បវរកញ្ញាដែលមានឈាមជ័រជាខ្មែរ និងជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី កុយ អេនណា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើព្រៃផ្សៃរបស់ក្រុមយោធាអាវខ្មៅថៃមកលើពលករខ្មែរ ១៣ នាក់ ដោយក្នុងនោះមានពលករជានារីម្នាក់រងការរំលោភបំពានពីសំណាក់ក្រុមទាហានទាំងនោះ។


ក្នុងនាមជាទូតសុឆន្ទៈនៃក្រសួងកិច្ចការនារី កុយ អេនណា មិនអាចព្រងើយកន្តើយចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះពលករអន្តោប្រវេសន៍ខ្មែរ ដែលរងការធ្វើបាបយ៉ាងព្រៃផ្សៃ និងឃោរឃៅពីសំណាក់ទាហានឈុតខ្មៅថៃនោះឡើយ។
បវរកញ្ញារូបនេះបានប្រើប្រាស់សំឡេងរបស់ខ្លួននៅលើបណ្ដាញសង្គមប្រកាសថ្កោលទោសចំពោះសកម្មភាពដ៏សែនព្រៃផ្សៃដែលក្រុមទាហានថៃបានធ្វើមកលើពលករខ្មែរ ដោយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ពលករអន្តោប្រវេសន៍ខ្មែរចំនួន ១៣ នាក់ត្រូវក្រុមយោធាអាវខ្មៅថៃប្រើអំពើហិង្សា វាយដំ ទាត់ធាក់ ជំរិតទារប្រាក់ ព្រមជាមួយការគំរាមកំហែងយកទ្រព្យសម្បត្តិ ក្នុងខណៈដែលអ្នកទាំងអស់នោះធ្វើដំណើរចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា ហើយក្នុងចំណោមនោះមានពលករជាស្ត្រីម្នាក់ត្រូវបានក្រុមយោធាអាវខ្មៅ ៧ នាក់ប្រព្រឹត្តិនូវអំពើថោកទាប និងស្មោកគ្រោកដោយបានធ្វើសកម្មភាពសេពសន្ថវៈ (រំលោភបូក) មកលើរូបនាងយ៉ាងព្រៃផ្សៃ។
ជាមួយគ្នានេះដែរ កញ្ញា កុយ អេនណា បានបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍របស់ក្រសួងកិច្ចការនារីយ៉ាងដូច្នេះថា៖ «គណៈកម្មការសិទ្ធមនុស្សកម្ពុជាបានចាត់ទុកទង្វើដែលយោធាថៃធ្វើមកលើពលរដ្ឋកម្ពុជានាពេលនេះជាទង្វើអមនុស្សធម៌ជាទីបំផុត ដែលនេះផ្ទុយនិងច្បាប់សិទ្ធមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានចាត់ទុក «ការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្ដន្ទាទោស ដោយពុំមានការលើកលែង។
ជាចុងក្រោយ ទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារីរូបនេះបានបង្ហាញការសោកស្ដាយជាពន់ពេកចំពោះហេតុការណ៍ដែលបានកើតឡើងលើពលករនារីកម្ពុជា ក៏ដូចជាពលករទាំង ១២ នាក់ទៀត និងប្រកាសគោលជំហរយ៉ាងមុតមាំក្នុងការថ្កោលទោសចំពោះទង្វើអមនុស្សធម៌ និងព្រៃផ្សៃរបស់យោធាថៃមកលើពលរដ្ឋកម្ពុជាម្ដងហើយម្ដងទៀតដោយមិនញញើតទាល់តែសោះ៕




រូបភាព ៖ Koy Anna























Account
Security
Favourite Content