Nokia បានរចនាឡូហ្គោរបស់ខ្លួនឡើងវិញជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្រោយបាត់មុខពីទីផ្សារ និងអវត្តមានជាសាធារណៈក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទដៃ។
ក្នុងឡូហ្គោថ្មីដែលក្រុមហ៊ុន NOKIA បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ តួអក្សរចំនួនប្រាំដែលជាឈ្មោះ NOKIA នៅតែរក្សាដដែល តែសម្រាប់ពុម្ពអក្សរ ឬ Font ត្រូវបានផ្លាស់ប្ដូរថ្មី និងស្រាលជាងមុន ហើយផ្ទៃខាងក្រោយមានពណ៌ខៀវតំណាងឲ្យគុណតម្លៃនៃយីហោរបស់ខ្លួន តែផ្ទៃខាងក្រោយនេះនឹងត្រូវផ្លាស់ប្ដូរជានិច្ចអាស្រ័យលើការប្រើប្រាស់។

នាយកប្រតិបត្តិ NOKIA បច្ចុប្បន្នលោក Pekka Lundmark បានបញ្ជាក់បន្ថែមនៅថ្ងៃចេញផ្សាយថា «យើងរចនាឡូហ្គោនេះ ផ្អែកទៅតាមឡូហ្គោមុន ប៉ុន្តែយើងបានធ្វើឱ្យវាមានភាពទាន់សម័យ និងបែបឌីជីថលជាងមុន ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណបច្ចុប្បន្នរបស់យើង» ។
គួរបញ្ជាក់ថា ចាប់តាំងពីសម័យទូរស័ព្ទបិទបើករបស់ខ្លួនបញ្ចប់ទៅ ក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេបំផុតនាពេលនោះ មិនចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ទៅជាទូរស័ព្ទ Smart Phone ទើបធ្វើឲ្យ Nokia ពិបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple, Samsung និងក្រុមហ៊ុនដទៃទៀតនៅក្នុងទីផ្សារស្មាតហ្វូន។ ក្រោយមក នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Nokia បានលក់អាជីវកម្មទូរស័ព្ទចល័តរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Microsoft ក្នុងតម្លៃចំនួន ៨,៤ ពាន់លានដុល្លារ។
ចាប់តាំងពីពេលនោះមក NOKIA ពិបាកក្នុងការសាងកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនទូរស័ព្ទដៃឡើងវិញ ហើយបានងាកទៅផ្ដោតលើការផ្ដល់សេវាកម្មផ្ទុកឯកសារលើអ៊ីនធឺណិត និងទូរស័ព្ទដៃ (Mobile and cloud networking technologies)។ បច្ចុប្បន្ននេះប្រភពប្រាក់ចំណូលរបស់ NOKIA គឺបានមកពីអាជីវកម្ម និងអាជីវកម្ម (B2B) ដូចគ្នាប៉ុណ្ណោះ ខណៈពួកគេព្យាយាមពង្រីកខ្លួនក្នុងទីផ្សារសហគ្រាសដើម្បីផ្ដល់សេវាកម្មដំណោះស្រាយបច្ចេកវិទ្យាដល់អាជីវកម្មដទៃទៀត៕

























































Account
Security
Favourite Content