កម្មវិធីបុណ្យភូមិមានជើង ដែលនឹងប្រព្រឹត្តធ្វើនៅខេត្តក្រចេះនៅថ្ងៃទី១៧ ១៨ ១៩ ខែវិច្ឆិកាខាងមុខនេះ បានទទួលកិច្ចសហការពី យូនីសេហ្វ ក្នុងគោលបំណងរួមគ្នាដើម្បីអបអរសាទរទិវាកុមារពិភពលោក។ ទិវាកុមារពិភពលោក គឺជាទិវានៃសកម្មភាពសម្រាប់កុមារ ដោយកុមារ។ ទិវាកុមារពិភពលោករំលឹកដល់ខួបនៃការអនុម័តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដោយក្នុងនោះដែរ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២។
ជាផ្នែកមួយនៃការចូលរួមអបអរទិវាកុមារពិភពលោក បុណ្យភូមិមានជើងបានរៀបចំការហ្វឹកហាត់ដល់ ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ដោយបានអញ្ជើញវាគ្មិនកិត្តិយសជាច្រើន មកផ្តល់ចំណេះដឹង និងបទពិសោធ ក្រោមប្រធានបទផ្សេងៗដែលទាក់ទងនឹងអាជីវកម្ម ការធ្វើការងារជាក្រុម ការរកខ្លួនឯងមុនរកអាហារូបករណ៍។



ជាពិសេសទៀតនោះ យូនីសេហ្វ និងបុណ្យភូមិមានជើង នឹងសហការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងលើប្រធានបទ សុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ ការប្រែប្រួលអាកាសធាតុ និងការអភិរក្សបរិស្ថាន ជូនដល់ឡេឡេផ្សោតប្រមាណជាង ១០០ នាក់ និងបងប្អូនដែលនឹងមកចូលរួមកម្មវិធីបុណ្យភូមិមានជើងយើងខាងមុខនេះ នៅក្នុងបរិវេណវត្តរកាកណ្តាល ខេត្តក្រចេះ។

សូមរំលឹកថា នេះជាលើកទីមួយហើយដែលមហោស្រពសិល្បៈបុណ្យភូមិ បាននឹងកំពុងរៀបចំកម្មវិធីតាមបណ្តាខេត្ត ឈ្មោះថាបុណ្យភូមិមានជើង ដែលជាអនុមហោស្រពសិល្បៈ នៃមហោស្រពសិល្បៈបុណ្យភូមិ (ប្រារព្ធខួប ១០ឆ្នាំ នៅឆ្នាំ ២០២៣) ដែលបានបង្កើតឡើងនិងរៀបចំដោយ ភ្លើងគប់ដែលនឹងពង្រីកដល់គ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា។
កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តទៅបានដោយមានកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយបារមី និង គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០ នាក់៕




















































Account
Security
Favourite Content