្រៀងពិភពលោក
HYBE បានចាប់ផ្តើមពីក្រុមហ៊ុនតូចមួយដែលមានឈ្មោះថា Big Hit Music បង្កើតឡើងដោយ Bang Shi Hyuk ក្នុងឆ្នាំ ២០០៥ និងមានសិល្បករតិចតួចប៉ុណ្ណោះដូចជា 2AM, GLAM និង BTS ។
អំឡុងចុងទស្សវត្សរ៍ឆ្នាំ ២០០០ និងដើមទសវត្សរ៍ឆ្នាំ ២០១០ Big Hit Entertainment គ្រាន់តែជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះ។ BTS ពេលដើរលើកម្រាលព្រំក្រហមម្ដងៗ គឺមិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍នោះទេ។ ការជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេក៏មានអ្នកទស្សនាបួនដប់នាក់ ខណៈពេលនោះ ផលិតកម្ម SM, JYP និង YG ត្រូវបានចាត់ទុកថាជាអាណាចក្រ និងសសរស្តម្ភរបស់ Kpop។ កាលនោះ ប្រហែលជាគ្មានអ្នកណារំពឹងថា Big Hit នឹងរីកចម្រើនរហូតអាចលេបយក SM Entertainment នោះទេ។
កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលព័ត៌មាន HYBE កំពុងស្វែងរកទិញភាគហ៊ុនរបស់ SM Entertainment បានផ្ទុះឡើង ទស្សនិកជនជាច្រើនមិនជឿថា Bang Shi Hyuk អាចធ្វើបាននោះទេ។ ទោះយ៉ាងណា ការពិតបានបង្ហាញឱ្យឃើញថា គ្មានអ្វីដែលមិនអាចទៅរួចទេជាមួយ “ក្រុមហ៊ុនយក្សថ្មីរបស់ Kpop” មួយនេះ។
យោងតាម សារព័ត៌មាន Korea JoongAng Daily បានឱ្យដឹងថា HYBE បច្ចុប្បន្នគឺជាក្រុមហ៊ុន K-pop ដ៏ធំបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុនដែលជាទ្រនំរបស់ BTS កំពុងលេបត្របាក់ក្រុមហ៊ុនជាច្រើនទាំងក្នុង និងក្រៅប្រទេសកូរ៉េយ៉ាងឆាប់រហ័ស។
បន្ទាប់ពីបានឃើញការរីកចម្រើនយ៉ាងត្រចះត្រចង់ជាមួយភាពជោគជ័យរបស់ BTS ក្នុងឆ្នាំ ២០១៧ HYBE ដែលកាលនោះត្រូវបានគេស្គាល់ថាជា Big Hit Music ក៏បានទិញយកក្រុមហ៊ុនធំៗមួយចំនួននៅក្នុងឧស្សាហកម្មតន្ត្រីនៅក្នុងប្រទេសកូរ៉េ និងអាមេរិក។
ក្នុងនោះ ពួកគេបានទិញ Source Music ដែលជាផ្ទះរបស់ក្រុមចម្រៀងនារី GFriend នៅឆ្នាំ ២០១៩ និងបានបន្តទិញ Pledis Entertainment ជាក្រុមហ៊ុនគ្រប់គ្រង Seventeen, NU’EST និងក្រុម fromis_9 ក្នុងឆ្នាំ ២០២០។ HYBE ថែមទាំងបានទិញយក Ithaca Holdings ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាចម្រៀងប៉ុបល្បីលើពិភពលោក Justin Bieber និង Ariana Grande ក្នុងឆ្នាំ ២០២១ ទៀតផង។
បន្ថែមពីលើក្រុមហ៊ុនដែលបានរៀបរាប់ខាងលើ HYBE ក៏បានទិញអ្នកអភិវឌ្ឍន៍ហ្គេម Superb ក្នុងឆ្នាំ ២០១៩ និងទិញយកក្រុមហ៊ុនបុត្រសម្ព័ន្ធអប់រំរបស់ Naver ឈ្មោះ Cake ក្នុងឆ្នាំ ២០២២ ដែលជាការចាប់ផ្ដើមបច្ចេកវិទ្យាសំឡេងសិប្បនិម្មិត Supertone កាលពីខែមុន។
HYBE ចាប់ផ្ដើមគំរាមកំហែង SM និងវិស័យ K-pop
HYBE បច្ចុប្បន្នគឺជាកម្លាំងធំដែលក្រុមហ៊ុននៅក្នុងវិស័យ Kpop ទាំងអស់ត្រូវតែប្រុងប្រយ័ត្ន ហើយអ្នកដែលកំពុងភ័យខ្លាចបំផុតនៅពេលនេះគឺប្រហែលជាអ្នកគាំទ្រតារា SM។ ទីមួយពួកគេមានការព្រួយបារម្ភថា ការចូលរួមរបស់ HYBE នៅក្នុង SM នឹងធ្វើឱ្យក្រុមហ៊ុនបាត់បង់ស្ទីលតន្ត្រីរបស់ខ្លួនដែលបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយ។
សិល្បកររបស់ SM ជាពិសេសក្រុមសកម្មដូចជា NCT ឬ aespa មានភាពល្បីល្បាញដោយសារការពិសោធន៍ប្លែកពីគេ គឺតន្ត្រីអេឡិចត្រូនិច ហើយនៅពេលដែល HYBE កាន់កាប់ចំនួនភាគហ៊ុនច្រើនជាងគេ និងផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ SM ក្នុងពេលតែមួយផងនោះ តិចឬច្រើន ស្ទីលចម្រៀងរបស់ក្រុមហ៊ុននេះនឹងរងផលប៉ះពាល់។
ហេតុផលបន្ទាប់ដែលអ្នកគាំទ្រ SM ព្រួយបារម្ភនោះគឺ Idol របស់ពួកគេអាចនឹងត្រូវចាកចេញពីក្រុមហ៊ុន។ គេនៅចាំបានថា សមាជិក ៦ នាក់របស់ GFriend ត្រូវចាកចេញបន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Source Music ក្នុងខែឧសភា ឆ្នាំ ២០២១ ពោលគឺពីរឆ្នាំបន្ទាប់ពីក្រុមហ៊ុនរបស់ពួកគេត្រូវ HYBE ទិញយក។
ព័ត៌មានអំពីការរំសាយក្រុម GFriend ត្រូវបានបញ្ចេញដោយសមាជិកទាំងអស់មិនបានដឹងមុនឡើយ។ ការរំសាយក្រុមកំពុងល្បី ធ្វើឱ្យមានចម្ងល់ជាសាធារណៈថាតើ HYBE គឺជាអ្នកដាក់សម្ពាធលើ Source Music ដើម្បីបញ្ចប់ GFriend ឬយ៉ាងណា?
បញ្ហាមួយទៀតដែលធ្វើឲ្យសាធារណជនមានការងឿងឆ្ងល់នៅពេលនេះ គឺកម្មវិធីជជែកជាមួយអ្នកគាំទ្រ Weverse របស់ HYBE។ សិល្បករ HYBE ទាំងអស់ទាក់ទងជាមួយអ្នកគាំទ្រដោយប្រើ Weverse ហើយនេះក៏ជាកន្លែងផ្តល់សេវាផ្សេងទៀតដូចជាការប្រគំតន្ត្រីតាមអ៊ីនធឺណិត ការលក់ទំនិញ… របស់សិល្បករ HYBE។
SM Entertainment ក៏បានបញ្ចេញកម្មវិធីស្រដៀងគ្នាមួយដែលមានឈ្មោះថា Dear U bubble ក្នុងឆ្នាំ ២០២០។ កម្មវិធីនេះធ្លាប់ត្រូវបានគេចាត់ទុកថាជាគូប្រជែងរបស់ Weverse ។ ប្រសិនបើ Dear U bubble ត្រូវបញ្ចូលគ្នាជាមួយ Weverse នោះក្រុមហ៊ុនតូចៗផ្សេងទៀតនឹងគ្មានជម្រើសក្រៅពីចូលរួមជាមួយ Weverse ឡើយ។
លើសពីនេះ សិល្បកររបស់ HYBE មិនបានបង្ហាញខ្លួននៅលើប៉ុស្តិ៍ MBC ទេ សូម្បីតែកម្មវិធីតន្ត្រីឆ្លងឆ្នាំ MBC Gayo Daejin ចាប់តាំងពីឆ្នាំ ២០២០។ ប្រភពផ្ទៃក្នុងបាននិយាយថា ភាគីទាំងពីរមានជម្លោះតាំងពីឆ្នាំ ២០១៨ ដោយនៅពេលនោះ MBC បានអញ្ជើញ BTS មកសម្តែង ប៉ុន្តែ បានផ្តល់រង្វាន់សំខាន់មួយដល់គូប្រជែងរបស់ពួកគេគឺ EXO ។
ប្រសិនបើ HYBE កាន់កាប់ SM Entertainment សំណួរគឺថាតើសិល្បករ SM នឹងអាចសម្តែងនៅលើ MBC ដែរឬទេ?
ឆ្លើយតបទៅនឹងកង្វល់របស់អ្នកគាំទ្រ ក្នុងជំនួបជាមួយបុគ្គលិកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ នាយកប្រតិបត្តិ HYBE លោក Park Ji Won បានសង្កត់ធ្ងន់ថាខ្លួននឹង “គោរពស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់ SM” និង “ធានានូវឯករាជ្យភាពរបស់ក្រុមហ៊ុន” ។
ទោះយ៉ាងណា នាយកផ្នែកហិរញ្ញវត្ថុរបស់ផលិតកម្ម SM Entertainment លោក Jang Cheol Hyuk បាននិយាយថា នេះគឺជា “ការសន្យាដែលពិបាករក្សាបំផុត” ។
ការទិញភាគហ៊ុនលើកនេះក៏មានន័យថា HYBE នឹងកាន់កាប់ទីផ្សារតន្ត្រី និងឧស្សាហកម្មកម្សាន្តកូរ៉េភាគច្រើន ដែលនាំឱ្យវិស័យនេះខ្វះភាពចម្រុះ។ ប៉ុន្មានឆ្នាំមកនេះ BTS, EXO, NCT… គឺជាក្រុមចម្រៀងបុរសដែលមានការលក់អាល់ប៊ុមខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ តែឥឡូវនេះ HYBE ជាអ្នកកាន់ភាគហ៊ុនធំរបស់ SM ដូច្នេះតួលេខលក់អាល់ប៊ុមភាគច្រើននឹងជារបស់ HYBE ទាំងអស់។ Stray Kids មកពី JYP Entertainment គឺជាក្រុមចម្រៀងបុរសល្បីខ្លាំងតែមួយគត់ដែលមិនស្ថិតនៅ HYBE។
“ប្រសិនបើ SM Entertainment និង HYBE ដែលជាក្រុមហ៊ុនធំពីរនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងស្រុកបញ្ចូលគ្នា ពួកគេនឹងកាន់កាប់ចំណែកទីផ្សារ 60% នៃតម្លៃទីផ្សារសរុប។ ការលក់អាល់ប៊ុមរួមគ្នារបស់ក្រុមហ៊ុនទាំងពីរមានចំនួន 70% នៃទីផ្សារ ហើយការលក់សំបុត្រប្រគំតន្ត្រីគឺ 89%”។ លោក Jang Cheol Hyuk និយាយ។
ការតម្លើងថ្លៃសំបុត្រទស្សនាការប្រគំតន្ត្រីក៏ជារឿងដែលអ្នកគាំទ្រព្រួយបារម្ភដែរ។ កន្លងមក SM ផ្តល់តម្លៃសមរម្យសម្រាប់សំបុត្រប្រគំតន្ត្រី ដើម្បីឱ្យអ្នកគាំទ្រច្រើនអាចរីករាយនឹងការសម្តែង ខណៈដែលសំបុត្រខាង HYBE មានតម្លៃខ្ពស់ជាងជិតទ្វេដង។ ប្រសិនបើ SM ជាកម្មសិទ្ធិរបស់ HYBE តម្លៃសំបុត្រនឹងបង្កើតបន្ទុកកាន់តែច្រើនសម្រាប់អ្នកគាំទ្រ ៕























































Account
Security
Favourite Content