ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់សម្រាប់ការវិលត្រលប់របស់ J-hope ក្រុម BTS ដោយនៅព្រឹកថ្ងៃទី១៧ ខែតុលានេះ លោកបានចាកចេញពីជួរយោធានៅក្នុងខេត្ត Gangwon ជាផ្លូវការ ហើយសមាជិកម្នាក់ក្នុងក្រុមគឺ Jin ក៏នៅទីនោះដើម្បីស្វាគមន៍ការវិលត្រលប់របស់លោកដែរ។

កាលពីប៉ុន្មានថ្ងៃមុននេះ BIGHIT MUSIC បានឱ្យដឹងថានឹងមិនមានការរៀបចំព្រឹត្តិការណ៍ពិសេសណាមួយឡើយនៅថ្ងៃដែល J-hope ចេញពីយោធាដោយសារការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។ ប៉ុន្តែថ្ងៃនេះនៅតែមានអ្នកគាំទ្រមកពីប្រទេសផ្សេងៗប្រមាណ ១០០នាក់មកពីជុំវិញពិភពលោកបានរង់ចាំការត្រឡប់មកវិញរបស់តារាវ័យ ៣០ឆ្នាំរូបនេះ។
ក្នុងឱកាសនោះ J-hope បានផ្តល់បទសម្ភាស និងអរគុណដល់អ្នកគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ រួមទាំង Jin ដែលបានមកទទួលស្វាគមន៍លោកថា៖ “អរគុណហ្វេនៗទាំងអស់គ្នា ខ្ញុំអាចបញ្ចប់ភារកិច្ចដោយសុវត្ថិភាព និងសុខភាពល្អ”។ លោកបន្ថែមថា អ្វីដែលលោកបានយល់ដឹងក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក គឺទាហានជាច្រើនបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ព្រមលះបង់ខ្លួនឯង និងធ្វើអ្វីៗជាច្រើនដើម្បីការពារប្រទេស និងបានស្នើឱ្យសាធារណជន ផ្ដល់ការស្រលាញ់និងយកចិត្តទុកដាក់ដល់គ្រប់គ្នាដែលកំពុងបម្រើក្នុងជួរកងទ័ពផង។
គួរបញ្ជាក់ថា J-hope គឺជាសមាជិកក្រុម BTS ទីពីរដែលបានបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួនបន្ទាប់ពី Jin។ ចំណែកសមាជិកផ្សេងទៀតនឹងត្រូវស្ថិតនៅក្នុងជួរយោធាមួយរយៈទៀត ដោយពួកគេទាំងអស់នឹងអាចបញ្ចប់កាតព្វកិច្ច ហើយត្រឡប់ធ្វើការជុំគ្នាវិញនៅឆ្នាំ២០២៥។
គួរបញ្ជាក់ដែរថា J-hope បានចូលបំពេញកាតព្វកិច្ចយោធាកាលពីខែមេសាឆ្នាំមុន ដោយបានបម្រើការជាគ្រូបង្វឹកនៅជំរំកងពលទ័ពថ្មើរជើងទី ៣៦ នៅទីក្រុង Wonju ខេត្ត Gangwon។ តម្លៃភាគហ៊ុនរបស់ HYBE ដែលជាទីភ្នាក់ងាររបស់ BTS បានកើនឡើង ៤,៧% ស្របពេលមានព័ត៌មានវិលត្រលប់របស់តារារ៉េបរូបនេះ ៕


































































Account
Security
Favourite Content