ស្របពេលកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការកាត់ទោសនៅខែឧសភា ឆ្នាំ ២០២៥ តារារ៉េបអាមេរិក Sean Combs ឬ P. Diddy ថ្មីៗនេះបានរងបណ្ដឹងចោទប្រកាន់ចំនួន ៦បន្ថែមទៀតពាក់ព័ន្ធការរំលោភ និងបៀតបៀនផ្លូវភេទ ដោយភាគដើមបណ្ដឹងថ្មីៗនេះមានទាំងបុរស និងស្ត្រី។

កាលពីថ្ងៃទី ១៤ ខែតុលា លោក Tony Buzbee ជាមេធាវីតំណាងឱ្យជនរងគ្រោះជាង ១២០ នាក់រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ដែលបានចោទប្រកាន់ ផលិតករចម្រៀងរូបនេះពីបទរំលោភផ្លូវភេទ និងការបំពានផ្សេងៗទៀត បានឱ្យដឹងថាជនរងគ្រោះទើបដាក់ពាក្យបណ្ដឹងចុងក្រោយមានបុរសចំនួន ៤ នាក់ និងស្ត្រី ២ នាក់។ ដោយមិនបានបង្ហាញអត្តសញ្ញាណ ជនរងគ្រោះទាំងនោះបានចោទប្រកាន់ថាពួកគេត្រូវបានគេរំលោភបំពានផ្លូវភេទ និងកេងចំណេញផលប្រយោជន៍ដោយ Diddy ក្នុងពេលខុសៗគ្នាពីចន្លោះឆ្នាំ ១៩៩៥ រហូតដល់ឆ្នាំ ២០២១។
សារព័ត៌មានអាមេរិកបានលាតត្រដាងព័ត៌មានលម្អិតមួយចំនួនក្នុងឯកសារបណ្តឹង ដោយនារីរងគ្រោះម្នាក់បានបង្ហើបថា ក្នុងឆ្នាំ ២០០៤ នៅពេលដែលនាងមានអាយុ ១៩ ឆ្នាំ តារាវ័យ ៥៤ឆ្នាំរូបនេះបានអញ្ជើញនាង និងមិត្តភ័ក្ដិស្រីម្នាក់ទៀតទៅសណ្ឋាគារមួយនៅសង្កាត់ Manhattan ក្រុងញូវយ៉ក ហើយក៏បង្ខំឱ្យពួកគេផឹកស្រា និងប្រើប្រាស់គ្រឿងញៀន មុននឹងចាប់រំលោភនិងគំរាមកំហែងអាយុជីវិត។
ដោយឡែក ករណីរបស់នារីរងគ្រោះម្នាក់ទៀតបានកើតឡើងនៅក្នុងឆ្នាំ ១៩៩៥ ដោយនាងបានចោទប្រកាន់ P. Diddy ពីបទរំលោភនាងនៅក្នុងបន្ទប់ទឹកនៅឯពិធីជប់លៀងមួយក្នុងទីក្រុងញូវយ៉ក។ ក្រោយធ្វើសកម្មភាពរួច P. Diddy បានស្លៀកខោអាវរួចដើរចេញ ធ្វើដូចជាគ្មានអ្វីកើតឡើង និងបានគំរាមនាងថា “កុំប្រាប់នរណាម្នាក់អំពីរឿងនេះ មិនដូច្នេះទេ នាងនឹងបាត់ខ្លួន”។
រីឯឯកសារពីពាក្យបណ្តឹងពីជនរងគ្រោះជាបុរសម្នាក់បានចោទប្រកាន់ថា P. Diddy បានរំលោភសេពសន្ថវៈខ្លួនក្នុងឆ្នាំ ១៩៩៨ នៅពេលដែលរូបគេមានអាយុ ១៦ ឆ្នាំ។ ជនរងគ្រោះរូបនេះបាននិយាយថាខ្លួនត្រូវបានអញ្ជើញឱ្យចូលរួមពិធីជប់លៀងមួយ ហើយ P. Diddy បាននាំគេទៅបន្ទប់ឯកជន រួចចាប់ផ្ដើមធ្វើសកម្មភាពរំលោភផ្លូវភេទ ដោយប្រើអំណាចនិងពាក្យបោកបញ្ឆោតថានឹងជួយឱ្យគេបានចេញមុខក្នុងវិស័យសិល្បៈ ៕























































Account
Security
Favourite Content