តារាចម្រៀង និងជាតារាសម្តែងរូបសង្ហា លោក ចាដេត ថ្មីៗបានបង្ហើបឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា ២០២៣ នេះ លោកនឹងងាកមកពង្រឹងអាជីពចម្រៀងឱ្យខ្លាំងជាងការសម្តែង ដោយសារលោកចង់ផ្លាស់ប្តូរខ្លួនឯងមកជាតារាចម្រៀងពេញលេញ។ តួយ៉ាង សព្វថ្ងៃនេះលោកកំពុងហ្វឹកហាត់ការច្រៀង និងការប្រើប្រាស់សំឡេងឱ្យបានល្អ មុនពេលចាប់ផ្តើមថតបទចម្រៀងថ្មីៗ។

ចាដេត លើកឡើងថា បទថ្មីៗរបស់លោកត្រូវផលិតឡើងយ៉ាងសម្រិតសម្រាំង ដោយមានការជួយជ្រោយជ្រែងពីផលិតករ និងអ្នកនិពន្ធទំនុកច្រៀងល្បីៗនៅក្នុងស្រុក ដើម្បីឱ្យបទចម្រៀងចេញមកមានគុណភាព។ ទោះមិនដឹងថាបទថ្មីទាំងនោះអាចផ្ទុះប្រជាប្រិយភាព ឬយ៉ាងណា តែលោករីករាយក្នុងការផលិតបទឱ្យមានគុណភាពសម្រាប់អ្នកស្តាប់។
តាមគម្រោង តារាចម្រៀងសាច់សខ្ចីរូបនេះ នឹងបញ្ចេញបទចម្រៀងថ្មីៗចាប់ពីពាក់កណ្តាលខែកុម្ភៈនេះតទៅ ដោយមិនទាន់អាចកំណត់ចំនួនបាននៅឡើយ។ ដោយឡែក សម្រាប់ភាពយន្តវិញគឺលោកផ្អាកទទួលថតច្រើន ដោយចង់យកពេលមកផ្តោតលើការផលិតចម្រៀង។
សូមជម្រាបថា ចាដេត ជាតារាចម្រៀង និងជាតារាសម្តែង ហើយក៏ជា Vlogger មានឈ្មោះបោះសំឡេងម្នាក់ផងដែរ។ ភាគច្រើនគេស្គាល់លោកតាមរយៈការ Cover បទចម្រៀងល្បីៗ និងបទផលិតថ្មី និងការប្រូម៉ូត ផ្សព្វផ្សាយផលិផលជាដើម។ ទោះមិនទាន់មានបទណាអាចបំបែកទីផ្សារបាន តែកន្លងមកស្នាដៃបទចម្រៀងរបស់លោកទទួលបានការគាំទ្រខ្លាំងគួរសម។ ក្រៅពីទេពកោសល្យផ្នែកចម្រៀង ការសម្តែងរបស់លោកក៏ល្អគួរសម ធ្វើឱ្យផលិតករជ្រើសរើសទៅសម្តែងក្នុងរឿងជាច្រើន។ ស្នាដៃភាពយន្តចុងក្រោយបំផុតដែលលោកបានចូលរួមសម្តែងចំណងជើងថា ជួបស៊យ វគ្គ៣។
ក្រឡេកមកទីផ្សារការងារសិល្បៈនៅដើមឆ្នាំ ២០២៣ ចាដេត មានយីអ៊ុនស្រឺតៗ ដោយថ្មីៗនេះលោកទើបត្រូវប្រកាសជាទូតសុឆន្ទៈផលិតផល Miss Sunflower ក្នុងតម្លៃខ្លួនខ្ទង់សែនដុល្លារ (100K) ដែលកុងត្រាថ្មីនេះមានរយៈពេល ៣ ឆ្នាំពេញ៕
























Account
Security
Favourite Content