Hwang So-hee ឬអ្នកគ្រប់គ្នាស្គាល់ឈ្មោះក្នុងសិល្បៈថា DJ SODA គឺជាសិល្បការិនីកូរ៉េដ៏ល្បីល្បាញមួយរូប ដែលតែងលេចវត្តមានក្នុងនាមជា Headliner ក្នុងមហោស្រពតន្ត្រីលំដាប់ពិភពលោករាប់មិនអស់។ ថ្មីៗនេះ DJ SODA ក៏បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមជា Headliner ក្នុងមហោស្រពតន្ត្រីដ៏ធំរបស់ក្រុមហ៊ុនស្ទីង រួមជាមួយកំពូលតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត។

ឆ្លៀតក្នុងឱកាសមកប្រទេសកម្ពុជាលើកនេះ DJ SODA បានឆ្លៀតធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត។ មិនត្រឹមតែទៅទស្សនាប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងបានថតវីដេអូខ្លីមួយ ផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ទៅកាន់ពិភពលោក ក្នុងសម្លៀកបំពាក់យ៉ាងសមសួន ថ្លៃថ្នូរបំផុត។ ថ្វិដ្បិតវីដេអូនោះ មានរយៈពេលតែប៉ុន្មានវិនាទី ប៉ុន្តែមានអ្នកចូលទស្សនារាប់ម៉ឺនដង និងមានអ្នកចែករំលែកបន្តរាប់ពាន់នាក់។ ដោយនេះបង្ហាញពីការលើកស្ទួយផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌពិភពលោក លើទឹកដីប្រទេសកម្ពុជា ដោយកាយវិការ ការស្លៀកពាក់យ៉ាងសមរម្យ ស័ក្ដិសមនឹងទីសក្ការគោរពបូជា ជាមជ្ឍមណ្ឌលសាសនាដ៏ធំបំផុតលើលោក គឺប្រាសាទអង្គររបស់កម្ពុជា។

គួរបញ្ជាក់ថា ទំព័រហ្វេសប៊ុកផេករបស់ឌីចេស្រីល្បីលំដាប់ពិភពលោករូបនេះ មានអ្នកចុចតាមដាន ដល់ទៅ ១០លាននាក់ឯណោះ។ វត្តមានប្រាសាទអង្គររបស់កម្ពុជានៅលើប្រព័ន្ធផ្សព្វផ្សាយ (Social Media) របស់ DJ SODA ក៏បានចូលរួមចំណែកឱ្យពិភពលោក កាន់តែបានស្គាល់ពីប្រទេសកម្ពុជា ពិសេសប្រាសាទអង្គរ ជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតលើលោក៕























































Account
Security
Favourite Content