សមាជិកកូនបងក្នុងក្រុម BLACKPINK គឺ Jisoo បានឈានចូលវ័យ ៣០ ឆ្នាំហើយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ជាមួយនឹងជោគជ័យគួរជាទីពេញចិត្ត ក្រោយការខិតខំតស៊ូលើវិថីសិល្បៈរយៈពេលជាច្រើនឆ្នាំ។

កើតនៅទីក្រុងសេអ៊ូល នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៩៥ Jisoo មានក្តីស្រមៃចង់ក្លាយជាអ្នកសិល្បៈតាំងពីកុមារភាព។ ដំណើរលើវិថីសិល្បៈរបស់នាងបានចាប់ផ្ដើមពិតប្រាកដនៅឆ្នាំ២០១១ នៅពេលដែលនាងបានជាប់ Audition និងក្លាយជាអ្នកហ្វឹកហាត់ក្នុងក្រុមហ៊ុន YG Entertainment។ មុនបង្ហាញមុខផ្លូវការក្នុងក្រុម BLACKPINK នាងបានចេញមុខថតពាណិជ្ជកម្មមួយចំនួន និងជាតារាសម្ដែងរាយរងក្នុងរឿងភាគ “The Producer” កាលពីឆ្នាំ២០២១៥ រួមជាមួយសិស្សច្បង Sandara Park ពីក្រុម 2NE1។
ក្រោយឆ្លងកាត់ការហ្វឹកហាត់ស្វិតស្វាញរយៈពេល ៥ឆ្នាំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ Jisoo បានបង្ហាញខ្លួនជាសមាជិកក្រុម BLACKPINK រួមជាមួយនឹង JENNIE, ROSÉ និង LISA ជាមួយអាល់ប៊ុមដំបូងមានចំណងជើងថា Square One ហើយក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាព និងភាពជោគជ័យយ៉ាងខ្លាំងជាអន្តរជាតិ។


ក្នុងឆ្នាំ២០២២ Jisoo បានចូលសម្ដែងជាតួឯកដំបូងក្នុងរឿងភាគមនោសញ្ចេតនា “Snowdrop” មុនពេលចេញអាល់ប៊ុមទោលដំបូងមានចំណងជើងថា “ME” ក្នុងខែមីនា ឆ្នាំ ២០២៣ ព្រមទាំងបានបំបែកកំណត់ត្រាជាតារាស្រីទោលខេប៉ុបដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចលក់អាល់ប៊ុមបានលើសពីមួយលានបន្ទះក្នុងសប្តាហ៍ដំបូង។
បច្ចុប្បន្ន Jisoo បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ BLISSOO ដើម្បីគ្រប់គ្រងការងារទោលរបស់ខ្លួន និងនៅតែរក្សាឈ្មោះជាសមាជិករបស់ BLACKPINK ដោយផ្តោតជាសំខាន់លើការងារសម្តែង។ ខែកុម្ភៈខាងមុខនេះ នាងនឹងបញ្ចេញស្នាដៃភាពយន្តភាគ Zombie មានចំណងជើងថា Newtopia ព្រមទាំងស្នាដៃសម្ដែងមួយចំនួនទៀតជាបន្តបន្ទាប់។ សម្រាប់តួនាទីក្នុងឧស្សាហកម្មម៉ូដ Jisoo ត្រូវបានគេចាត់ទុកជាស្ត្រីមានឥទ្ធិពលខ្លាំងមួយរូប ខណៈត្រូវបានតែងតាំងជាទូតផ្សព្វផ្សាយសកលសម្រាប់ម៉ាកប្រណីត Dior, Cartier និងម៉ាកល្បីៗមួយចំនួនទៀត។

មិនត្រឹមតែជាតារាស្រីដែលមានសំឡេងពីរោះ រូបសម្រស់ស្រស់ស្អាត និងពោរពេញដោយទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែ Jisoo ក៏មានអត្តចរិតរួសរាយ យកចិត្តទុកដាក់អ្នកដទៃ និងចូលចិត្តបង្កើតស្នាមញញឹមឱ្យអ្នកជុំវិញខ្លួនជានិច្ច ដែលនេះហើយជាមូលហេតុធ្វើឱ្យនាងក្លាយជាសំណព្វចិត្តរបស់មិត្តរួមក្រុម និង BLINKs ដែលជាអ្នកគាំទ្រជុំវិញពិភពលោក។ នៅថ្ងៃខួបកំណើតរបស់ខ្លួនកាលពីឆ្នាំ២០២៣ Jisoo បានបង្កើតឆានែលយូធូបផ្ទាល់ខ្លួន ដោយនិយាយថាចំណូលទាំងអស់ដែលរកបានពីឆានែលនោះ គឺនាងបរិច្ចាគឱ្យអង្គការសប្បុរសធម៌ទាំងអស់។ តាមការសន្យា នៅឆ្នាំ២០២៤ Jisoo បានបរិច្ចាគប្រាក់ចំណូលទាំងអស់ពី YouTube របស់នាងជួយដល់អង្គការ Save The Children ជាអង្គការក្រៅរដ្ឋាភិបាលដែលយកចិត្តទុកដាក់ និងជួយដល់សិទ្ធិកុមារអន្តរជាតិ ៕

























Account
Security
Favourite Content