២៦ ឆ្នាំជាពិធីការនី យុគ ចិន្តា ប្រាប់មិនលាក់លៀមពីបទពិសោធន៍ជំនាញនេះ

និយាយ​ពី​អ្នកនាង យុគ ចិន្តា ប្រិយមិត្ត​អ្នក​អាន​ប្រាកដជា​ស្គាល់​ថា​អ្នកនាង​ត្រូវ​បាន​មហាជន និង​អ្នក​គាំទ្រ​ចាត់​ទុក​ជា​ពិធី​ការិនី​ឆ្នើម និង​ជួរ​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​ប្រើប្រាស់​សំនៀង​វោហារ​សព្ទ និង​ការ​ប្រើប្រាស់​ពាក្យពេចន៍​និយាយ ឬ​អត្ថាធិប្បាយ​ហើយ​នោះ អ្នកនាង​ក៏​ត្រូវ​បាន​មហាជន​កត់​សម្គាល់​ថា ជា​ពិធី​ការិនី​សាច់​ចាំ​ម្នាក់​ផង​ដែរ ព្រោះ​អាច​ថែរក្សា​រូប​សម្រស់​បាន​​ស្អាត​សមសួន ទោះបី​កូន​ស្រី​ធំ​ទន្ទឹម​ខ្លួន​ទៅ​ហើយ​ក្តី។

គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ យុគ ចិន្តា មិន​សូវ​បង្ហាញ​ខ្លួន​ញឹកញាប់​ដូច​ពី​មុន​ទៀត​នោះ​ទេ តែ​អ្នកនាង​បាន​ងាក​មក​ប្រើ​ជីវិត​ជាមួយ​ធម្មជាតិ​វិញ​ម្ដង ដើម្បី​ជា​ការ​សម្រាក​លំហែ​អារម្មណ៍ និង​ព្យាបាល​ស្នាម​របួស​ក្នុង​ចិត្ត បន្ទាប់ពី​បាត់បង់​ម្ដាយ​កាលពី​ខែ ៧ ឆ្នាំ ២០២១ កន្លង​ទៅ​។ទើប​ថ្មី​ៗ​នេះ​អ្នកនាង​បាន​ឡើង​កម្មវិធី 3 FUN អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស។ ក្នុង​កិច្ច​សម្ភាសន៍​នោះ គេ​បាន​ឃើញ​អ្នកនាង​បកស្រាយ​រឿងរ៉ាវ​មួយ​ចំនួន និង​រម្លឹក​ពី​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​ជា​ពិធី​ការិនី ឱ្យ​មហាជន​អ្នក​គាំទ្រ​បាន​ដឹង។

អ្នកនាង​រម្លឹក​ឡើង​ថា គិត​មក​ទល់​ពេលនេះ នាង​បាន​ឆ្លងកាត់​ការងារ​ជា​ពិធី​ការិនី​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​អស់​រយៈ​​ពេល ២៦ ឆ្នាំ​មក​ហើយ និង​បាន​ឆ្លងកាត់​បទពិសោធន៍​ច្រើន​រាប់​មិន​អស់។ ក្នុង​អាជីព​ជា​ពិធី​ការិនី​ជាង ២០ ឆ្នាំ​មកនេះ គឺ​អ្នកនាង​ចូលចិត្ត​មើល​គំរូ និង​យក​លំនាំ​ល្អ​ៗ​តាម​លោក​ជំទាវ ចន្ធី ដែល​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ទទក។

ក្រោយ​ឈរ​ជើង​ជា​ពិធីការ​នី ២០ ឆ្នាំ​ប្លាយ​មកនេះ អ្នកនាង​ចែករំលែក​ដោយ​មិន​លាក់លៀម​ថា ដើម្បី​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​ចងចាំ​មិន​ភ្លេច​ពី​កិត្តិនាម​ជា​ពិធី​ការិនី និង​ដើម្បី​ធ្វើជា​ពិធី​ការិនី​ម្នាក់​ក្នុង​ដួង​ចិត្ត​អ្នក​ទស្សនា អ្នកនាង​បាន​ដៅ​គោលដៅ​មួយ​ចំនួន​សម្រាប់​ខ្លួនឯង ដើម្បី​សាង​ប្រជាប្រិយភាព និង​ជា​គំរូ​សម្រាប់​មហាជន​ទូទៅ។

ក្នុង​កិច្ច​សម្ភាសន៍​ខាង​លើ​ម្ចាស់​ហាង​កាត់​សម្លៀកបំពាក់​អម បាន​លើក​ឡើង​ថា ការ​និយាយ​ជា​ពិធី​ការិនី គឺជា «គំរូ» រាល់​សម្ដី និង​ការ​ប្រើប្រាស់​ពាក្យពេចន៍​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ហើយ​ចៀសវាង​រាល់​ពាក្យ​សម្ដី​លេង​សើច ដែល​បណ្ដាល​ឱ្យ​មាន​ការ​លើសលស់​ដោយ​ប្រការ​ណាមួយ​ដែល​នឹង​កើត​មាន​ឡើង។ សម្រាប់​អ្នកនាង​ផ្ទាល់ អ្នកនាង​បាន​ដាក់​គោលដៅ​ចំពោះ​ខ្លួនឯង​ថា អ្នកនាង​គឺ​ជា​ពិធី​ការិនី​ម្នាក់​ដែល​ពូកែ​ស្ដាប់​រឿង រាល់​ការ​សម្ភាសន៍​នីមួយៗ អ្នកនាង​ត្រូវតែ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ មួយ​ទៀត​នោះ គឺ​ការ​អាន​រាល់​ឯកសារ ឬ​ចំណេះដឹង​ទូទៅ​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ជាមួយ​ការងារ ដោយ​អ្នកនាង​បាន​ព្យាយាម​អាន​បន្ថែម​មិន​ដាច់ ព្រោះ​ការ​អាន​ច្រើន​ជំរុញ​ឱ្យ​អ្នកនាង​មាន​ពាក្យ​បង្កើត​ជា​សំណួរ​កាន់​តែ​ច្រើន​តាម​នោះ​ដែរ។

ក្នុងនាម​ជា​សិល្ប​ការិនី​រៀមច្បង​ម្នាក់​ដែល​បាន​ហែល​ឆ្លង​វិថី​នេះ​មុន អ្នកនាង​បាន​ផ្ដាំ​ផ្ញើ​ទៅ​កាន់​ប្អូន​ៗ​ជំនាន់​ក្រោយ​ថា ជា​អ្នក​សិល្បៈ ឬ​ជា​ពិធីករ ពិធី​ការិនី ត្រូវតែ​ប្រកាន់​ខ្ជាប់ ការ​គោរព​ដោយ​ត្រូវ​លើកដៃ​សំពះ។ ការ​លើកដៃ​សំពះ គឺជា​វប្បធម៌​ដ៏​ប្រពៃ​​​ និង​ជា​អត្តសញ្ញាណ​ខ្មែរ​​។ ការ​សំពះ​គោរព​រៀមច្បង ទោះ​ស្គាល់ ឬ​មិន​ស្គាល់ ក៏​យើង​ត្រូវតែ​ប្រតិបត្តិ​ឱ្យ​ជាប់ ទើប​នេះ​ជា​ទង្វើ​ល្អ​របស់​កូន​ខ្មែរ៕