កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ តារាចម្រៀងរ៉េបស្រី Cardi B បានប្រកាសចែកផ្លូវជាមួយស្វាមីគឺលោក offset តាមរយៈការ live នៅលើគណនី Instagram ក្រោយរៀបអាពាហ៍ពិពាហ៍អស់រយៈពេល ៦ ឆ្នាំ។ យោងតាមគេហទំព័រ Billboard មុនពេលប្រកាសចែកផ្លូវគ្នា ២ សប្ដាហ៍ក៏មានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរបាន unfollowed គ្នានៅលើបណ្ដាញសង្គម Instagram ដែរ។
អំឡុងពេល live នាងបាននិយាយថា ពេលនេះនាងបាននៅលីវម្ដងទៀតហើយ នាងហាក់ដូចជាស្រពិចស្រពិលដោយមិនដឹងថាគួរប្រាប់ពិភពលោកដោយរបៀបណានោះទេ ប៉ុន្តែនាងនៅតែត្រូវប្រាប់ទៅកាន់មហាជនដដែល។ Cardi B ក៏បានបន្ថែមថានាងចង់ចាប់ផ្ដើមឆ្នាំ ២០២៤ ដោយមានភាពស្រស់ស្រាយ ហើយនាងក៏ចង់ឃើញជីវិតរបស់ខ្លួននៅពេលចាប់ផ្ដើមជាថ្មីក្នុងឆ្នាំថ្មីផងដែរ។
ថ្មីៗនេះនៅដើមខែធ្នូ តារារ៉េបស្រី Cardi B ក៏ធ្លាប់បានបង្ហោះសារនៅលើ Instagram ដោយបញ្ជាក់ថាអំពីអារម្មណ៍ធុញទ្រាន់ដែលនាងត្រូវខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃច្រើនជាងខ្លួនឯងក្នុងពេលដែលខ្លួនកំពុងមានទំនាក់ទំនងជាមួយនឹងអ្នកណាម្នាក់ ប៉ុន្តែពេលនេះនាងត្រូវគិតពីខ្លួនឯងជាមុនសិន។
ការលាតត្រដាងរបស់តារារ៉េបស្រីរូបនេះបានកើតឡើងចំពេលដែលតារាចម្រៀងរ៉េប Blueface បានបង្ហោះសារនៅលើគណនី X ចោទប្រកាន់ offset មានទំនាក់ទំនងក្រោយខ្នងជាមួយ Chrisean Rock។ ប៉ុន្ដែសារមួយនោះក៏ត្រូវបានលុបចោល ស្របពេលដែល offset ចេញមកបដិសេធចំពោះការចោទប្រកាន់។
គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទីមួយនោះទេដែល Cardi B និង Offset មានភាពរកាំរកូសក្នុងជីវិតអាពាហ៍ពិពាហ៍។ នៅក្នុងឆ្នាំ ២០២០ Cardi B ក៏ធ្លាប់បានដាក់ពាក្យប្ដឹងសុំលែងលះពី Offset បន្ទាប់ពីមានរឿងអាស្រូវផិតក្បត់ ប៉ុន្តែមិនប៉ុន្មានខែក្រោយនាងក៏បានដកពាក្យបណ្ដឹងវិញ បន្ទាប់ពី Offset បានចេញមកសុំទោសជាសាធារណៈ។ យ៉ាងណាមិញ មកដល់ពេលនេះគឺមិនទាន់មានអ្នកណាម្នាក់ចេញមកបង្ហាញហេតុផលជាក់លាក់ក្រោយការលែងលះមួយនេះនៅឡើយទេ។ ប៉ុន្តែអ្នកគាំទ្រនៅតែគាំទ្រការសម្រេចចិត្តរបស់អ្នកទាំងពីរដដែល៕