ត្បិតតែជាភាពយន្ត R-rated ដែលកំណត់អាយុអ្នកទស្សនា ១៧ឆ្នាំឡើងទៅ ប៉ុន្តែភាពយន្តថ្មីពីស្ទូឌីយោ Marvel រឿង “Deadpool & Wolverine” អាចរកចំណូលបានរហូតដល់ ៤៣៨ លានដុល្លារពីការបញ្ចាំងទូទាំងពិភពលោកក្នុងសប្ដាហ៍ដំបូង ថែមទាំងអាចបំបែកកំណត់ត្រាជាច្រើន។
ភាពយន្ត Superhero បែបកំប្លែងរឿង “Deadpool & Wolverine” ដែលរួមសម្ដែងដោយតារាប្រុស Ryan Reynolds និង Hugh Jackman បានគ្រងចំណាត់ថ្នាក់លេខ១ លើតារាង Box Office សប្ដាហ៍នេះជាមួយចំណូល ២០៥ លានដុល្លារពីការបញ្ចាំងនៅអាមេរិកខាងជើង និងជាង ២៣៣ លានដុល្លារទៀតពីការបញ្ចាំងនៅប្រទេសផ្សេងៗ ធ្វើឱ្យចំណូលសរុបទូទាំងពិភពលោកនៅសប្ដាហ៍ដំបូងអាចបានដល់ ៤៣៨ លានដុល្លារ ខណៈដើមទុនផលិតគឺ ២០០ លានដុល្លារ។
ចំណូលដ៏ច្រើននេះក៏បានធ្វើឱ្យ “Deadpool & Wolverine” អាចបំបែកកំណត់ត្រាជាច្រើនដូចជាកំណត់ត្រាភាពយន្ត R-rated ដែលអាចរកចំណូលសប្ដាហ៍ដំបូងបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ជាភាពយន្តរកចំណូលសប្ដាហ៍ដំបូងបានខ្ពស់បំផុតក្នុងឆ្នាំនេះ និងខ្ពស់បំផុតគិតចាប់ពីភាពយន្ត “Spider-Man: No Way Home” បានចេញកាលពីខែធ្នូ ឆ្នាំ២០២១។
មែនទែនទៅ “Deadpool & Wolverine” គឺជាភាពយន្តទី៣ ហើយក្នុងចំណោមស៊េរីភាពយន្ត “Deadpool” ដែលវគ្គដំបូងគេបានចេញកាលពីឆ្នាំ២០១៦ អាចរកចំណូលសរុបបាន ៧៨២ លានដុល្លារ និងវគ្គទី២ ចេញឆ្នាំ២០១៨ អាចរកចំណូលបាន ៧៨៥ លានដុល្លារ។
សម្រាប់ចំណាត់ថ្នាក់លេខ ២ សប្ដាហ៍នេះបានទៅលើភាពយន្តមហន្តរាយខ្យល់ព្យុះ “Twisters” ដែលអាចរកចំណូលនៅអាមេរិកបាន ៣៦ លានដុល្លារទៀតកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈចំណូលសរុបទូទាំងពិភពលោកកើនដល់ ២២១ លានដុល្លារក្រោយបញ្ចាំងបាន២សប្ដាហ៍។ រីឯចំណាត់ថ្នាក់លេខ៣ គឺភាពយន្តគំនូរជីវចល “Despicable Me 4” ដែលអាចរកចំណូលបាន ១៤,៥ លានដុល្លារទៀតនៅសប្ដាហ៍ចុងក្រោយ ខណៈចំណូលសរុបទូទាំងពិភពលោកកើនដល់ ៦៧៧ លានដុល្លារអាមេរិក ៕