កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ អតីតស្វាមីតារាសម្ដែងស្រីល្បី Zhao LiYing គឺតារាប្រុស Feng ShaoFeng បានចូលរួមផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួន។ ក្រៅពីនិយាយពីអារម្មណ៍ និងបទពិសោធសម្រាប់ការសម្ដែងរឿង លោកក៏បាននិយាយរំឮកដល់កូនប្រុសអាយុ ៥ ឆ្នាំដែរ។
តារាប្រុសវ័យ ៤៥ ឆ្នាំរូបនេះ បាននិយាយទាំងរលីងរលោងពីបទពិសោធដែលលោកធ្វើជាឳពុករបស់គេ ដោយលើកឡើងថា លោកមានកូនតូចនៅពេលមានវ័យចំណាស់បន្ដិចទៅហើយ។ លោកព្យាយាមរៀនសូត្រពីការមើលថែក្មេង និងមានទំនាក់ទំនងជិតស្និទ្ធជាមួយកូន។ លោកចិញ្ចឹមមើលថែគេ ដោយយកចិត្ដទុកដាក់ និងតែងនិយាយជាមួយកូន។ តួឯកប្រុសក្នុងរឿង “Prince of Lan Ling” ថា ខ្លួនមិនទាន់ជាឳពុកល្អឥតខ្ចោះឡើយ លោកនៅបន្ដរៀនបន្ថែមពីការមើលថែកូន ហើយលោកពិតជាស្រឡាញ់កូន និងថែរក្សាពេលវេលាល្អៗជាមួយគ្នាបានច្រើន។
យោងតាមប្រភពផ្ទៃក្នុងបានឲ្យដឹងថា Feng ShaoFeng ជាមួយកូន គឺរស់នៅជាមួយឳពុកម្ដាយលោកនៅឯទីក្រុង សៀងហៃ។ ចំណែករូបលោក នៅតែរក្សាទំនាក់ទំនងល្អជាមួយអតីតភរិយា និងមើលថែទាំកូនរួមគ្នា។ ពេលទំនេរពីការងារ អតីតគូស្វាមីភរិយាមួយគូនេះ បានចំណាយពេលវេលាជាមួយកូន ដើម្បីផ្ដល់ការចងចាំល្អៗ សម្រាប់កូនតូច។
តារាស្រី Zhao LiYing និងតារារប្រុស Feng ShaoFeng បានប្រកាសរៀបការនៅចុងឆ្នាំ ២០១៨។ ក្រោយរៀបការអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់។ រៀបការសាងគ្រួសារបានរយៈពេលជិត ៣ ឆ្នាំ អ្នកទាំងពីរក៏ប្រកាសលែងលះគ្នា នៅពាក់កណ្ដាលឆ្នាំ ២០២១។ បន្ទាប់ពីលែងលះ អ្នកទាំងពីរងាកមកផ្ដោតលើអាជីពសិល្បៈរបស់ខ្លួន និងបន្ដបង្ហាញថ្វីដៃទេពកោសល្យក្នុងការសម្ដែង៕