បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចយោធា និងវិលត្រលប់មកបន្តការងារសិល្បៈវិញ នៅពេលនេះ Jin សមាជិកក្រុម BTS ក៏បានជាប់ជាតារា K-Pop មានតម្លៃម៉ាកយីហោ ឬប្រជាប្រិយភាពខ្ពស់បំផុតសម្រាប់ខែកក្កដា ឆ្នាំ២០២៤។

ថ្មីៗនេះវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបានចេញផ្សាយតារាងចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះរបស់តារាខេប៉ុបក្នុងខែនេះ ដោយបានគណនាស្ថិតិពិន្ទុតារាប្រុសស្រីចំនួន ១៧០០ នាក់នៅក្នុងឧស្សាហកម្ម K-Pop ផ្អែកតាមកត្តាផ្សេងៗដូចជាការចូលរួមរបស់អ្នកគាំទ្រ ការបង្ហាញមុខលើប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទង និងសកម្មភាពជាមួយក្រុមអ្នកគាំទ្រជាដើម។ ជាលទ្ធផល Jin បងធំរបស់ក្រុម BTS បានជាប់ជាតារាដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុតក្នុងខែនេះ ដោយទទួលបានពិន្ទុ ៥,៦ លាន។

គួរបញ្ជាក់ថា Jin ទើបតែបញ្ចប់កាតព្វកិច្ចយោធាកាលពីមួយខែមុន ដោយមានសមាជិក BTS, ARMYs (អ្នកគាំទ្រ) ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានទៅស្វាគមន៍គេ។ មិនរង់ចាំយូរ Jin បានចាប់ផ្ដើមការ Live ជជែកផ្ទាល់ជាមួយអ្នកគាំទ្រ ជុំវិញពិភពលោកភ្លាមៗ មុនពេលប្រារព្ធព្រឹត្តិការណ៍ពិសេសដើម្បីជួបជុំអ្នកគាំទ្រដូចជាកម្មវិធី 2024 FESTA នៅថ្ងៃបន្ទាប់។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើប និងមោទនភាពយ៉ាងខ្លាំងនោះគឺ ការដែលលោកបានតំណាងឲ្យប្រទេសកូរ៉េខាងត្បូងក្នុងការកាន់ភ្លើងគប់សម្រាប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនៅពាក់កណ្តាលខែកក្កដា និងមានសកម្មភាពផ្សេងៗជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យគេអាចក្លាយជាតារាខេប៉ុបដែលមានប្រជាប្រិយភាពបំផុតប្រចាំខែ។

ដោយឡែកចំណាត់ថ្នាក់ខ្ពស់ជាងគេទីពីរក្នុងខែកក្កដាគឺ Taeyeon សមាជិកក្រុម Girl’s Generation ដែលទើបតែត្រលប់មកឆាកតន្ត្រីវិញនិងចេញបទថ្មីឱ្យអ្នកគាំទ្របានស្ដាប់ ដោយទទួលបានពិន្ទុសរុប ៣,៥ លានពិន្ទុ ខណៈចំណាត់ថ្នាក់លេខ ៣ បានទៅ Eun Ji ក្រុម Apink ដែលបច្ចុប្បន្នកំពុងសម្តែងក្នុងរឿង “Miss Night and Day” និងទទួលបានពិន្ទុសរុប ៣,៣ លានពិន្ទុ។ ចំណាត់ថ្នាក់បន្តបន្ទាប់បានទៅលើ៖
លេខ ៤ Cha Eun Woo ក្រុម ASTRO
លេខ ៥ Wonyoung ក្រុម IVE
លេខ ៦ Karina ក្រុម aespa
លេខ ៧ Yujin ក្រុម IVE
លេខ ៨ Jeewon ក្រុម cignature
លេខ ៩ Jimin ក្រុម BTS
លេខ ១០ បានលើ Joy ក្រុម Red Velvet ៕























Account
Security
Favourite Content