កំលោះសង្ហា រ៉េននី ដារ៉ា ធ្លាប់ជាក្មេង Review ម្ហូប និងធ្វើវីដេអូ Vlog ខ្លីៗលើបណ្តាញសង្គមម្នាក់ តែដោយសារសមត្ថភាព ទេពកោសល្យ និងការប្រើប្រាស់សំនួនពាក្យពេចន៍ ទាក់ទាញប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស រហូតគ្រប់គ្នាស្គាល់ និងចាប់អារម្មណ៍មកលើរូបលោក។ ថ្មីៗនេះទៀតសោត Content Creator រូបនេះ ក៏បានបង្ហាញវត្តមាននៅក្នុងរឿងស្នេហាប្រភេទ BL «វាយោសមុទ្រ» ធ្វើឱ្យគ្រប់គ្នារឹតតែពេញចិត្ត និងទទួលស្គាល់ពីសមត្ថភាពសិល្បៈរបស់លោក។


តាមរយៈការតាមដាន និងការគាំទ្រច្រើនលើបណ្តាញសង្គម រ៉េននី ដារ៉ា ត្រូវបានឆាកអន្តរជាតិចាប់អារម្មណ៍ពីសក្តានុពល ដោយកន្លងមកមានផលិតផល និងប្រេនអន្តរជាតិជាច្រើន ជ្រើសរើសរូបលោកឱ្យទៅផ្សព្វផ្សាយផលិតផលរបស់ពួកគេ។
បន្ទាប់ពីក្តោបក្តាប់បានទីផ្សារក្នុងស្រុក រ៉េននី ដារ៉ា មានមោទនភាពជាថ្មីម្តងទៀត ដោយបានលេចវត្តមានក្នុងកម្មវិធីអន្តរជាតិធំមួយនៅប្រទេសសិង្ហបុរី ឈ្មោះថា an iconic night with PEDRO។ ការបង្ហាញវត្តមានលើឆាកអន្តរជាតិនេះ គឺក្នុងនាមជាអ្នកតំណាងពីប្រទេសកម្ពុជាចូលរួមជាមួយតារាល្បីៗមកពីប្រទេសដទៃនៅលើពិភពលោក រួមទាំងវត្តមាន Miss Grand International 2021 Nguyễn Thúc Thùy Tiên ផងដែរ។ ក្នុងរាត្រីដ៏គួរឱ្យចងចាំនោះ អតីតជយលាភីលេខ១ កម្មវិធី Cambodian Net Idol បានផ្តិតយករូបថតស្អាតៗជាច្រើនទុកជាអនុស្សាវរីយ៍ជាមួយតារាល្បីៗមកពីបណ្តាប្រទេសផ្សេងៗ។







រ៉េននី ដារ៉ា លើកឡើងថា នេះជាលើកទីមួយ ហើយក៏ជាក្តីស្រមៃដែលចង់ធ្វើការងារលើឆាកអន្តរជាតិ និងតំណាងឱ្យប្រទេសកម្ពុជា។ រយ:ពេល ៤ ឆ្នាំ លើវិស័យមួយនេះ លោកបានខំប្រឹងយ៉ាងខ្លាំងរហូតដល់មានការទទួលស្គាល់ពីមហាជនទាំងក្នុងស្រុក និងក្រៅប្រទេស។ លោកបន្ថែមថា «ខ្ញុំចង់ប្រាប់មួយថា DREAM គ្រាន់តែជាអ្វីដែលអ្នកទាំងអស់គ្នាចង់បាន។ ប៉ុន្តែ កុំភ្លេចធ្វើវាឲ្យកើតឡើង។ ឥឡូវនេះដើម្បីទទួលបានជោគជ័យនៅថ្ងៃខាងមុខ។ ចាប់ក្តីស្រមៃរបស់អ្នកបើអ្នកកំពុងតែមានឱកាស»។



នេះជាជំហានដ៏ធំសម្រាប់សិល្បករកម្ពុជារូបនេះ ក្នុងការអភិវឌ្ឍន៍ និងពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈការចូលរួមកម្មវិធីអន្តរជាតិនេះលោកសង្ឃឹមថា នឹងមានឱកាសឈោងចាប់ការងារលំដាប់អន្តរជាតិជាមួយប្រេនផ្សេងៗទៀត ឆ្ពោះទៅការជួយពង្រីកទីផ្សារជូនសិល្បករខ្មែរយើងនាពេលខាងមុខ។
គួររំឮកផងដែរថា មិនមែនមានតែ Content Creator រ៉េននី ដារ៉ា ម្នាក់ទេ ដែលបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ តែក៏មានសិល្បករកម្ពុជាល្បីៗច្រើននាក់ទៀត រួមមាន៖ កញ្ញា ស៊ីន យូប៊ីន, ស៊ីន ជេននី, កំលោះសង្ហា ក្សត្រា, ស្រីស្អាត ដាវដាវ, មាលា, ធីរីកា, ចេនី និង សិទ្ធី នីកា ក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ៕























Account
Security
Favourite Content