យុទ្ធនាការដ៏ធំសម្បើម ដើម្បីចូលរួមប្រម៉ូតផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងស្រុក ដោយផ្តោតសំខាន់លើ សេវាកម្ម បដិសណ្ឋារកិច្ច និងតំបន់ទេសចរណ៍ដែលមាននៅលើទឹក ដីនៃខេត្តសៀមរាប ឈ្មោះថា «ស៊ីយូខេមបូឌា» (See You Cambodia) ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីរាត្រីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ ក្រោមការចូលរួមស្ម័គ្រចិត្តពី Content Creator ល្បីៗនៅកម្ពុជា ស្ថាប័នរដ្ឋ និងឯកជនរួមគ្នាជាធ្លុងមួយ នៅបរិវេណរោងភាពយន្ត Legend Cinema អូឡាំព្យាម៉ល។
Content Creator ល្បីៗកំពុងផ្ទុះការគាំទ្រលើបណ្តាញសង្គមជាច្រើនរូបរួមមានកញ្ញា ពេជ្រ ពិសី,ក្រុមJTT,លោក សុភារាជ, Q Win , កញ្ញា ពេជ្រ សួលី,លោក Jeremie ហៅពូបារាំង,លោក ធាន ទិញ, លោក ហាវ ហ៊ាង, កញ្ញា ហេង បូនីកា និង កញ្ញា លក្ខិណា យ៉ានុត រួមទាំង Doctor Sem Ratana ជាដើម បានបង្ហាញវត្តមានចូលរួមពិធីប្រកាសកម្មវិធី «ស៊ីយូខេមបូឌា» ធ្វើឱ្យបរិយាកាសកម្មវិធីរឹតតែអធិកអធមខ្លាំងឡើង។
គ្រប់គ្នាបានសម្តែងអារម្មណ៍រំភើបរីករាយចំពោះការប្រកាសជាផ្លូវការនៃកម្មវិធី «ស៊ីយូខេមបូឌា» (See You Cambodia) និងបានបង្ហាញការយល់ឃើញយ៉ាងដូច្នេះថា៖
Content Creator ពេជ្រ ពិសី «សម្រាប់ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែនដែលបានជួយចូលរួមគាំទ្រទេសចរណ៍នៅក្នុងស្រុក។ ខ្ញុំបានទៅថតវីដេអូនៅសៀមរាប ២វីដែអូ និយាយអំពីម្ហូបអាហារ និងកន្លែងស្នាក់នៅ នៅសៀមរាប។ … ខ្ញុំចាប់អារម្មណ៍ចូលរួមកម្មវិធីហ្នឹង ដោយសារខ្ញុំចូលចិត្តដើរលេងដែរ ហើយខ្ញុំក៏ចង់ support គាំទ្រតំបន់ទេសចរណ៍ក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើបាន។ …. ខ្ញុំជឿជាក់លើខ្លួនឯង ជឿជាក់លើអ្នកគាំទ្រខ្ញុំថាពួកគាត់ដឹងតែ support ហើយ ព្រោះខ្ញុំចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងស្រុក»។



Content Creator Q Win បានឲ្យដឹងថា «ខ្ញុំមានអារម្មណ៍ថា រំភើបមែនទែនដោយសារតែកម្មវិធីនេះធ្វើឡើង គឺយើងជួយតំបន់ទេសចរណ៍របស់យើងឱ្យបានធំទូលាយជាងមុន។ ពួកខ្ញុំបានជួយត្រឹមប្រម៉ូតឱ្យអ្នកមិនទាន់បានស្គាល់តំបន់ផ្សេងៗ ឱ្យពួកគាត់បានស្គាល់ ហើយខ្ញុំពិតជារំភើបមែនទែន និងសប្បាយចិត្ដក្នុងការធ្វើវីដេអូ និងចូលរួមកម្មវិធីនេះផ្ទាល់។ … ខ្ញុំធ្លាប់ plan ធ្វើពីមុនដែរ ដូចបាត់ដំបង កំពត ជាដើម ហើយដោយសារកម្មវិធីនេះជាអ្វីដែលខ្ញុំចង់ធ្វើដែរ អីចឹងទើបខ្ញុំស្ម័គ្រចិត្តជួយពួកគាត់ (ស៊ីយូខេមបូឌា) ហើយខ្ញុំរំភើបដោយសារយើងកំពុងធ្វើជួយប្រទេសជាតិយើង … ខ្ញុំនឹងទៅជិះ Zipline , ទៅមើល aquarim និង review កន្លែងញ៉ាំឆ្ងាញ់ផ្សេងៗ បែបសប្បាយៗ … អ្វីដែលខ្ញុំចង់បន្ថែមឱ្យវាកាន់តែទូលំទូលាយជាងមុន គឺខ្ញុំដាក់ subtitle អង់គ្លេស នៅពីក្រោមវីដេអូរបស់យើង ព្រោះធម្មតាបើយើងនិយាយខ្មែរ គឺសម្រាប់តែខ្មែរយើងទេ តែបើយើងដាក់ subtitle ទៀតគឺទូលំទូលាយដល់ប្រទេសគេដែរ។ …. ខ្ញុំលើកទឹកចិត្តឱ្យយុវវ័យចូលរួមកម្មវិធីនេះឱ្យបានច្រើន ព្រោះកម្មវិធីនេះវាល្អសម្រាប់យើងក្នុងនាមជាប្រជាជន ជួយលើកតម្កើងប្រទេសយើងកុំឱ្យចាញ់ជាតិសាសន៍ផ្សេងៗ»។



សមាជិកក្រុម JTT «ខ្ញុំក៏មានអារម្មណ៍ថា ប្លែកហើយសប្បាយដែរ ធម្មតាយើងជាប្រជាជនខ្មែរស្រាប់ដូច្នេះយើងដឹងពីកន្លែងទេសចរណ៍របស់យើង អ្វីដែលយើងគួរបង្ហាញទៅបរទេស កន្លែងដេក កន្លែងញ៉ាំយើងដឹងច្បាស់ ទាំងតម្លៃ កន្លែងល្អ និងឆ្ញាញ់ … ខ្ញុំសប្បាយមែនទែនដែលមានឱកាសបានធ្វើវីដេអូបង្ហាញទៅអ្នកទេសចរផងដែរ។ ខ្ញុំនឹងបង្ហាញកន្លែងដែលគេអត់ដែលគិតដល់នៅសៀមរាប … អ្វីដែលថ្មីនោះ គឺខ្ញុំព្យាយាមធ្វើលក្ខណៈ challange mission អ្វីមួយ ឱ្យវាប្លែកភ្នែក ហើយយើងអាចបង្ហាញចូលតិចតួច និងញ៉ោតបញ្ចូលនូវម្ហូប ទីតាំងដើរលេង ការរួសរាយរាក់ទាក់របស់ប្រជាជនយើងដែរ។ …. ខ្ញុំលើកទឹកចិត្តឱ្យប្រជាជនយើង ពិសេសក្មេងៗដែលគាត់ពូកែថតព្យាយាមជួយផ្សព្វផ្សាយនូវតំបន់ដើរលេងរបស់យើង ថ្ងៃនេះយើងនិយាយពីសៀមរាប ប៉ុន្តែពេលក្រោយគឺយើងធ្វើគ្រប់តំបន់តែម្តង ត្រូវតែផ្សព្វផ្សាយពិតរបស់ល្អរបស់យើង ជាពិសេសកន្លែងណាដែលយើងទៅហើយគឺអត់កោរយើង នោះយើងត្រូវតែផ្សព្វផ្សាយតែម្តង។ … សម្រាប់ Content Creator ទាំងអស់គ្នា ទាំងគេទាំងយើងគឺអត់មានចំណេញអ្វីទេ មានតែងយើងចំណាយថែម ដើម្បីផ្សព្វផ្សាយ បើយើងមានគេមើលច្រើនហើយ ហេតុអ្វីមិនផ្សព្វផ្សាយរបស់ល្អៗរបស់យើងខ្លះទៅ ខ្ញុំលើកទឹកចិត្តឱ្យ content creator ទាំងអស់គ្នាប្រូម៉ូតឱ្យច្រើនថែមទៀតនូវតំបន់ទេសចរណ៍របស់យើងផងដែរ»។



Content Creator Doctor Sem Ratana រៀបរាប់ថា«វ៉ាវ! ខ្ញុំសប្បាយរីករាយខ្លាំងមែនទែន តាមពិតខ្ញុំអត់មានគម្រោងមកទេ តែពេលគាត់ប្រាប់ថា ជាសកម្មភាពចូលរួមប្រម៉ូតវិស័យទេសចរណ៍សម្រាប់ប្រទេសយើង ជាពិសេសផ្តោតទៅលើខេត្តសៀមរាបតែម្តង គឹខ្ញុំចោលការងារទាំងអស់ ដើម្បីមកកម្មវិធីថ្ងៃនេះ ព្រោះអ្វីដែលយើងខំប្រឹងធ្វើសព្វគ្រប់បែបយ៉ាងគឹដើម្បីប្រម៉ូតវិស័យទេសចរណ៍យើងឱ្យកើនឡើង វិស័យទេសចរណ៍នេះគឺសឹងតែ ¼ នៃចំណូល GDP របស់ប្រទេសយើង ដូច្នេះបើសិនវិស័យទេសចរណ៍យើងរីកចម្រើនអត់ខុសអីពីប្រទេសដ៏ទៃទេ វាធ្វើឱ្យបងប្អូនខ្មែរយើងមានការងារធ្វើច្រើន ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍន៍សព្វគ្រប់បែបយ៉ាងទាំងអស់តែងម្តង អីចឹងខ្ញុំគិតថា វិស័យទេសចរណ៍តែមួយអាចយិតយោងវិស័យដ៏ទៃទៀតឱ្យរីកចម្រើនបានផងដេរ សំខាន់មែនទែន។
អរគុណ Content Creator ដែលចំណាយពេលវេលាក្នុងការបង្កើតមាតិកាសម្រាប់ប្រម៉ូតក្នុងកម្មវិធីមួយនេះ ខ្ញុំឃើញមានប្អូនៗខ្លះគាត់ធ្វើដំណើរចេញមកពីកន្លែងឆ្ងាយៗទៅដល់សៀមរាបដើម្បីថតធ្វើវីដេអូ ដើម្បីបង្ហោះជុំគ្នានៅថ្ងៃនេះ ខ្ញុំអរគុណមែនទែន ហើយក៏សូមចូលរួមលើកទឹកចិត្តឱ្យបងប្អូនជា content creator ដ៏ទៃទៀត ឱ្យចាប់ផ្តើមចំណាយពេលមកចូលរួមសកម្មភាពនេះទាំងអស់គ្នា … ខ្ញុំសូមនិយាយបន្តិចកន្លែងនេះ ព្រោះមានប្អូនៗអ្នកបង្កើតមាតិកាមួយចំនួនគាត់បានចំណាយលុយជិះយន្តហោះទៅប្រទេសគេដើម្បីប្រម៉ូតឱ្យប្រទេសគេទៀត ប៉ុន្តែនៅពេលក្រសួង ឬក៏អ្នកទាក់ទងវិស័យទេសចរណ៍យើងស្នើរទៅគាត់ គាត់បែរទៅជារក sponser រកលុយ ខ្ញុំគិតថា សាកគិតម្តងទៀតឡើងវិញថា អ្វីដែលយើងកំពុងធ្វើវាបានឆ្លើយតបទៅនឹងតម្រូវការ លទ្ធផលសម្រាប់បងប្អូនប្រជាពលរដ្ឋយើងឬអត់ដែលគាត់ខំប្រឹងគាំទ្រយើងជាអ្នកផលិតមាតិកា ទីបំផុតយើងទៅចាយលុយប្រទេសគេ ប្រទេសខ្លួនឯងសំណូមពរឱ្យផលិតមាតិកាទៅជាទារលុយ សាកគិតកន្លែងហ្នឹងមើល! ….
ខ្ញុំគ្រាន់តែសប្បាយចិត្តពេលឃើញពួកគាត់ចូលរួមក្នុងសកម្មភាពនានា មិនថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងងទេសចរណ៍ នាពេលបច្ចុប្បន្ន ប៉ុន្តែខ្ញុំជំរុញឱ្យប្អូនៗជំនាន់ក្រោយដែលអត់ទាន់ក្លាយជា Content creator តែកំពុងមានបំណងចង់ចូលទៅក្នុងវិស័យមួយហ្នឹង ខ្ញុំគិតថាវិស័យទេសចរណ៍គឺជារឿងល្អមែនទែន បានទាំងដំណើរកម្សាន្តបន្ធូរតានតឹងក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកមើលហើយ បានទាំងប្រូម៉ូតពី soft power របស់យើងទៀតដែលជាឧស្សាហកម្មគ្មានផ្សែង»។

លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុលផ្លូវការរបស់ Content Creator និមួយៗ ដើម្បីបានទស្សនាអូដែលបានផលិតសម្រាប់កម្មវិធី «ស៊ីយូខេមបូឌា» (See You Cambodia) ឬលោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ See You Cambodia – ស៉ីយូខេមបូឌា ដើម្បីស្វែងរកវីដេអូទាំងនោះ៕






















































Account
Security
Favourite Content