ក្រោយនាំឱ្យរឿងអាស្រូវរវាង Kim Soo Hyun និង Kim Sae Ron ផ្ទុះឡើង តាមរយៈវីដេអូនៅលើគណនីយូធូប នៅថ្ងៃទី១២ ខែមីនា Garosero Research Institute ក៏បានចេញមក live វីដេអូម្ដងទៀត ដោយនាំយកភស្តុតាងថ្មីៗមកជាមួយ។

Garosero Research Institute បានបង្ហាញពីសំបុត្រស្នេហា និងរូបថតដែល Kim Soo Hyun បានផ្ញើទៅឱ្យ Kim Sae Ron បានពេលដែលខ្លួនបានចូលហ្វឹកហាត់ក្នុងជួរទាហាន ដោយបានសន្និដ្ឋានថា រូបថតប្រភេទនេះទំនងមានតែមនុសជិតដិតគ្នាតែប៉ុណ្ណោះដែលផ្ញើឱ្យគ្នា។ បន្ថែមពីនេះ នៅក្នុងសំបុត្រ ដែលបានសរសេរឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ Kim Soo Hyun បានរៀបរាប់ពីសកម្មភាពនៅក្នុងកងយោធា និងអារម្មណ៍របស់ខ្លួនចំពោះតារាស្រី ដោយលោកបានប្រើប្រាស់ឈ្មោះអ្នកទទួលថា “Saero-Nero” និងជំនួសឈ្មោះពិតរបស់ខ្លួន ដោយឈ្មោះ “Kim Private First Class”។


យោងតាម Koreaboo តារាស្រី Kim Sae Ron ធ្លាប់បានប្រើប្រាស់ឈ្មោះហៅថាក្រៅថា “Saero-Nero” ដោយមានរូបភាព និងសំណេរដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនី X កាលពីឆ្នាំ ២០១៦ ជាអំណះអំណាង។ ទន្ទឹមគ្នានេះ Kim Soo Hyun ចូលចិត្តហៅឈ្មោះក្រៅរបស់ខ្លួន ដោយប្រើប្រាស់ពាក្យថា “Kim” ភ្ជាប់ជាមួយនឹង “ទីតាំង ឬរបស់របរនានា”។ ជាពិសេស នៅពេលដែលផ្ញើសារឆ្លើយឆ្លងជាមួយនឹងអ្នកគាំទ្រ។ តួយ៉ាង នៅក្នុង Postcard ដែលបានសរសេរនៅឯទីក្រុងប៉ារីស កាលពីឆ្នាំ២០១៩ ក៏មានប្រើប្រាស់ឈ្មោះ Saero-Nero និង YouTuber Kim Paris ផងដែរ។



បន្ថែមពីនេះ Garosero Research Institute ក៏បាននិយាយដែលថា Kim Soo Hyun ធ្លាប់បាននិយាយពីរឿងរៀបការជាមួយនឹង Kim Sae Ron នៅអំឡុងពេលដែលអ្នកទំាងពីររួមស្នេហាជាមួយគ្នា។
ស្របគ្នានឹងការបកស្រាយខាងលើ កាលពីពេលថ្មីៗនេះម្ដាយមីងរបស់ Kim Sae Ron ក៏បានប្រាប់ទៅកាន់សារព័ត៌មាន The Fact ដែរថា ការផ្លាស់ប្ដូរភ្នាក់ងារបស់ក្មួយខ្លួន មានហេតុផលមួយផ្នែកធំពី Kim Soo Hyun។ ជាក់ស្ដែង នៅពេលដែលដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរ គ្រួសារ Kim Sae Ron បានព្រួយបារម្ភខ្លាំង ដ្បិតតែគម្លាតអាយុរបស់តារាទាំងពីរខុសគ្នាខ្លាំងពេក។
ម្ដាយមីងរូបនេះបានបកស្រាយទៀតថា មុននឹងចាកចេញពី YG Entertainment តារាស្រីរូបនេះធ្លាប់បានប្រាប់ឪពុកម្ដាយថា ខ្លួន និង Kim Soo Hyun មានទំនាក់ទំនងពិសេសជាមួយគ្នា ដូច្នេះខ្លួននឹងចុះកិច្ចសន្យាជាមួយនឹង Gold Medalist។ ម្ដាយមីងក៏អះអាងដែរថា នៅគ្រានោះតារាប្រុសផ្ទាល់ក៏ធ្លាប់មកបញ្ចុះបញ្ចូល មិនឱ្យឪពុកម្ដាយព្រួយបារម្ភពីការចុះកិច្ចសន្យានេះឡើង ដោយសន្យាថា ខ្លួននឹងទទួលខុសត្រូវសព្វគ្រប់បែបយ៉ាងចំពោះ Kim Sae Ron។

ឆ្លើយតបនឹងការបែកធ្លាយនូវភស្តុតាងថ្មីៗជាបន្តបន្ទាប់ នៅថ្ងៃទី១៣ ខែមីនានេះ Gold Medalist ដែលជាភ្នាក់ងាររបស់ Kim Soo Hyun បានចេញសេចក្ដីថ្លែងការផងដែរ ដោយបាននិយាយថា នៅសប្ដាហ៍ក្រោយនេះ ខ្លួននឹងចេញសេចក្ដីថ្លែងការជាផ្លូវការមួយ ដើម្បីបកស្រាយទៅលើបញ្ហាចម្រូងចម្រាស់ខាងលើ ភ្ជាប់ជាមួយនឹងភស្តុតាងពីភាគីខាងខ្លួន។
Gold Medalist ក៏បានសុំទោសចំពោះរឿងហេតុដែលធ្វើឱ្យសាធារណជនមិនសប្បាយចិត្ត និងសុំទោសចំពោះការពន្យាពេលក្នុងការបកស្រាយការពិត។ ភ្នាក់ងារនេះក៏បានបញ្ចាក់ដែរថា ការឆ្លើយតបលើកនេះគឺដើម្បីច្រានចោលនៅការអះអាងពីភាគីតែម្ខាង ដែលកំពុងរីករាយដាលនៅក្នុងចំណោមសាធារណជន៕























Account
Security
Favourite Content