ឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីវ័យក្មេង ទើបចូលកាន់តំណែងថ្មីថ្មោង ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងអាណត្តិទី៧ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ ទើបនឹងចូលកាន់តំណែងថ្មីៗ ប៉ុន្តែរដ្ឋមន្ត្រីរូបសង្ហារូបនេះ បានបង្ហាញនូវសកម្មភាពដ៏មមាញឹក និងឃើញភាពប្រែប្រួលឈានទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ក្នុងវិស័យទេសចរណ៍។
ថ្មីៗកន្លងទៅនេះនៅក្នុងពិធីបុណ្យសមុទ្រជាកិត្តិយសដ៏វិសេសវិសាលមួយ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកសរសើរចំៗនៅចំពោះមុខមន្ត្រី និងមហាជនថា ឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រី ដែលនិយាយតិចធ្វើច្រើន។ សម្ដេចនាយករដ្ឋមន្ត្រីបានលើកសរសើរនៅចំណុចល្អជាច្រើនរបស់រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ចំពោះសកម្មភាពការងារដ៏សស្រាក់សស្រាំក្នុងរយៈពេល ១០០ថ្ងៃកន្លងទៅ ចាប់ពីថ្ងៃចូលកាន់តំណែងជាអ្នកដឹកនាំក្រសួងទេសចរណ៍។
សម្ដេចធិបតី បានថ្លែងយ៉ាងដូច្នេះថា៖ «ឯកឧត្ដម សុខ សូកេន អ្នកនិយាយតិចធ្វើច្រើន មិនសូវឮគេនិយាយប៉ុន្មានទេ ប៉ុន្តែឱ្យតែសួរពេលណា តិចចុះទៅជួបសហគមន៍កំពង់ភ្លក់ តិចជួបនៅបឹងទន្លេសាប តិចជួបជាមួយប្រតិបត្តិករសហគមន៍ ក្នុងវិស័យទេសចរណ៍នៅសៀមរាប នៅកែប ចុះក្ដាប់ ចុះជួបផ្ទាល់ ចុះធ្វើការផ្ទាល់ ចុះរៀបផែនការផ្ទាល់ រៀបជាមួយមន្ត្រីក្នុងស្ថាប័ន ជាមួយក្រសួង មន្ទីរពាក់ព័ន្ធ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកយកប្រសាសន៍របស់លោកឪពុក គឺសម្ដេចតេជោ ហ៊ុន សែន ថា៖ «កុំឱ្យធ្វើជាមន្ត្រីជើង ១០ ត្រូវធ្វើជាមន្ត្រីជើង ២ ហើយរយៈពេល ១០០ថ្ងៃនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ពីក្រសួងដែលដឹកនាំដោយមន្ត្រីជើង ២ ចុះគ្រប់កន្លែង នេះត្រូវតែបន្ត» ៕
ទស្សនាវីដេអូអំពីប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសើរឯកឧត្ដម សុខ សូកេន:https://fb.watch/oLKeRh_jOo/