តារាចម្រៀងកូរ៉េ Kim Taehyung ឬ V ក្រុម BTS បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាមួយនឹងការអាប់ដេតនូវរូបភាពថ្មីៗជាច្រើនរបស់ខ្លួនខណៈកំពុងស្ថិតក្នុងជួរកងទ័ព។


កាលពីថ្ងៃទី ២៣ ខែកុម្ភៈ Taehyung បានចូលទៅកាន់ Instagram ដើម្បីចែករំលែកដល់អ្នកគាំទ្រនូវដំណឹងអំពីការឡើងឋានន្តរស័ក្តិរបស់ខ្លួនជាពលបាលត្រី ព្រមជាមួយរូបថតជាច្រើនសន្លឹក ដោយបានសរសេរ caption ថា៖ “ពលបាល Kim D-107 សូមធ្វើសេចក្ដីរាយការណ៍! ។ បន្ទាប់ពីរដូវរងាដ៏ពិបាក ខ្ញុំនឹងត្រលប់មកវិញដោយសុវត្ថិភាព និងមានសុខភាពល្អ ដើម្បីជួបអ្នកគ្រប់គ្នានៅនិទាឃរដូវដ៏កក់ក្តៅ!”។
ការបង្ហោះនេះបានធ្វើឱ្យអ្នកគាំទ្រមានការជ្រួលច្របល់ភ្លាមៗ ព្រោះរូបភាពទាំងអស់បានផ្តល់នូវទិដ្ឋភាពដ៏កម្រមួយចំនួននៃជីវិតរបស់ V ក្នុងជួរទាហាន។ ក្នុងរូបថតពីរសន្លឹក Taehyung បានកាន់បាច់ផ្កា ជាមួយស្នាមញញឹមដ៏ស្រស់ថ្លារំលេចលើមុខសង្ហារបស់លោក។


រូបភាពផ្សេងៗទៀតបង្ហាញពីការវិវត្តរូបរាងកាយដ៏គួរឱ្យចាប់អារម្មណ៍របស់លោក ជាលទ្ធផលនៃការហ្វឹកហ្វឺនយោធាយ៉ាងម៉ត់ចត់ និងការហាត់សាច់ដុំយ៉ាងជាប់លាប់នៅក្នុងកន្លែងហាត់ប្រាណ ព្រមទាំងពេលវេលាសម្រាកលំហែមួយចំនួនផងដែរ។





គួររំឭកថា តាមរយៈការ Live មុនពេលចូលបម្រើទ័ព Taehyung បានសន្យាជាមួយអ្នកគាំទ្រថាលោកនឹង បង្កើនទម្ងន់របស់ខ្លួនដល់ ៨៦ គីឡូក្រាម ហើយចាប់ពីពេលនោះមករាល់ការបង្ហាញរូបភាពថ្មីៗពីការវិវត្តរាងកាយរបស់គេគឺតែងតែក្លាយជាប្រធានបទក្ដៅ។
ជាក់ស្ដែងរូបថតថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងរហ័សនៅលើបណ្ដាញសង្គម ដោយជាប់ trend លេខ ១ នៅលើ X (Twitter) ទទួលបានការ like លើ IG ដល់ ១២ លាន និងបានជាប់ក្នុងចំណោមប្រធានបទពេញនិយមទាំង ១០ នៅលើ Weibo ដែលជាបណ្ដាញសង្គមដ៏ធំបំផុតរបស់ប្រទេសចិន។
នៅសល់តែជាង ១០០ ថ្ងៃទៀតប៉ុណ្ណោះ Taehyung នឹងដល់កំណត់ចាកចេញពីជួរកងទ័ព ខណៈអ្នកគាំទ្រទន្ទឹងការវិលត្រលប់របស់លោកកាន់តែច្រើនដូចគ្នា។ បច្ចុប្បន្ន តារាប្រុសវ័យ ២៩ ឆ្នាំរូបនេះកំពុងបម្រើការនៅក្នុងអង្គភាពបេសកកម្មពិសេសរបស់ប៉ូលីសយោធា ហើយត្រូវបានរំពឹងថានឹងបញ្ចប់កាតព្វកិច្ចយោធានៅខែមិថុនា ឆ្នាំ ២០២៥ ៕

























Account
Security
Favourite Content