តារាសម្ដែងអាមេរិក Angelina Jolie បានបង្ហាញក្ដីបារម្ភថាកូនស្រីចិញ្ចឹមរបស់ខ្លួន Zahara ក៏ដូចជាកុមារមិនមែនជនជាតិស្បែកសដទៃទៀតអាចនឹងត្រូវបានគេធ្វើរោគវិនិច្ឆ័យខុសពេលទៅជួបពេទ្យ ព្រោះប្រព័ន្ធសុខាភិបាលយកចិត្តទុកដាក់តែមនុស្សស្បែកស។
តាមរយៈអត្ថបទមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Nursing កាលពីថ្មីៗនេះ តារាសម្ដែង Angelina Jolie បានបរិហារអំពីការផ្ដល់អាទិភាពចំពោះមនុស្សស្បែកសក្នុងការថែទាំសុខភាពលើសមនុស្សដែលមានស្បែកសម្បុរផ្សេង។ អ្នកស្រីជឿថា បញ្ហានេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សជាច្រើន ជាពិសេសកុមារៗ។

តារាស្រីដែលមានកូនចិញ្ចឹមជនជាតិខ្មែរម្នាក់ដែរបាននិយាយថា៖ “ក្នុងនាមជាម្តាយរបស់កូនដែលមានជាតិសាសន៍ជាច្រើន ខ្ញុំបានឃើញថាកូនរបស់ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យខុស ដែលធ្វើឲ្យសុខភាពរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់”។
តួឯករឿង “Maleficent” បានចែករំលែកអំពីបច្ចេកវិទ្យាថ្មីដែលអាចជួយឱ្យឃើញស្នាមជាំនៅលើមនុស្សដែលមានស្បែកខ្មៅ ដោយប្រើពន្លឺជំនួសដើម្បីរកមើលស្នាមជាំនៅលើស្បែកពួកគេ និងសង្កត់ធ្ងន់ថាបច្ចេកទេសនេះគឺ “មានប្រសិទ្ធភាពជាងការពិនិត្យធម្មតាប្រាំដង” ។
និយាយអំពីបទពិសោធន៍មិនល្អទាក់ទងនឹងការពិនិត្យមើលស្នាមជាំនៅលើស្បែកនេះ អ្នកស្រី Jolie បានរំឭកពីករណីកូនស្រីចិញ្ចឹមរបស់នាង Zahara (ជនជាតិអេត្យូពី) ដែលត្រូវបានគិលានុបដ្ឋាយិកាបកស្រាយខុស។

អ្នកស្រីរៀបរាប់ថា៖ “ទោះបីជាគ្រួសាររបស់ខ្ញុំទទួលបានការថែទាំដែលមានគុណភាពខ្ពស់ក៏ដោយ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យសាមញ្ញៗបែរជាមានចន្លោះប្រហោងដោយសារតែលក្ខខណ្ឌរាងកាយរបស់អ្នកមានស្បែកខ្មៅគឺខុសពីជនជាតិស្បែកស ហើយក្នុងវិស័យសុខាភិបាល គេយកចិត្តទុកដាក់លើអ្នកស្បែកសជាង។ ភាពខុសគ្នានៃការថែទាំសុខភាពបានធ្វើឱ្យប៉ះពាល់ដល់លទ្ធផល មនុស្សរាប់លាននាក់ ហើយវាដល់ពេលហើយដែលត្រូវទទួលយកដំណោះស្រាយថ្មី ដើម្បីដោះស្រាយបញ្ហានេះទាំងស្រុង”។
មិនត្រឹមតែជាតារាសម្តែងហូលីវូដជួរមុខប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី Jolie ក៏ត្រូវបានគេស្គាល់ថាជាសប្បុរសជន និងជាសកម្មជនដ៏សកម្មផងដែរ។ ក្រៅពីបញ្ហារើសអើងជាតិសាសន៍ អតីតភរិយា Brad Pitt ក៏បាននិយាយការពារជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ហើយថ្មីៗនេះ អ្នកស្រីបានធ្វើយុទ្ធនាការយ៉ាងសកម្មដោយមានបំណងចង់បន្តច្បាប់ស្តីពីអំពើហិង្សាលើស្ត្រី។
ថ្លែងទៅកាន់ NBC News អ្នកស្រី Jolie បាននិយាយថា៖ “យើងត្រូវមើលថែគ្រួសាររបស់យើង កូនរបស់យើង សុវត្ថិភាពផ្ទាល់ខ្លួន និងសុខភាពរបស់សហគមន៍។ ខ្ញុំគិតថាមនុស្សជាច្រើនមិនបានដឹងថាបញ្ហានៃអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើស្ត្រី និងកុមារកំពុងកើតមានធ្ងន់ធ្ងរប៉ុណ្ណានោះទេ” ៕
























































Account
Security
Favourite Content