វិស័យសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជុំវិញពិភពលោក ខណៈរឿងទំនាក់ទំនងស្នេហា របស់តារាជាប្រធានបទពេញនិយមដែលត្រូវបានគេលើកយកមកពិភាក្សា។ ក្នុងឆ្នាំ ២០២៣ គិតត្រឹមចុងខែ សីហា គឺមានគូល្បីៗ ជាច្រើនត្រូវបានគេលាតត្រដាងពីទំនាក់ទំនងស្នេហាជាសាធារណៈ៖
១.គូស្នេហ៍ល្បីដើមឆ្នាំ ២០២៣




តារាចម្រៀងស្រី IU និងតារាប្រុស Lee JongSuk បានធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីខាង Dispatch បានទម្លាយថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា។ ក្រោយមកក្រុមហ៊ុនរបស់តារាប្រុសស្រីទាំងពីរក៏បានចេញបញ្ជាក់ថា អ្នកទាំងពីរពិតជាកំពុងសេពគប់មើលចិត្តថ្លើមគ្នាមែន។ បើតាមសម្ដីរបស់មិត្ដភក្ដិជិតស្និទ្ធរបស់អ្នកទាំងពីរបានឱ្យដឹងថា អ្នកទាំងមានអារម្មណ៍ល្អចំពោះគ្នា និងចាប់ផ្ដើមទាក់ទងគ្នាជាផ្លូវការអស់រយៈពេលជាច្រើនខែទៅហើយ ខណៈទំនាក់ទំនងស្នេហាកាន់តែស្អិតល្មួតខ្លាំង។
២.គូស្នេហ៍ក្នុងរឿងភាគល្បី “The Glory”




The Glory ជារឿងភាគដ៏ល្បីល្បាញមួយរបស់ Netflix ដែលចូលរួមសម្ដែងដោយតារាស្រី Song HyeKyo, Lee DoHyun និង Lim JiYeon ជាដើម។ រឿងនេះដែរនិយាយពីជីវិតរបស់ក្មេងស្រីម្នាក់ដែលត្រូវបានគេធ្វើបាបខ្លាំងកាលពីនៅរៀនថ្នាក់វិទ្យាល័យ ក្រោយមករូបនាងក៏ទៅសងសឹកចំពោះអ្នកដែលធ្វើបាបខ្លួន។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះគឺទំនាក់ទំនងស្នេហារបស់តារាប្រុស Lee DoHyun និង Lim JiYeon ដោយគ្រប់គ្នាមិនរំពឹងទុកថាអ្នកទាំងពីរសេពគប់គ្នាឡើយ។ បើតាមប្រភពផ្ទៃក្នុងអ្នកទាំងពីរចាប់ផ្ដើមមើលចិត្តថ្លើមគ្នាតាំងពីឆ្នាំ ២០២២ ម្ល៉េះក្រោយពីបានជួបគ្នានៅកន្លែងថត។
៣.គូស្នេហ៍មិនរំពឹងទុក


ទំនាក់ទំនងស្នេហារបស់Jisoo សមាជិកក្រុមចម្រៀង BLACKPINK និងតារាសម្ដែងប្រុស Ahn BoHyun ពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង។ ដោយសារតែ Jisoo កំពុងមានប្រជាប្រិយភាពខ្លាំង និងការងារហូរហែរឥតដាច់ដូច្នេះគ្រប់គ្នារំពឹងទុកថាយ៉ាងហោចណាស់ ២ ទៅ ៣ ឆ្នាំទៀតទើបរូបនាងបង្ហាញមុខគូស្នេហ៍របស់ខ្លួន។ ផលិតកម្មតំណាងរបស់ Jisoo និង Ahn BoHyun បានចេញមកបញ្ជាក់ថា អ្នកទាំងពីរពិតជាកំពុងសេពគប់គ្នាពិតមែនក្រោយពី Dispatch ទម្លាយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ បើតាមប្រភពជិតស្និទ្ធបានឱ្យដឹងថា តារាប្រុស Ahn BoHyun ពិតជាយកចិត្តទុកដាក់ និងស្រឡាញ់ Jisoo ខ្លាំងដោយសារលោកបានព្យាយាមផ្លាស់ប្ដូរកាលវិភាគការងាររបស់ខ្លួនស្របតាម Jisoo ដើម្បីមានឱកាសជួបគ្នា។
៤.Hwasa និងមិត្តប្រុសអ្នកជំនួញ




កាលពីខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅប្រភពព័ត៌មានកូរ៉េបានទម្លាយថា តារាចម្រៀងស្រីល្បី Hwasa កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញម្នាក់ដែលមានអាយុច្រើនជាងនាងដល់ទៅ ១២ ឆ្នាំ។ អ្នកទាំងពីរត្រូវបានរាយការណ៍ថាមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំមកហើយ និងមើលថែទាំគ្នាបានយ៉ាងល្អផងដែរ។ អ្នកតំណាងរបស់ Hwasa មិនបានចេញមុខបដិសេធអ្វីឡើយ និងលើកឡើងថាជារឿងឯកជនរបស់តារា ដូច្នេះធ្វើឱ្យមហាជនជឿថាទំនាក់ទំនងស្នេហាមួយនេះជាការពិតគ្រាន់តែអ្នកទាំងពីរមិនទាន់ចង់ប្រកាសពីទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះ៕























































Account
Security
Favourite Content