មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Amazon និងក្រុមហ៊ុនយានអវកាស Blue Origin លោក Jeff Bezos និងស្នេហាក្រោយគឺអ្នកកាសែតស្រី Lauren Sanchez បានចាប់ផ្ដើមរៀបចំមង្គលការរបស់ពួកគេនៅថ្ងៃទី២៦ ខែមិថុនានេះហើយ ខណៈមានសេចក្ដីរាយការណ៍ថាមង្គលការទាំងមូលអាចចំណាយដល់ខ្ទង់ ៥០ លានដុល្លារ។

កាលពីល្ងាចថ្ងៃពុធ ទី២៥ ខែមិថុនា Jeff Bezos ជាមួយគូដណ្តឹង Lauren Sanchez ត្រូវបានគេឃើញចាកចេញពីសណ្ឋាគារប្រណីតមួយនៅទីក្រុង Venice ខណៈពួកគេកំពុងត្រៀមខ្លួនសម្រាប់ពិធីមង្គលការលំដាប់ VIP រយៈពេល ៣ ថ្ងៃនៅទីក្រុងដៃសមុទ្រនៃប្រទេសអ៊ីតាលីនេះ។
យន្តហោះឯកជនប្រហែល ៩០ គ្រឿង គ្រោងនឹងចុះចតនៅអាកាសយានដ្ឋានទីក្រុង Venice ក្នុងសប្តាហ៍នេះ ដោយនាំយកនូវភ្ញៀវកិត្តិយសលំដាប់ A ជាច្រើនរូបមានតាំងពីអ្នកជំនួញ អ្នកសិល្បៈ អ្នកនយោបាយ និងបុគ្គលល្បីៗក្នុងវិស័យផ្សេងៗទៀត។ ផ្អែកតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Reuters ពិធីមង្គលការដ៏ធំប្រចាំសតវត្សរ៍នេះត្រូវបានគេវាយតម្លៃថានឹងចំណាយប្រាក់អស់ចន្លោះ ៤៦ ដល់ ៥៦ លានដុល្លារអាមេរិក។
ប្រភពជិតស្និទ្ធនឹងអ្នករៀបចំកម្មវិធីបានប្រាប់ថា កម្មវិធីនឹងចាប់ផ្តើមនៅយប់ថ្ងៃព្រហស្បតិ៍ជាមួយនឹងការជួបជុំគ្នានៃបរិវេណខាងក្រៅព្រះវិហារ Madonna dell’Orto ដែលត្រូវបានគេស្គាល់ផងដែរថាជាកន្លែងកម្សាន្តពេលរាត្រីដ៏រស់រវើក។

កាលពីថ្ងៃពុធ សាលាក្រុង Venice បានចេញសេចក្តីណែនាំមួយ ដោយបិទតំបន់នេះមិនឱ្យមានការជ្រៀតចូលពីសកម្មជនដែលបានតវ៉ាជាច្រើនសប្តាហ៍ថាការប្រារព្ធពិធីមង្គលការនេះនឹងប្រែក្លាយទីក្រុងនេះទៅជាទីកម្សាន្តឯកជនសម្រាប់អ្នកមាន។
ស្របពេលមានការរិះគន់ អភិបាលនៃតំបន់ Veneto ដែលរួមមានទីក្រុង Venice ដែរបាននិយាយថា Bezos និង Sanchez បានបរិច្ចាគប្រាក់ចំនួន ៣ លានអឺរ៉ូដល់ស្ថាប័នក្នុងស្រុកចំនួនបីគឺ៖ CORILA ជាសមាគមសិក្សាដែលសិក្សាពីប្រព័ន្ធអេកូឡូស៊ី ការិយាល័យក្នុងតំបន់របស់ UNESCO និងសាកលវិទ្យាល័យ Venice International ។
សូមរំឭកថា មហាសេដ្ឋីវ័យ ៦១ ឆ្នាំ Bezos និងគូដណ្ដឹងវ័យ ៥៥ ឆ្នាំបានភ្ជាប់ពាក្យជាមួយគ្នានៅឆ្នាំ ២០២៣។ យ៉ាងណាមិញ ទំនាក់ទំនងរបស់ពួកគេត្រូវបានលេចឮតាំងពី ៤ ឆ្នាំមុន ភ្លាមៗបន្ទាប់ពី Bezos និងភរិយាមុនរបស់លោកឈ្មោះ Mackenzie Scott បានប្រកាសលែងលះគ្នាក្រោយរៀបការបាន ២៥ ឆ្នាំ ៕
























Account
Security
Favourite Content